ព័ត៌មានជាតិ

រឿងអាស្រូវ​នៅ​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពង់ធំ ត្រូវបាន​ទំលាយ​បន្ថែម រដ្ឋមន្ត្រី​មិន​ទាន់​ចាត់ការ​​

​ខេត្ត​កំពង់ធំ ៖ មន្ត្រី​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​ជាច្រើនរូប ចាប់ផ្តើម​មាន​ភាពក្លាហាន និង​បាន​ទំលាយ​ចេញ​នូវ​រឿងអាស្រូវ​ពុករលួយ​របស់​អតីត​ប្រធាន​មន្ទីរ​លោកស្រី ទូច ស៊ី​ថុល លោក​ប្រធាន​ការិល័​យ​គណនេយ្យ ហា ប៊ុន​ឡង និង​លោកស្រី​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ ហៀវ ចាន់​រី និង​លោកស្រី​ប្រធានស្តីទី​មន្ទីរ ជុំ សា​ខេ​ម ឲ្យមក​ដល់​បណ្តាញ​ព័ត៌មាន​ដើម្បី​ធ្វើ​ការចុះផ្សាយ​បន្ថែម​។​

​តាម​ប្រភព​ដដែល​បានបញ្ជាក់​ថា ការប្រព្រឹត្ត​អំពើ​ពុករលួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​របស់​លោកស្រី ទូច ស៊ី​ថុល និង​បក្ខពួក​ដែល​មាន​លោក​ហា ប៊ុន​ឡង លោកស្រី​ហៀវ ចាន់​រី និង​លោកស្រី ជុំ សា​ខេ​ម គឺ​ធ្វើឡើង​តាមរយៈ​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​បំប៉ោង​តួលេខ​នៃ​ការចំណាយ​ធ្វេដ​ង​នៃ​ការចំណាយ​ពិត ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់​រាប់រយ​លាន​ក្នុង​មួយឆ្នាំៗ ហើយ​ថវិកា​ទាំងនោះ​បាន​ធ្លាក់​ចូល​កណ្តាប់ដៃ​ពួកគេ​ទាំងអស់គ្នា​។​

​ចំណែក​មន្ត្រី​តូចតាច​ឬ​ប្រធាន​ការិយាល័យ​ផ្សេងៗ​មិន​បាន​ទទួល​ផលប្រយោជន៍​អ្វី​ទេ​ក្រៅ​តែ​ប្រាក់​បៀ​វត្ត​ន៍​របស់ខ្លួន​។ ហើយ​នៅពេល​ថ្មីៗ​នេះ​បន្ទាប់ពី​បណ្តាញ​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​អំពី​រឿងអាស្រូវ​ពុករលួយ​នោះ ជាពិសេស​គឺ​ការ​ស៊ីដាច់​ប្រាក់​ជំពូក​៦៥​ចំនួន ៤៩,៩៨០,០០០ រៀល នៅ​ឆ្នាំ​២០១៣​សម្រាប់​ទិញ​អង្ករ និង​សម្ភារៈ​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ បាន​ធ្វើឲ្យ​ពួកគេ​បានភិត​ភ័យ​យ៉ាង​ខ្លាំង​។ ហើយ​ដើម្បី​ដោះសារ​យក​រួចខ្លួន​ពី​ការចោទប្រកាន់​ពី​បទ​ពុករលួយ​ស៊ីដាច់​ថវិកា​ខាងលើ​លោក​ស្រី ទូច ស៊ី​ថុល លោក​ហា ប៊ុន​ឡង និង​លោកស្រី​ហៀវ ចាន់​រី បាន​ស្រុះស្រួល​គ្នា​ទិញ​អង្ករ និង​តង់​យកទៅ​ចែក​ជូន​ពលរដ្ឋ​វិញ​ដោយ​វិធីចែក​អង្ករ និង​តង់​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២០ តុលា ឆ្នាំ​២០១៤ ជូន​ដល់​ពលរដ្ឋ​ចំនួន​២៥០​គ្រួសារ​ដែល​ធ្វើឡើង​នៅ​វត្ត​ឈើទាល ឃុំ​កំពង់​ចិន​ត្បួង ស្រុក​ស្ទោង ដោយ​ក្នុង​ពិធី​ចែក​អំណោយ​នោះ​គឺ​មាន​ការចូលរួម​ពី​សំណាក់​លោក​អភិបាល​ខេត្ត​កំពង់ធំ អ៊ុត សំអន ដោយ​ក្នុង​មួយ​នាក់​ទទួលបាន​អង្ករ​១​កូនបេ និង​តង់​មួយ​ប៉ុណ្ណោះ​។ ជាមួយគ្នា​នេះ​ពួកគេ​បាន​យក​ឡេស​ថា ការ​យឺត​យាវ​ក្នុងការ​ចែក​អំណោយ​នៅ​ឆ្នាំ​២០១៣​គឺ​ដោយសារ​បញ្ហា​បចេ្ចកទេស ប៉ុន្តែ​សម្រាប់​មន្ត្រី​មន្ទីរ​កិច្ចការនារី​បាន​និយាយថា មិនមែន​មកពី​បញ្ហា​បចេ្ចកទេស​ទេ គឺ​ដោយសារតែ​ធ្លាយ​រឿងអាស្រូវ​ទើបបាន​គេ​យក​អង្ករ និង​តង់​ទៅ​ចែក​ប្រជាពលរដ្ឋ​ដើម្បី​បញ្ចប់រឿង ការពិត​ពួកគេ​បាន​ក្លែង​ឯកសារ​សាធារណៈ និង​ដក​សាច់ប្រាក់​ពី​រតនាគារ​មក​ដើរ​ស៊ីចាយ​ជិត​២​ឆ្នាំ​ទៅ​ហើយ​បែ​ជា​ទើប​នឹកឃើញ​យក​អំណោយ​ទៅ​ចែក​នៅពេល​រឿងអាស្រូវ​ផ្ទុះ​ចេញ​។​

