ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង​ខ្នាត​ធំ លំដាប់​អន្តរជាតិ “​ព្រលឹង​៧​ថ្ងៃ​” ប្រើ​តួល្បីៗ​ជាច្រើន​រូប​​នឹង​ចូល​រួម​ប្រជែង​ពានរង្វាន់​ខ្សែភាពយន្ត​អាស៊ី​

​ភ្នំពេញ​៖ រឿង​ខ្នាត​ធំ លំដាប់​អន្តរជាតិ “​ព្រលឹង​៧​ថ្ងៃ​” ដែល​ផលិត​ដោយ​ផលិតកម្ម​កូន​ខ្មែរ Rich Kids Media និង រួមសហការ​ជាមួយនឹង​ក្រុមហ៊ុន T.I.C ហើយ​និង​ដៃគូ​សហការ​ពីរ​ប្រទេស​ផ្សេង​គ្នា​ទៀត គឺ ថៃ និង ម៉ាឡេស៊ី ដែល​ត្រៀម​នឹង​វាយលុក​ទីផ្សារ​នៅ​ពេល​ខាងមុខ ខណៈ​ដែល​សាច់រឿង​ថត​បាន ៩៥ ភាគរយ​ហើយ​នោះ ។​

​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប របស់​ផលិតកម្ម Rich Kids Media ដែល​មិន​ចាញ់​រឿង បរទេស​ផ្សេងៗ ជាពិសេស​តួ​ខ្មោច​ត្រូវបាន​តុបតែង ដូច​ខ្មោច​បេះ​បិទ ដែល​ប្រើ​បច្ចេកវិទ្យា​លោកខាងលិច និង គំនិត​ច្នៃប្រឌិត​របស់ខ្លួន បាន​ធ្វើឲ្យ ផ្ទៃរឿង​ទាំងមូល​រន្ធត់ ព្រឺ​ព្រួច សើច​ក៏​សើច អប់រំ​ក៏​អប់រំ ។​
Rikid Media
​រឿង​ខ្មោច​បែប​កំប្លែង បង្កប់ន័យ​អប់រំ “​ព្រលឹង​៧​ថ្ងៃ​” ផលិត​អស់​ថវិកា​រាប់​ម៉ឺន​ដុល្លារ ដោយមានតួសម្ដែងល្បីៗ​ដូច​ជា ​លោក ទេព រិនដា​រ៉ូ នាង​ខ្ញុង កញ្ញា នី​មុន្នីនាថ កញ្ញា សុទ្ធ ពេញ​បរ​មី និង​តួ​ល្បីៗ១៥នាក់ផ្សេង​ទៀត។​

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​យើង តាមរយៈ​ទូរស័ព្ទ កាលពី​ព្រឹក​មិញ​នេះ លោក ជួន សុវណ្ណ​វាសនា ដែល​ជា​ម្ចាស់​ភាគហ៊ុន ផលិតកម្ម Rich Kids Media បានឲ្យដឹងថា “​រឿង​នេះ​ដែរ យើង​កំពុងតែ​រៀបចំ​ជិត​ហើយៗ ក្នុងនោះ​យើង​ថត​បានសម្រេច ៩៥ ភាគរយ និង​សល់​ចំណុច​តិច​តូច​តែប៉ុណ្ណោះ ហើយ​ត្រៀម​នឹង​វាយលុក​ទីផ្សារ អាច​ក្រោយ​បុណ្យ​អ៊ំ​ទូក ឬ រើស​ពេលវេលា​ល្អ​មួយ ដែល​អាច​ដាក់​បញ្ជាំង តែ​មិន​អាច​កំណត់​ថ្ងៃ​បញ្ជាំង​នៅឡើយ ។ លោក​បន្ត​ទៀត​ថា រឿង​ខ្មោច​បែប​កំប្លែង ព្រឺ​ព្រួច សើច​ចុកពោះ​នេះ មាន​តួ​ប្រុស​ស្រី​ចូលរួម​ថតជាច្រើន​នាក់ ដោយ​ប្រើ​រយៈពេលថតប្រមាណជា ៥ខែ ភាគច្រើន​ប្លង់​ថត​ប្រើ​ពេល​យប់ ដោយ​ជួប​ផល​លំបាក​ច្រើន​ក្នុង​ការថត ។ លោក​បាន​បន្ថែមទៀតថា រឿង​នេះ​ដែរ​ខុសពី​រឿង​ផ្សេងៗ ព្រោះថា វា​បាន​បញ្ចូល​បច្ចេកវិទ្យា​បែប សឺរ៉ុន​សោន (Surround sound) ដោយ​សំលេង​ព្រឺព្រួច​នៅ​ជ្រុង​ណា​មួយ នៃ​រោងកុន និង​ប្រើ​បច្ចេកវិទ្យា 3D តិច​តូច​បំផុត ដោយ​មិន​ចាញ់​រឿង​ហូ​លី​វ៉ូត​ប៉ុន្មាន​ឡើយ ” ។​

​រំឭក​ផងដែរ​ថា ​រឿង “​ព្រលឹង​៧​ថ្ងៃ​” នេះ គឺជា​សាច់រឿង​មួយ សម្រិត​សម្រាំង ក្នុង​ការថត ដើម្បី ទុក​ប្រកួត ក្នុង​ពានរង្វាន់​ខ្សែភាពយន្ត អាស៊ី នៅពេល​ខាងមុខ ។​
​ជា​ចុងក្រោយ​លោក ជួន សុវណ្ណ​វាសនា បាន​ថ្លែងឲ្យដឹងថា “​ការចូលរួម​ចំណែក​ទ​ស្សនា រឿង​ខ្មោច​បែប​កំប្លែង​របស់​ទស្ស​និក​នៅពេល​ខាងមុខ គឺជា​ការចូលរួម​បរិច្ចាគ​ទឹកប្រាក់​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ជា ជាមួយនឹង​ផលិតកម្ម Rich Kids Media ” ។​

​តើ​លោក​អ្នក​ពិតជា​មិន​អាច​រងចាំ​ទស្សនា​មែន​ទេ ? ហើយ​ចូលរួម​ទស្ស​ទាយ​ទាំងអស់គ្នា​ថា សាច់​រឿង​ដ៏​ល្អ សម្រាប់​ប្រកួត ពានរង្វាន់​ខ្សែភាពយន្ត អាស៊ី ផលិត​អស់​ខ្ទង់​ប៉ុន្មាន​ម៉ឺន​ដុល្លារ​ដែរ ?

មតិយោបល់