ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ គ្មានសម្ពាធណាផ្សេងទៀត មកដាក់បន្ថែមលើកម្ពុជានោះទេ ដោយគ្រាន់តែកម្ពុជាមានទំនាក់ទំនងជាមួយចិន

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា គ្មានសម្ពាធណាមួយ ដាក់ទណ្ឌកម្មលើកម្ពុជា ដោយគ្រាន់តែកម្ពុជាមានសេរីភាព ក្នុងការធ្វើទំនាក់ទំនងជាមួយ ចិន នោះទេ។

ការថ្លែងបែបនេះរបស់សម្តេចតេជោហ៊ុនសែន បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីទណ្ឌកម្មរបស់ខ្លួន មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាសមិនលក់អាវុធមកឱ្យប្រទេសកម្ពុជា ដោយចោទរាជរដ្ឋាភិបាលកម្ពុជា រំលោភសិទ្ធិមនុស្ស និងមាន ទំនាក់ទំនងស្អិតល្មួតជាមួយចិន។

ថ្លែងក្នុងពិធីបើកសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំនួយរបស់មិត្តចិន មិនមែនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប៉ុណ្ណោះទេ ប៉ុន្ដែជំនួយនេះ ក៏បានជួយដល់ការពង្រឹង ឯករាជ្យ អធិបតេយ្យភាព ខាងនយោបាយរបស់កម្ពុជា ផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា គ្មានសម្ពាធណាផ្សេងទៀត មកដាក់បន្ថែមលើកម្ពុជានោះទេ ដោយគ្រាន់តែកម្ពុជាមានទំនាក់ទំនងជាមួយចិននោះ ។

« ខ្ញុំសង្ឃឹមថា មិនមានសម្ពាធណាផ្សេងទៀត ដែលតម្រង់ឆ្ពោះមកដាក់ទណ្ឌកម្មមកលើកម្ពុជា ដែលគ្រាន់តែកម្ពុជាមានសេរីភាព ក្នុងការធ្វើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន នោះទេ ។ ពិតណាស់ហើយថ្ងៃនេះ អ្នកខ្លះអាចលើកឡើងថា វាជាការផ្គើនជាមួយ បទបញ្ជាពីខាងក្រៅ ដែលហាមឃាត់ទាក់ទងរវាង កម្ពុជា ជាមួយចិន ដែលយើងធ្វើពិធីដ៏អធិកធមមួយ ទោះបីក្រោមសម្ពាធកូវីដក៏ដោយ » ។

សូមបញ្ជាក់ថា វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយទទួលបានថវិកាជាជំនួយឥតសំណងសម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លារ។ វិមានកីឡដ្ឋាននេះ បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រក្រឡា គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំ​ព្រឹត្តិការណ៍ ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ៕

មតិយោបល់