​តាម​ប្រភព​បាន​បន្ថែមថា នាពេល​បច្ចុប្បន្ន​លោកស្រី​ទូច ស៊ី​ថុល​បាន​ចូលនិវត្តន៍ និង​ទៅ​កាន់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប៉ុន្តែ​រូបគាត់​នៅតែ​ចេញ​ចូល​មន្ទីរ​កិច្ចការនារី​ញឹកញាប់​ហាក់ដូច​មិន​ដាច់​អាល័យ ហើយ​មុនពេល​ចូលនិវត្តន៍​លោកស្រី​ទូច​ស៊ី​ថុល បាន​យក​រថយន្ត​មួយ​គ្រឿង​របស់​កម្មវិធី​កុមារ និង​សម្ភារៈ​របស់​មន្ទីរ​ជាច្រើន​ទៅធ្វើជា​ទ្រព្យសម្បត្តិ​របស់​ខ្លួន​។ ក្រៅពី​នោះ​ប្រាក់​ឥណទាន​របស់​សមាគម​ន៍​នារី​និង​ប្រាក់​របស់​យូ​នី​ហ្វេ​ស ដែល​មាន​ចំនួន​ទឹកប្រាក់​រាប់រយ​លាន​រៀល​ក៍​មិន​ដឹង​បាត់​ទៅ​ណា​អស់​ដែរ​។ ហើយ​មុន​នៅ​ពេល​ចូល​និវត្តន៍​លោកស្រី​ទូច ស៊ី​ថុល បាន​រៀបចំ​ប្រគល់​កា​ងារ​ឲ្យ​កូនស្រី​ឈ្មោះ ឌិ​ត ច័ន្ទ​រក្សា ឲ្យ​គ្រប់គ្រង​ផ្នែក​ឥណទាន​របស់​មន្ទីរ​ថែម​ទៀត​។​

អំពើពុករលួយ​នៅក្នុង​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​នាពេល​ជាច្រើន​ឆ្នាំ​បាន​ធ្វើឲ្យ​កម្រិតជីវៈភាព​លោកស្រី ទូច ស៊ី​ថុល លោក​ប្រធាន​ការិយាល័យ​គណនេយ្យ​ហា ប៊ុន​ឡង និង​លោកស្រី​អនុប្រធាន​ការិយ​ល័យ​គណេយ្យ​និង​ជា​បេឡា ហៀវ ចាន់​រី ឡើង​ខ្ពស់ត្រដែត​ខុស​ពី​មន្ត្រី​ផ្សេង​ទៀត​យ៉ាង​ឆ្ងាយ​។ ថវិកា​នៅ​គ្រប់ជំពូក​ត្រូវបាន​លោកស្រី​ទូច ស៊ី​ថុល លោក​ហា ប៊ុន​ឡង និង​លោកស្រី ហៀវ ចាន់​រី កឹ​បកេង​អស់​យ៉ាងច្រើនស​ន្ធឹ​ក​សន្ធាប់​ក្នុង​មួយ​ឆ្នាំៗ ស្រប​ពេល​លោក​ស្រី​ទូច ស៊ី​ថុល ចូលនិវត្តន៍​លោក​ហា ប៊ុន​ឡង និង​លោកស្រី​ហៀវ ចាន់​រី បានរួម​ដៃ​ជាមួយ​លោកស្រី​ជុំ សា​ខេ​ម ប្រព្រឹត្ត​អំពើ​ពុករលួយ​បន្ត​។​

