ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​បើក​កាណូត​ទៅ​ដាក់​មង​ជាមួយ​ប្តី បុក​សំបុក​ឳ​ម៉ាល់ ត្រូវ​ឳ​ម៉ាល់​ទិច​ជា​ច្រើនមេ និង​បាន​ស្លាប់​ពេល​ដឹក​មក​នៅ​តាម​ផ្លូវ​ពេល​យក​សង្គ្រោះ​នៅ​ពេទ្យ​ខេត្ត​

​កំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​ត្រូវបាន​សត្វ​ឳ​ម៉ាល់​ទិច​រាប់សិប​មេ​នៅ​ពេល​ប្តី​ប្រពន្ធ​គាត់​បើក​កាណូត​ទៅ​ដាក់​មង​នៅ​បឹង​ទន្លេសាប និង​បាន​បើកកាណូត​បុក​ចំ​សំបុក​ឳ​ម៉ាល់​នៅក្នុងព្រៃ ហើយ​បាន​ស្លាប់ នៅតាម​ផ្លូវ​ពេល​ពេទ្យ​ស្រុក​បរិបូរណ៌​ដឹក​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត គ្រោះថ្នាក់​ខាង លើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​បឹង​ទ្វារ ទឹកដី​ខេត្ត​កំពង់ធំ​។​
​ ​បុរស​ឈ្មោះ លាង គឹម​ឡុង ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​រស់នៅ​ក្នុងភូមិ​ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ បាន​និយាយ​អោយដឹងថា​៖​ប្រពន្ធ​របស់​ខ្លួន​ជា​ជនរងគ្រោះ​មានឈ្មោះ គី ចំរើន អាយុ​២៧​ឆ្នាំ មានកូន​៣​នាក់ កូន​ធំ​អាយុ​៧​ឆ្នាំ និង​កូន​តូច​អាយុ​៤​ឆ្នាំ​មាន​មុខរបរ​ជា​អ្នកនេសាទ ត្រី​។​មុនពេល​កើតហេតុ​ពួកគាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​នាំគ្នា​ទៅ​ដាក់​មង​នៅ ចំណុច ខាងលើ ពេល​នោះ​ក៍​បាន​បើកកាណូត​ក្នុងព្រៃ​លិច​ទឹក ចៃដន្យ​ក៍បាន​បុក​សំបុក​ឳ​ម៉ាល់​ធំ​មួយ ហើយ​សត្វ ឳ​ម៉ា​ល់ក៍​បាន​ផ្អើល​មក​ទិច​ប្រពន្ធ​របស់​គាត់​ជា​ច្រើន​មេ ចំណែក​គាត់​បាន​ហក់​ទឹក​គេចផុត​ពី គ្រោះថ្នាក់​។​
​ ​ក្រោយពេល​កើតហេតុ​រូប​គាត់​បាន​ដឹក​ប្រពន្ធ​មក​ដល់​មន្ទីរពេទ្យ​ស្រុក​បរិបូរណ៍​នៅវេលា​ម៉ោង​៨​យប់ ដើម្បី​អោយ​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​ជីវិត​។​ក្នុង​ពេល​ប្រពន្ធ​គាត់​មាន​សភាព​ធ្ងន់ធ្ងរ គាត់​និង​បងថ្លៃ​ឈ្មោះ ធារ៉ា បាន​សំណូម​គ្រូពេទ្យ​អោយ​ដឹក​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ គ្រូពេទ្យ​ដែល​នៅ​ប្រចាំការ​ព្យាបាល ឆ្លើយថា​មិន​អី​ទែ ចាំ​មើល​បន្តិច សិន​។​ដោយមាន សភាព​ធ្ងន់ធ្ងរ​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា​នេះ ក្រុម​គ្រូពេទ្យ​របស់​មន្ទី​រ​ពេទ្យ​ស្រុក​បរិបូរណ៌ បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង តែ​អកុសល​ប្រពន្ធ​គាត់​បាន​ដាច់ខ្យល់​ស្លាប់​នៅលើ រថយន្ត​សង្គ្រោះ​តែម្តង​។​
​ ​លោកគ្រូ​និង​អ្នក​គ្រូពេទ្យ​ជា​អ្នក​ព្យាបាល​នៅក្នុង​អាគារ​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ខេត្ត​បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា​៖​ពួកគាត់ បាន​ទទួល​ស្ត្រី​រងគ្រោះ​ខាងលើ​នេះ​នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០ ១៤ តែ​ពេល​មកដល់​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ គឺ​ពួកគាត់​មិនអាច ជួយសង្គ្រោះ​ជីវិត​បាន​ឡើយ​។​
​ ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ត្អូញត្អែរ​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​អោយ​ដឹងថា​៖​ការបាត់បង់​ជីវិត​ប្រពន្ធ​គាត់​ធ្វើអោយ​គាត់​សោកស្តាយ​ខ្លាំងណាស់ គាត់​គិតថា​ប្រសិនបើ​លោកគ្រូ​អ្នក​គ្រូពេទ្យ របស់​មន្ទីរពេទ្យ​ស្រុក​បរិបូរណ៌​បញ្ជូនប្រព​ន្ធគា​ត់​មក​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ នោះ​ប្រពន្ធ​គាត់​ប្រ ហែល​ជា​មិន​ស្លាប់​ទេ រឿង​នេះ​គាត់​ក៍​មិន​អាច​ប្តឹងផ្តល់​អ្នកណា​ដែរ ព្រោះ​ជា​កម្ម​ផល​របស់​គាត់​។​
​ ​លោក​វេជ្ជបណ្ឌិត​ម្នាក់​ក្នុង​មន្ទីរពេទ្យ​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​ថ្នាំ​បន្សាបពិស​មាន​
​នៅ​តែ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​តែប៉ុណ្ណោះ ហេតុនេះ​អ្នករងគ្រោះ​ដោយសារ​ពិស​ទាំងអស់​គួរតែ​បញ្ជូន​
​ជង​រងគ្រោះ​មក​មន្ទីរពេទ្យ​ខេត្ត​អោយទាន់​ពេលវេលា​៕​
2014-10-23_202724

មតិយោបល់