ភ្នំពេញ៖ប្រភពព័ត៌មានបានអះអាងថា តារាសម្តែងកំពូលទឹកភ្នែក នាង នី មុន្នីនាថ ពេលដែលនាងថតកុនឲ្យផលិតកម្មមួយ បានជួបរឿងដ៏ព្រឺព្រួច ដោយឃើញខ្មោចពិតៗផ្ទាល់ភ្នែកតែម្តង ខណៈដែលថតរឿងខ្មោចនោះ ។
តារាសម្តែង នី មុន្នីនាថ ដែលត្រូវបានគេដាក់ងារឲ្យថា ជាកំពូលតារាសម្តែងទឹកភ្នែក បានចូលរួមថតកុនឲ្យផលិតកម្ម Rich Kids Media បានជួបខ្មោច ម៉ែកូនបណ្តើគ្នា នៅម្តុំដើមពោធិ៍ ក្បែរបន្ទាយទាហានចាស់ ក្នុងខេត្តកំពង់ឆ្នាំង ដែលកៀកនឹងផ្ទះ ខ្មោច ដែលលងដ៏ល្បីល្បាញ ក្នុងខេត្តមួយនេះ ។ ហេតុការណ៍ដ៏ព្រឺព្រួចនេះ បានកើតឡើង ក្នុងអំឡុងពេលដែល ផលិតកម្ម ខាងលើ បានថតរឿង “ព្រលឹង៧ថ្ងៃ” ដែលមានតួឯក ជានាង មុន្នីនាថ និងត្រូវដើរជាតួខ្មោច ។
លោក ជូន សុវណ្ណវាសនា ម្ចាស់ភាគហ៊ុន ផលិតកម្ម Rich Kids Media បានឲ្យដឹងថា “បើតាមសម្តីតារាស្រីខាងលើ និង អ្នកដឹកនាំរឿងនេះ បានឲ្យដឹងថា នៅពេលដែលនាង មុន្នីនាថ ត្រូវតុបតែងជាតួខ្មោច ថតនៅម្តុំដើមពោធិ៍ខាងលើ ដោយរួមជាមួយនឹងតួជាច្រើនទៀត បានជួបខ្មោចពិតៗ នោះគឺខ្មោចម្តាយ និងកូនស្លៀកសពាក់ស បានបង្ហាញខ្លួន នៅក្នុងអំឡុងពេលថត ហើយក្រៅពីនេះ ក៏មានគ្រោះថ្នាក់ចរាចរណ៍ នៅម្តុំដើមពោធិ៍នោះផងដែរ ដោយបើករថយន្ត ជាន់ហ្វ្រាំងមិនស៊ី ទាល់តែសោះ ខណៈដែលមុនកើតបញ្ហា និងក្រោយបញ្ហា ហ្វ្រាំងស៊ី ជាធម្មតា តែមិនបង្កឲ្យរបួសធ្ងន់ធ្ងរនោះទេ” ។ លោកបានបន្តទៀតថា “ក្រោយពីថតចប់ យើងឃើញអ្នកភូមិ បានធ្វើពិធីដើម្បីដេញភាពចង្រៃ ហើយអ្នកភូមិនិយាយនិយាយថា ពិតជាពូកែរកប្លង់ថតរឿងខ្មោច ជួបខ្មោចមែន។ ក្រោយជួបរឿងដ៏ព្រឺព្រួច ក្រុមការងារផលិតរឿង បាននាំគ្នា ទៅស្រោចទឹក ដើម្បីដេញភាពចង្រៃពីខ្លួន” ។
គួរបញ្ជាក់ផងដែរថា រឿង “ព្រលឹង៧ថ្ងៃ” ជារឿងបែបកំប្លែង ដែលចំណាយទឹកប្រាក់ផលិតឡើងអស់រាប់ម៉ឺនដុល្លារ ទុកសម្រាប់ប្រកួតប្រជែងពានរង្វាន់ខ្សែភាពយន្តអាស៊ី នៅពេលខាងមុខ ដោយរួមសហការជាមួយនឹងប្រទេស ថៃ ម៉ាឡេស៊ី និងកម្ពុជា ខណៈដែលរឿងនេះ ត្រៀមនឹងវាយលុកនៅលើផ្សារនៅពេលខាងមុខ ៕
មតិយោបល់