តាម​ប្រភព​បានឲ្យដឹងថា អំពើពុករលួយ​ដុះ​ស្លែរ​គឺ​បាន​ចាក់រឹស​យ៉ាង​ជ្រៅ​នៅក្នុង​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​នា​សម័យ​លោកស្រី​ទូច ស៊ី​ថុល ជា​ប្រធាន​មន្ទីរ​ហើយ​នៅ​ខែ​មេសា ឆ្នាំ​២០១៤ ខណៈពេល​លោក​ស្រី​ទូច ស៊ី​ថុល ចូលនិវត្តន៍ និង​មាន​លោកស្រី​ជុំ សា​ខេន ជា​ប្រធាន​ស្តីទី​មន្ទីរ​(​មាន​ការតែងតាំង​ជា​ប្រធាន​មន្ទីរ​តែ​មិន​ទាន់​ធ្វើ​ពិធី​ប្រកាស​) អំពើពុករលួយ​បន្ត​កើត​មាន​ដដែល ហើយ​ការដឹកនាំ​គឺ​គេ​សង្ស័យថា លោកស្រី​ទូច ស៊ី​ថុល ជា​អ្នក​ឈរ​បញ្ជា​ពី​ក្រោយ​។ ព្រោះ​គេ​ឃើញ​លោកស្រី​ទូច ស៊ី​ថុល ចេញ​ចូល​មន្ទីរ​ញឹក​ញ៉ាប់ និង​បញ្ជា​ឲ្យ​លោក​ស្រីជុំ សា​ខេ​ម រៀបចំ​ឲ្យ​លោកស្រី​ស៊ីន ស៊ីផា​ន ជា​អនុប្រធាន​បន្ត​តួនាទី​ជា​ប្រធាន​ស្តីទី​នៅ​ពេល​លោកស្រី​ជុំ សា​ខេ​ម ចូល​និវត្តន៍​នៅ​ខែ​កុម្ភៈ នៅ​ឆ្នាំ​២០១៥​ខាងមុខ​។​

អំពើពុករលួយ​នៅក្នុង​មន្ទីរ​មួយ​នេះ​រួន​មាន​៖ ១​ការកឹបកេង​ប្រេងឥន្ធ​នៈ ដែល​ក្នុង​មួយឆ្នាំៗ​ចំណាយ​ប្រាក់​ទិញ​ជិត​២០​លាន​រៀល ត្រូវបាន​គេ​ស៊ីដាច់​ស្ទើរ​ទាំងស្រុង ទើបតែ​នៅ​ឆ្នាំ​២០១៤​គេ​បាន​ផ្តល់​ប្រេ​សាំង​ឲ្យ​គ្រប់​ប្រធានការិយាល័យ​ម្នាក​សរុប​បាន​៣០​លីត្រ និង​មន្ត្រី​តូចតាច​បាន​ម្នាក់​១០​លីត្រ ឆ្នាំមុនៗ​គឺ​មិន​បាន​ទេ​។ ២​ប្រាក់​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស​(​បេស​សកម្ម​)​មន្ត្រី​ខ្លះ​ត្រូវ​បាន​ប្រាក់​ក្នុង​មួយ​ឆ្នាំ​៥០​ម៉ឺន ទៅ​១​លាន​រៀល ប៉ុន្តែ​មន្ត្រី​បាន​ទទួល​ប្រាក់​ពី​លោកស្រី​ហៀវ ចាន់​រី ដែល​ជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ​នោះត្រឹមតែ​១០-២០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ៣​ស៊ី​ឈ្មោះ​មន្ត្រី​កិច្ចសន្យា​ខ្មោច ចំនួន​៤​រូប ១​ឈ្មោះ​វី ស្រី​វិច ជា​ក្មួយ​លោកស្រី​ទូច ស៊ី​ថុល បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​ធនាគារ​ប្រៃសនីយ៍ ២​ឈ្មោះ​ស៊ីន សុនី​តា ជា​កូនស្រី​របស់​លោកស្រី​ហៀវ ចាន់​រី ៣​ឈ្មោះ​ហ៊ុន ដា​រ៉ា ចា​ប្អូនប្រុស​របស់​លោក​អនុប្រធាន​គណនេយ្យ​ហ៊ុន សំអាត ៤​ឈ្មោះ​ផ្លុង វរលក្ខណ៍ រស់នៅ​ស្រុក​បារាយ៍​ជា​រៀងរាល់​ឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន​ធ្វើ​ឲ្យ​រដ្ឋ​ខាត​ថវិកាជាតិ​ក្នុង​មួយ​ឆ្នាំ​៦,៧២០,០០០​រៀល​។ ៤​ស៊ីដាច់​ប្រាក់​ជំពូក​៦៥ ទាំងស្រុង​នៅ​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​៤៩,៩៨០,០០០​រៀល និង​កឹបកេង​ប្រាក់​នៅ​ជំពូក​នេះ​អស់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ឆ្នាំ​មុនៗ​។ ៥​ប្រាក់​ចំណាយ​សម្ភារៈ​ផ្នែក​ផ្គត​ផ្គ​ង់​រដ្ឋបាល និង​ការថែទាំ​ជួសជុល​។ ទី​៦​ថ្មីៗ​នេះ​ពួកគេ​បាន​រក្សាទុក​ឈ្មោះ​សព​លោក​ស្រី​ថេត សាវឿន ប្រធាន​ការិយ​ល័យ​កិច្ចការនារី​ស្រុក​សន្ទុក ដែល​ស្លាប់​នៅ​ថ្ងៃទី​៦ ខែ​កក្ត​ដា​ឆ្នាំ​២០១៤ ប៉ុន្តែ​មក​ដល់ពេលនេះ​គេ​មិន​ទាន់​លុបឈ្មោះ​បើក​ប្រាក់ខែ​ទេ និង​មាន​រឿង​ជាច្រើន​ទៀត​។​ល​។​

