ខេត្តកំពង់ឆ្នាំង ៖ រឿងអាស្រូវពុករលួយថ្មីមួយទើបនឹងបានផ្ទុះចេញនៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងដែលមានលោកប្រាក់ វ៉ុន ជាប្រធានមន្ទីរបន្តតំណែងពីសព្វលោកតឹក សារឿន ដែលសំបូររឿងអាស្រូវកាលមិនទាន់ចូលនិវត្តន៍ និងនៅមានជីវិតនោះ។
តាមប្រភពបានឲ្យដឹងថា ចាប់តាំងពីលោកប្រាក់ វ៉ុន ត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង របៀបដឹកនាំនៅក្នុងមន្ទីរមួយនេះ ពុំបានធ្វើការកំណែទម្រង់ទេ ការដឹកនាំមន្ទីរពោពេញដោយអំពើពុករលួយ និងបក្ខពួកនិយមដូចសម័យលោក តឹក សារឿន ដដែល ទោះបីរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងណាក៍ដោយ។
អំពើពុករលួយរបស់លោក ប្រាក់ វ៉ុន នាពេលបច្ចុប្បន្នបើប្រៀបធៀបទៅនឹងអំពើពុករលួយសម័យលោកប្រធានមន្ទីរ តឹក សារឿន គឺមានលក្ខណៈខុសគ្នាត្រង់ថាសម័យមុនទទួលបានចំណូលពីការពុករលួយមានចំនួនតិច ប៉ុន្តែសម័យលោក ប្រាក់ វ៉ុន ទទួលបានប្រាក់ច្រើន។ បើតាមការអង្កេតថវិកាជាតិដែលមិនមែនកម្មវិធីក្នុងមួយឆ្នាំៗបានធ្លាក់ចូលកណ្តាប់ដៃលោកប្រាក់ វ៉ុន ម្នាក់ឯងគឺមិនតិចជាង ៥០០ លានរៀល នេះមិនទាន់រាប់បញ្ចូលនៃការបែងចែងសម្រាប់មន្ត្រីដែលជាដៃជើងរបស់គាត់ផង។
តាមប្រភពបានបញ្ជាក់ថា ថវិកាដែលលោក ប្រាក់ វ៉ុន បានកឹបកេងនោះភាគច្រើនគឺនៅក្នុងប្រាក់គណនេយ្យលេខ៦០២ ប្រាក់គណនេយ្យលេខ៦០៥ ប្រាក់គណនេយ្យលេខ៦១៥ ប្រាក់គណនេយ្យលេខ៦២៤ ប្រាក់គណនេយ្យលេខ៦៤៤ ប្រាក់គណនេយ្យលេខ៦៥៧ ។ ដោយប្រាក់នៅតាមគណនេយ្យខាងលើគឺលោកប្រាក់ វ៉ុន បានឃុបឃិតជាមួយមន្ត្រីពាក់ព័ន្ធធ្វើការបំប៉ោងតួលេខចំណាយទទ្ទឹមគ្នានោះផលប្រយោជន៍ដែលបានគឺភាគច្រើនធ្លាក់លើកណ្តាប់ដៃរបស់គាត់។ បើទោះបីលោកប្រាក់ វ៉ុន បានប្រព្រឹត្តអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំ និងដោយមានទំហំកឹបកេងថវិកាជាធំធេងប៉ុណ្ណា ក្រុមអធិការកិច្ចនិងក្រុមសវនកម្មគឺពុំបានរកឃើញកំហុសធំៗរបស់គាត់ទេ ក្រុមទាំងនោះត្រូវបានមន្ត្រីថ្នាក់ក្រោមនៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងរិៈគន់ថា ជាក្រុមអធិការកិច្ច និងសវនកម្ម ងិតភ្នែកនិងត្រចៀកថ្លង់ ព្រោះនៅពេលពួកគេមកបំពេញការងារពេលខ្លះគេបានកោះហៅមន្ត្រីមួយចំនួននៅក្នុងមន្ទីរសាកសួរជុំវិញដំណើការការគ្រប់គ្រង និងការចាយវាយថវិកា ក្រោយពេលក្រុមនេះចេញទៅវិញបែជារបាយការណ៍របស់គេថា មន្ទីរប្រព្រឹត្តបានល្អ និងរកមិនឃើញកំហុសរបស់ប្រធានមន្ទីរនិងបក្ខពួកឡើយ។ ដោយមានបញ្ហាបែបនេះធ្វើឲ្យមន្ត្រីមួយចំនួននៅមន្ទីរសុខាភិបាលដាក់រហ័សនាមឲ្យក្រុមអធិការកិច្ច និងក្រុមសវនកម្មជាក្រុមភ្នែកងងឹតត្រចៀកថ្លង់តែម្តង៕
មតិយោបល់