ព័ត៌មានជាតិ

កាស៊ីណូ​សាន់​ដេ​សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ប៉ុន្តែ​បើក​ស្វាគមន៍​ភ្ញៀវ​ជនជាតិ​ខ្មែរ​២៤​ម៉ោង​ឲ្យ​លេង​បាក់​ទឹក​ភ្លូ​កដី​

ខេត្ត​កំពត​៖ កាស៊ីណូ​សាន់ដេ ដែល​មាន​ទីតាំង​ក្នុង​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បច្ចុប្បន្ន​បាន​និង​កំពុង​បើក​ស្វាគមន៍​ភ្ញៀវ​ជនជាតិ​ខ្មែរ​២៤​ម៉ោង ហើយ​ការ​បើក​បន​ល្បែង​នេះ​ក៏​មាន​គេ​លួច​ទម្លាយ​ថា ម្ចាស់​កាស៊ីណូ ឈ្មោះ​ចាន់ វិទូ ពុំទាន់​បាន​រត់​ច្បាប់​អាជីវកម្ម​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បង់លុយ​ប្រចាំ​ខែ​ជូន​អាជ្ញាធរ​ដែនដី​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ប៉ុណ្ណោះ​។​តាម​ការលើកឡើង​ពី​មន្ត្រី​សមត្ថកិច្ច​នៃ​តំបន់​ទល់ដែន​ខាងលើ​បានឲ្យដឹងថា សព្វថ្ងៃ​នេះ​កាស៊ីណូ​សាន់​ដេ​កំពុងតែ​ឡើង​កូដ​សម្បើម​ណាស់​ព្រោះ​បច្ចុប្បន្ន​ក្នុង​ច្រកទ្វារ​អន្តរជាតិ​មានតែ​កាស៊ីណូ​តែ​២​ប៉ុណ្ណោះ គឺ​កា​សី​ុ​ណូ​សាន់​ដេ​និង​កាស៊ីណូ ដឺ​វី​មាណ ។​ប៉ុន្តែ​បើ​យើង​ប្រៀបធៀប​កាស៊ីណូ​ទាំង​២​គឺ​កាស៊ីណូ​សាន់​ដេ​មាន​ភ្ញៀវ​ចូល​លេង​ល្បែង​ច្រើនជាងគេ ហើយ​ភ្ញៀវ​ទាំងនោះ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​ដែល​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​មួយចំនួន​។​គេ​បាន​ទម្លាយ​ទៀតថា ថ្វី​ត្បិត​កាស៊ីណូ​សាន់​ដេ​គ្មាន​ច្បាប់ទម្លាប់​បែប​នេះ​ក៏ដោយ ប៉ុន្តែ​ម្ចាស់​កាស៊ីណូ​ហាក់ដូចជា​មាន​អំណាច​ខ្លាំងក្លា​ដោយ​បាន​រៀបចំ​ឲ្យមាន​ផ្នែក​សន្តិសុខ​យាមកាម​ដ៏​តឹងរឹង ដោយ​ពុំ​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ជ្រៀតជ្រែក​បានឡើយ​។​ម្យ៉ាងទៀត​កាស៊ីណូ​សាន់​ដេ​ក៏​ពុំ​អនុ​ញា្ញ​តិ្ត​ឲ្យ​អ្នកសាពត៌មាននៃ​អង្គភាព​ណាមួយ​ចូលក្នុ​ង​បរិវេណ​កាស៊ីណូ​បានឡើយ ព្រោះ​នៅ​ទីនោះ​មាន​សន្តិសុខ​ឈរ​ត្រៀបត្រា​ចាំ​ឃ្លាំមើល​គ្រប់​វិនាទី សូម្បី​អ្នក​ដំណើរ​មក​ពី​ឆ្ងាយ​ក៏​ត្រូវការ​ឆែត​ឆេរ​និង​សួ​នាំ​ផងដែរ​។​មន្ត្រី​ដដែល​បាន​បង្ហើប​ទៀតថា ក្នុង​កាស៊ីណូ​សាន់​ដេ​មាន​បំពាក់​ឧបករណ៍​ប្រើ​ដោយ​អេឡិចត្រូនិច​សុទ្ធតែ​ទំនើប ដោយ​ប្រើ​សារធាតុ​ញៀន​បើ​អ្នកណា​ចូល​លេង​ហើយ គឺ​មិន​ចង់​ចេញ​វិញ​ទេ ព្រោះ​នៅ​ក្នុង​នោះ​មាន​អាហារ​និង​គ្រឿង​បរិភោគ​គ្រប់​ប្រភេទ​សម្រាប់​បម្រើសេវា​ជូន​ភ្ញៀវ​លេងល្បែង​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ឲ្យ​ទាស់ចិត្ត​ឡើយ ហើយ​ល្បែង​គ្រប់​ប្រភេទ​នៅ​ទីនោះ​ពោរពេញ​ដោយ​ល្បិច​ស៊ីលុយ​ស្រស់ៗ ដោយ​បាន​ធ្វើឲ្យ​ក្រុម​ភ្ញៀវ​ទាំង​ជនបរទេស​និង​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ត្រូវ​លង់​ខ្លួន​ដោយសារ​ចាញ់ល្បែង​ក្នុង​កាស៊ីណូ​នោះ​ស្ទើ​ដកខ្លួន​មិន​រួច​។​ចំពោះ​ការបើក​បន​ល្បែង​ខាងលើនេះ គេ​មិនដឹងថា លោក ចាន់ វិទូ បង់​លុយ​ក្នុង​ខ្ទង់​កំរិត​ណា​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នោះទេ ទើប​ហ៊ាន​បើក​លេង​គ្មាន​ច្បាប់ទម្លាប់​បែប​នេះ ហើយ​កន្លង​មក​បើ​តាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ព្រមាន​ដល់​ម្ចាស់​ឬ​ថៅកែ កាស៊ីណូ​នានា​គឺ​មិន​អនុញ្ញាតិ្ត​ឲ្យ​ពលរដ្ឋ​ខ្មែ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​នោះឡើយ ប៉ុន្តែ​កាស៊ីណូ​សាន់​ដេ​របស់លោក ចាន់ វិទូ បែរជា​ស្វាគមន៍​ពលរដ្ឋ​ខ្មែរ​ឲ្យចូល​លេង​ល្បែងស៊ីសង​យ៉ាង​ភ្លូកទឹកភ្លូកដី ២៤​ម៉ោង​លើ​២៤​ម៉ោង​ទៅ​វិញ​។​ទាក់ទិន​នឹង​ពាក្យ​ច​ចាម​អារាម​ថា​កាស៊ីណូ​សាន់​ដេ​គ្មាន​ច្បាប់ទម្លាប់​នោះ នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ​អ្នកសារព័ត៌មាន​យើង ពុំ​អាច​សុំ​ការអធិប្បាយ​ណាមួយ​ពី​លោក ចាន់ វិទូ ថៅកែ​កាស៊ីណូ សាន់ដេ បានឡើយ​៕​
Casino

មតិយោបល់