​សូមបញ្ជាក់​ថា នៅ​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពង់ធំ និង​ការិយាល័យ​កិច្ចការនារី​ក្រុង​ស្រុក​មាន​មន្ត្រី​ក្របខ​ណ័ស​រុប​៣៤​រូប​ស្លាប់​ម្នាក់ ប៉ុន្តែ​នៅ​មាន​ឈ្មោះ​បើក​ប្រាក់ខែ និង​មន្ត្រី​ជាប់​កិច្ចសន្យា​១០​រូប ប៉ុន្តែ​៤​រូប​ជា​មន្ត្រី​កិច្ចសន្យា​ខ្មោច​។​

​តាម​មន្ត្រី​នៅក្នុង​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពង់ធំ​បានឲ្យដឹងថា នៅ​ឆ្នាំ​២០១៣​មន្ទីរ​មួយ​នេះ​បាន​ចំណាយ​ថវិកាជាតិ​សរុប​អស់​៣៦៧,៣៨៧,៩០០​រៀល ក្នុងនោះ​ជំពូក​៦០​អស់​ចំនួន​៧១,០៨៥,៧០០​រៀល ជំពូក​៦១​អស់​២៦,២១០,០០០​រៀល ជំពូក​៦២​អស់​២៦,៣៦៨,២០០​រៀល ជំពូក​៦៤​អស់​១៩៣,៧៤៤,០០០​រៀល ជំពូក​៦៥​អស់​ចំនួន​៤៩,៩៨០,០០០​រៀល ។​

​សម្រាប់​គម្រោង​ចំណាយ​ឆ្នាំ​២០១៤ ដែល​មិន​ទាន់​អនុវត្តន៍​បញ្ចប់​គឺមាន​ថវិកា​សរុប​៤៩៩,០​លាន​រៀល ក្នុងនោះ​ជំពូក​៦០​ចំនួន​៦៥,០​លាន​រៀល​ជំពូក​៦១​ចំនួន​៣០,០​លាន​រៀល ជំពូក​៦២​ចំនួន​៣២,០​លាន​រៀល ជំពូក​៦៤​ចំនួន​៣១៣,០​លាន​រៀល ជំពូក​៦៥ អស់​៥៩,០​លាន​រៀល ប៉ុន្តែ​ថវិកា​ទាំងនេះ​ឥឡូវនេះ​ត្រូវបាន​គេ​ចាយ​អស់​មួយចំនួនធំ​ទទ្ទឹម​គ្នា​នោះ​ក៍​អង្កេត​ឃើញថា​មាន​អំពើ​ពុករលួយ​យ៉ាងធ្ងន់ធ្ងរ ដែល​ចាំបាច​ស្ថាប័ន​ពាក់ព័ន្ធ​គួ​ត្រួតពិនិត្យ​ការចំណាយ​នានា នៅក្នុង​មន្ទីរ​មួយ​នេះ​ឲ្យបាន​ស៊ីជម្រៅ​និង​ជួប​សម្ភាស៍​គ្រប់​មន្ត្រី​ធំ​តូច​រួម​និង​ពលរដ្ឋ​ដែល​ជា​អ្នកទទួល​ផលប្រយោជន៍​នៃ​ការចំណាយ​ខាង​លើ​ឲ្យបាន​ដល់​មូលដ្ឋាន និង​រក​ឃើញ​ការពិត​ជា​មិន​ខាន​៕​
2014-10-31_090730

មតិយោបល់