ព័ត៌មានជាតិ

ជនល្មើស​ចែកចាយ​ថ្នាំញៀន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ពេល​គេ​កំពុង ចែកចាយ​ថ្នាំញៀន​ម៉ា​ទឹកកក​

​កំពង់ឆ្នាំង​៖​ ​យុវជន​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​ដ៍ស​កម្ម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ពួន​ស្ទាក់​ចាប់​ខ្លួន​បាន ខណៈ​រូបគេ​កំពុង​ចែកចាយ​ថ្នាំញៀន​។​ករណី​បង្ក្រាប​គ្រឿងញៀន​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវបំបែក​ក្រោយ​វត្តក្តី​ត្នោត ស្ថិតក្នុង​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​

​ ​លោកស្រី មាស សុ​ម៉ាលី នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​និយាយ​អោយដឹងថា​៖ យុវជន​ដែល​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​ដ៍ស​កម្ម​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ខាងលើនេះ​មានឈ្មោះ លីម ម៉េង​ហួរ អាយុ​២១​ឆ្នាំ រស់នៅ ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង មុខរបរ​ជា​សិស្ស​។​
​ ​មុនពេល​កើតហេតុ​សមត្ថកិច្ច​បាន​តាមដាន​មុខសញ្ញា​នេះ​យ៉ាង​ប្រកិតៗ ដែល​មុនពេល​ចាប់ខ្លួន​គេ​បាន​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​ស​ក្រហម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C-0023 យក​ថ្នាំញៀន​ទៅ​លក់​ចែកចាយ​អោយ​ម៉ូយ​របស់​គេ​នៅ​ចំណុច​ខាងលើ​។​នៅពេល​នោះ​សមត្ថកិច្ច​ដែល​កំពុង​តាមដាន​ពីក្រោយ​ក៍​បាន​ស្ទាក់​ចាប់​ខ្លួន​គេ​បាន​។​វត្ថុតាង​ដែល​រឹបអូស​បាន​ក្នុងពេលនោះ​រួមមាន ម៉ូតូ​១​គ្រឿង ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់​តូច កាំបិត​ចុង​ស្រួច​២ ទូរស័ព្ទដៃ​១​គ្រឿង កាត​សិស្ស​១ និង​កាបូប​១​។​

​ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ ជនល្មើស​ខាងលើនេះ បាន​ទទួលស្គាល់​វត្ថុតាង​ទាំងអស់ ដោយឡែក​ថ្នាំញៀន​ម៉ា​ទឹកកក​មួយកញ្ចប់​តូច​នោះ គេ​បាន​បដិសេថថា​មិន មែន​ជា​របស់​គេ​ទេ​។ ប៉ុន្តែ​សមត្ថកិច្ច​បាន​អះអាងថា​បាន​រកឃើញ​នៅលើ​ស្មៅ​ក្រោម​ម៉ូតូ ដែល​គេ​បោះចោល​ក្នុង​ពេល​ម៉ូតូ​ដួល​ដួល​នៅ​ពេល​សមត្ថកិច្ច​ចាប់​បាន​រូបគេ​។​ជនល្មើស​ខាងលើនេះ​មិន​ព្រម​ផ្តិតមេដៃ​នៅក្នុង​សំណុំរឿង​បទល្មើស​ចែកចាយ​គ្រឿងញៀន​នេះឡើយ​។​
​ ​ទោះបី​យ៉ាងនេះ​ក៏ដោយ​ជនល្មើស​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំ រឿង​តាម​នីតិវិធី បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៤ ដើម្បី​អោយ​តុលាការ​ស្រាវជ្រាវ​បន្ត និង​ជំនុំ​ជំ​រះ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕
​ ​ ​
2014-10-23_075518

មតិយោបល់