ភ្នំពេញ៖ ស្ត្រីជនជាតិហូឡង់ Willemijn Vermaat អាយុ៤០ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានវាយបំបែកពុទ្ធបដិមាមួយព្រះអង្គនៅក្នុងប្រាសាទបាយ័ននៅឧទ្យានបុរាណអង្គរបាក់បែកមែន។
នាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់នូវែលសេឡង់ថា នាងបំផ្លាញពុទ្ធប្បដិមានោះដោយសារតែពុទ្ធប្បដិមានោះ “មិនមែនជាកម្មសិទ្ធិ” នៅក្នុងប្រាសាទនេះ។ យោងតាមសំដីបញ្ជាក់របស់ស្ត្រីជនជាតិហូឡង់ បានឲ្យដឹងថា នាងបានធ្វើឲ្យពុទ្ធបដិមានេះបាក់បែក នៅពេលនាងបានឮសំឡេងមួយខ្សឹបប្រាប់នាងថា ប្រាសាទដែលឧទ្ទិសថ្វាយដល់ព្រះពុទ្ធនេះ តាមពិតជាប្រាសាទដែលគេសង់ឡើងដើម្បីឧទ្ទិសដល់អាទិទេពស្រីមួយអង្គព្រះនាម អ៊ីណាណា (Inana) ។
តាមការបញ្ជាក់ នាងបានលាក់ខ្លួននៅក្នុងព្រៃ ខណៈមន្ត្រីអាជ្ញាធរអប្សរា បានតាមរកនាងនៅក្នុងប្រាសាទ បន្ទាប់ពីម៉ោងដើរទស្សនាចប់ ហើយក្រោយមកនាងបានត្រឡប់ទៅក្នុងព្រៃប្រាសាទនោះវិញដើម្បីធ្វើសមាធិ ហើយក៏បានសម្រេចចិត្តរំកិលពុទ្ធប្បដិមានោះ បន្ទាប់ពីមានសំឡេងមួយបានប្រាប់ឲ្យនាងធ្វើដូច្នេះ ហើយបានធ្វើឲ្យពុទ្ធបដិមានោះបាក់បែកដោយអចេតនាពេលព្យាយាមរំកិល។
ដោយឡែកនៅថ្ងៃនេះ មន្ត្រីអាជ្ញាធរអប្សរាបានថ្លែងឲ្យដឹងថា ព្រះពុទ្ធរូបបដិមានៅប្រាង្គកណ្ដាល ប្រាសាទបាយ័នត្រូវបានអ្នកជំនាញ របស់អាជ្ញាធរអប្សរា បានជួសជុលរួចរាល់ជាស្ថាពរហើយ៕
ព័ត៌មានជាតិ
មតិយោបល់