កំពង់ឆ្នាំង៖ដោយសារតែការធ្វេសប្រហែសរបស់ម្តាយ បានបណ្តាលអោយកុមារាអាយុ២ឆ្នាំម្នាក់ធ្លាក់ទឹកលង់ស្លាប់នៅក្បែរសសរមុខផ្ទះរហូតដល់អណ្តែតទឹកទៅហើយទើបគេដឹង។ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ ២០១៤នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលឪពុកម្តាយមិននៅផ្ទះ និងគ្មាននរណាបានឃើញ។
មន្ត្រីនគរបាលមូលដ្ឋានបាននិយាយអោយដឹងថាៈ កុមារារងគ្រោះនេះមានឈ្មោះ ជី អូ អាយុ២ឆ្នាំ មានឪពុកឈ្មោះ កែវ សារ៉ាយ ហៅម៉ៅ អាយុ៣២ឆ្នាំធ្វើការនៅភ្នំពេញ ម្តាយឈ្មោះ អន ស្រីធូ អាយុ២៨ឆ្នាំ គ្រួសារនេះមានតែកូនប្រុសម្នាក់នេះប៉ុណ្ណោះ។
មុនពេលកើតហេតុ គ្មានអ្នកណាបានឃើញក្មេងប្រុសនោះធ្លាក់ទឹកទេ ប៉ុន្តែនៅម៉ោងជាង៣និង៣០នាទីរសៀល ពេល ក្មេងប្រុសនោះស្លាប់អណ្តែតទឹកផុសឡើងក្បែរសសរមុខផ្ទះទៅហើយទើបមានការឆោឡោឡើងហើយបានស្រង់ក្មេងនោះ។ដោយមានការសង្ស័យថានៅរស់ ស្ត្រីជាម្តាយ និងក្រុមគ្រួ សារបាននាំយកក្មេងនោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត តែពេលដល់គ្រូពេទ្យបានប្រាប់ថាក្មេងនោះបានស្លាប់ទៅហើយ ធ្វើអោយស្ត្រីជាម្តាយស្លុតចិត្តខ្លាំងពេកបានដួលសន្លប់នៅមន្ទីរពេទ្យ ចំណែកសពកេ្មង
ប្រុសរងគ្រោះបានសាច់ញាតិដឹកយកមកតំកល់ទុកក្នុងលំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ជីតាក្មេងប្រុសខាងលើនេះបាននិយាយអោយដឹងថា៖ផ្ទះដែលក្មេងប្រុសរងគ្រោះរស់នៅគឺជាផ្ទះ
លិចទឹកជារៀងរាល់ឆ្នាំក្នុងរដូវវស្សា។នៅរៀងរាល់ថ្ងៃ គាត់តែងឃើញចៅប្រុសគាត់នៅលេងក្បែសសរ
មុខផ្ទះ ដោយវាចេះតែយកដីរោយទម្លាក់ចុះទៅក្នុងទឹក និងជួនកាលមានរបស់អ្វីដែលអាចអោយត្រីស៊ី
បានវាយកទម្លាក់ចូលទឹកមើលត្រីចង្វាមកចឹកស៊ីលេង។ពេលណាដែលគាត់បានដើរកាត់មុខផ្ទះគាត់ឃើញចៅលេងដូច្នោះ ក៏ទៅចាប់លើបីវាដាក់ចូលទៅក្នុងផ្ទះ ហើយប្រាប់ឪពុកម្តាយវាអោយមើលកូនប្រយ័ត្នធ្លាក់ទឹក។នៅថ្ងៃកើតហេតុគាត់មិនបានដឹងថាៈ ចៅគាត់ធ្លាក់ទឹករបៀបណានោះទេ តែបើតាមការសន្និដ្ឋាននិងពិនិត្យមើលស្នាមដីដែលជាកន្លែងវាធ្លាប់លេងគឺវាលេងដូចសព្វដងអញ្ចឹង ហើយក៏រអិលធ្លាក់ចូលទឹកគ្មានអ្នកណាបានឃើញក៏លង់ស្លាប់បែបនេះតែម្តង ។
លោកអភិបាលខេត្តកំពង់ឆ្នាំងធ្លាប់មានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដែលលោកបានទៅប្រជុំនិងធ្វើការងារផ្សេងៗថា៖ សូមបងប្អូនប្រុងប្រយ័ត្នក្នុងរដូវទឹកឡើងនេះការពារកូនចៅកុំអោយធ្លាក់ទឹកលង់ស្លាប់។ពេលនេះនៅសល់ប្រហែលជាងមួយខែទៀតទេ ទឹកនឹងស្រកផុតទៅវិញហើយ សូមបងប្អូនមេត្តាប្រយ័ត្នកូនចៅអោយមែនទែនកុំអោយមានវិប្បដិសារីដូចករណីខាងលើនេះ៕
មតិយោបល់