ភ្នំពេញ៖បើទោះបី លោក មាស សុខរតនៈ អ្នកចាត់ការទូទៅក្នុងផលិតកម្ម Town និយាយថា៖ ” គាត់(ណាំ ប៊ុណ្ណារ័ត្ន)ទើបសុំឈប់ពី Town ហើយគាត់ទៅផលិតកម្មចាស់វិញ នោះគឺផលិត M ”។ លោកបានបន្ថែមទៀតថា រឿងនេះ ខាងសាម៉ីខ្លួន ជាអ្នកសុំចាកចេញ ផ្ទាល់ ដោយមិនមានបញ្ហារកាំរកូសអ្វី ជាមួយនឹងផលិតកម្មឡើយ ។ តែជុំវិញបញ្ហានេះ មានមតិជាច្រើនបានយល់ឃើញថា វាមិនដូច អ្វីដែល លោក មាស សុខរតនៈ ថានោះទេ ផលិតកម្ម ថោនជាផលិតរីកច្រើន នាពេលបច្ចុប្បន្ន ចាំបាច់អី ដែលត្រូវ ណាំ ប៊ុណ្ណារ័ត្ន វិលទៅកាន់ទ្រនំចាស់វិញ នោះ ដោយក្នុងនោះមានហេតុផលពីរ គឺ ទី ១ ខាងផលិតកម្ម បិទបទចម្រៀង មិនឲ្យ តារាចម្រៀងនេះច្រៀង បើទោះបីអ្នកចាត់ការទូទៅខាងលើ បានអះអាងថា បទទាំងអស់ ណាំ ប៊ុណ្ណារ័ត្ន ជាអ្នកកាន់ ។ ចំណុចនេះគេយល់ឃើញថា កាន់បានតែកាន់ រួចចែកចាយឲ្យអ្នកដទៃច្រៀង ដោយមានចំណាត់ការពីថ្នាក់លើ ចឹងដដែល ពោលគឺខ្លួនអត់ ។
ចំណុចទី ២ រាល់បទចម្រៀងដែលចេញសារក្រោយ មានតែឈ្មោះអ្នកនិពន្ធបទភ្លេង ឈ្មោះ ដា ពោលគឺទន្ទឹមនឹង ណាំ ប៊ុណ្ណារ័ត្នបាត់មុខលើថាសចម្រៀង Town គេក៏មិនបានឃើញ តារារូបនេះ និពន្ធបទភ្លេងទៀតដែរ ដោយមានឈ្មោះតែ អ្នកនិពន្ធបទភ្លេង ដា តែប៉ុណ្ណោះ ។ នេះហើយជារឿងដែលធ្វើឲ្យ ណាំ ប៊ុណ្ណារ័ត្ន កាន់តែឃ្លាតឆ្ងាយ និងមិនមានវត្តមានរាល់វ៉ុលរបស់ផលិតកម្ម ថោន បើមិនបានច្រៀង បោះតែចម្រៀងឲ្យធ្វើសាច់ភ្លេងទៅ ជាការស្រេចហើយ នោះ គាត់នឹងមិនចាកចេញទេ ។ ដោយសាតែបញ្ហានេះ ធ្វើឲ្យ ណាំ ប៊ុណ្ណារ័ត្ន ចាកចេញទៅកាន់ទ្រនំចោន ដោយស្ពាយទាំងទុក្ខសោក ទៅជាមួយផង ។ នេះវាមិនខុសពី ភាសាបណ្តេញឡើយ ទុកឲ្យនៅតែមិនប្រើ ។
ការវិលទៅកាន់ទ្រនំ M ដែលជាទ្រនំខ្លួនល្បីល្បាញ គេសង្ឈឹមថា ណាំ ប៊ុណ្ណារ័ត្ន នឹងស្តារកេរ្តិ៍ឈ្មោះសារជាថ្មី ខណៈដែលចេញអាលប៊ុមរួមគ្នាជាមួយនឹងកញ្ញា តេង លក្ខិណា ៕
មតិយោបល់