កោះកុង ៖ ម៉ូតូ និងទំនិញគ្មានពន្ធស្ទើរតែគ្រប់ប្រភេទ ត្រូវគេកត់សម្គាល់ឃើញថា បាននឹងកំពុងសម្រុកចូលពីប្រទេសថៃ មកប្រទេសកម្ពុជាយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃតាមច្រកខេត្តកោះកុង ដោយពុំមានការទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធ ពិសេសគឺមន្ត្រីគយតែម្តង។
បើយោងតាមប្រជាពលរដ្ឋឲ្យដឹងថា ទំនិញគ្មានពន្ធជាច្រើនប្រភេទ ដូចជា ស្រា ស្រាបៀរ គ្រឿងភេសជ្ជៈ ឥវ៉ាន់ចាប់ហួយ សម្ភារៈសំណង់ និងម៉ូតូសេរីថី្មៗផងនោះ ត្រូវបានក្រុមឈ្មួញនាំចូលពីប្រទេសថៃ តាមច្រករបៀងនានាក្នុងខេត្តកោះកុង ដោយដឹកតាមរថយន្តវីហ្គោ ឬលុចស្សីស យកមកធ្វើការចែកចាយនៅទីរួមខេត្តកោះកុង ព្រមទាំងយកទៅធ្វើការចែកចាយឲ្យម៉ូយនៅតាមបណ្តាខេត្តនានា ព្រមទាំងរាជធានីភ្នំពេញផងដែរ ដោយគ្រាន់តែពួកឈ្មួញទាំងនោះបង់សំណែនទៅឲ្យសមត្ថកិច្ចតាមច្រក និងតាមផ្លូវប៉ុណ្ណោះ។
ចំពោះបញ្ហានេះ លោក ប៉ាង វ៉ាន់ថន ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានមានប្រសាសន៍ធ្វើដូចជាមិនដឹងថា សព្វថ្ងៃលោកពុំបានដឹងទេ ពីការរកស៊ីដឹកទំនិញគេចពន្ធរបស់ពួកឈ្មួញទាំងអស់នោះ។ លោកថា ព័ត៌មាននេះ គឺលោកទើបតែបានដឹងតាមរយៈអ្នកកាសែតនេះប៉ុណ្ណោះ ហើយថា លោកបានចាត់ឲ្យមន្រី្តរបស់លោកចុះទៅធើ្វការស្រាវជ្រាវ បើសិនជារកឃើញថាមិនបានបង់ពន្ធមែន លោកនឹងចាត់វិធានការភ្លាម។
ប្រសាសន៍របស់លោកប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុងនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងដែលបានដឹងរឿងរិះគន់ថា វាគ្រាន់តែជាលេសដោះសារយករួចខ្លួនរបស់គាត់តែប៉ុណ្ណោះ តាមពិតរឿងនេះគាត់បានដឹងច្បាស់ណាស់ព្រោះឈ្មួញដែលរកស៊ីនាំចូលទំនិញគេចពន្ធទាំងនោះសើ្ទរតែដុះស្លែអស់ហើយ មិនមែនទើបតែចាប់ផ្តើមរកស៊ីនោះទេ៕
មតិយោបល់