សៀមរាប ៖ នៅយប់ថ្ងែទី២៩ខែតុលាឆ្នាំ២០១៤នេះលោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដឹកនាំកម្លាំងក្នុងអង្គភាពចុះប្រតិបត្តការណ៍ធ្វើការត្រួតពិនិត្យនិងបានដកហូតនូវប្រភេទប្រេងឆាបានចំនួន៤៧កាដុងដោយក្នុងមួយកាដុងមានចំនួន៣០លីត ។ លោកវរសេនីយ៍ឯក សឿន សេន បានអោយដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីការ ការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងធ្វើការបង្ក្រាបអោយខានតែបាននូវបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទក្នុងខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍អោយមានកំរិតទាបនិងឈានទៅលុបបំបាត់ទាំងស្រុងផងនោះ ។ ជាក់ស្តែង អាជីវករលក់ដូរម្នាក់នៅត្រង់ចំណុចក្នុងសង្កាត់គោកចក ម្តុំផ្សារដើមក្រឡាញ់ក្រុងសៀមរាប បានចូលរួមសហការណ៍ជាមួយនិងសមត្ថកិច្ចអោយចុះមកជួយធ្វើអន្តរាគមន៍និងត្រួតពិនិត្យមើលនូវប្រភេទប្រេងឆាដែលអាជីវករម្នាក់បានទិញពីក្រុមហ៊ុនមួយនៅភ្នំពេញយកមកលក់នៅខេត្តសៀមរាបមានស្ថានភាពដុំៗហើយកកប្រេងឆានៅក្នុងកាដុងសឹងតែគ្រប់កាដុង ទាំងអស់ ។ ក្នុងកិច្ចចុះប្រតិបត្តិការណ៍ខាងលើលោកវរសេនីយ៍ ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបន្តអោយដឹងទៀតថាបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យចំពោះប្រភេទប្រេងឆាទាំង៤៧កាដុងនេះហើយសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថាប្រេងឆាទាំងអស់នេះគឺជាប្រភេទប្រេងឆាដែលខូចគុណភាព ។ បច្ចុប្បន្នប្រេងឆាទាំង៤៧កាដុងនេះត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបយកមករក្សាទុកនៅការិយាល័យនគរបាលជំនាញដើម្បីចំណាត់ការទៅតាមនិតិវិធីបន្ត ៕
មតិយោបល់