ខេត្តសៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើចុះធ្វើការរឹបអូសយកឈើនាងនួនចំនួន១០ដុំដែលទាហានមួយក្រុមបើកយកមកលាក់ទុកនៅសំយ៉ាបផ្ទះ ហើយត្រូវយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី តាមបញ្ជារតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ប៉ុន្តែករណីនេះត្រូវបានម្ចាស់ផ្ទះឆ្លើយបដិសេធថា មិនមែនជាឈើរបស់ខ្លួននោះទេ។
ការចុះរឹបអូសឈើនាងនួននេះធ្វើឡើងនៅម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ខែតុលា
ត្រង់ចំណុចលំនៅឋានមួយកន្លែងស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគងបានឲ្យដឹងនៅក្នុងពេលចុះប្រតិ
បត្តិការថា ការចុះរឹបអូសឈើ នេះធ្វើតាមបទបញ្ជាដឹកនាំផ្ទាល់ ដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ហើយឈើដែលបានធ្វើការរឹបអូសនេះប្រភេទនាងនួនមានចំនួន១០ដុំស្មើនឹង១,១៤០ម៉ែត្រគូប។លោកនាយសង្កាត់បន្ថែមទៀតថា ឈើដែលត្រូវបានដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីនោះដើម្បីឲ្យម្ចាស់ឈើចូលខ្លួនមកបង់ពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើ។
ប្រភពបានឲ្យដឹងថា ឈើដែលបានធ្វើការរឹបអូសនេះមិនមានឃើញម្ចាស់នោះទេ តែត្រូវរថយន្តមួយគ្រឿងពណ៌ត្រេអីពាក់ស្លាកលេខ ខ.ម៩៩.០៥៨ដឹកយកមកទម្លាក់នៅមុខសំយ៉ាបក្នុងផ្ទះរបស់លោក ជា សុផល ដែលជាឈ្មួញរកស៊ីឈើប្រណិតម្នាក់ដែរ។ប៉ុន្តែលោក ជា សុផល បានបដិសេធប្រាប់សមត្ថកិច្ចថា ឈើនេះលោកមិនបានដឹងទេ ព្រោះលោកកំពុងជាប់រវល់នៅខាងក្រោយផ្ទះជាមួយនិងម្តាយចាស់ ហើយរឿងឈើដែលគេយកមកទម្លាក់ចោលនៅមុខផ្ទះនេះមិនពាក់ព័ន្ធជាមួយលោកទេ៕
មតិយោបល់