អ្នកនិពន្ធទំនុកច្រៀង និង Melody របស់ផលិតកម្មថោន ដ៏មានប្រជាប្រិយភាព លោក យឹម តាស្រង់ បានបង្កើតបទជាស្នាដៃកូនខ្មែរជាច្រើនបទ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់យុវវ័យ
និងអ្នកតាមដានសង្គមសិល្បៈ ។ យឹម តាស្រង់ គឺជាអ្នកនិពន្ធម្នាក់កើតចេញពីកូន កសិករ និងអ្នកស្រែសុទ្ធសាធ ដោយឆ្លងកាត់ប្រវត្តិជូរចត់ ជាច្រើន ទើបមានពន្លឺត្រចេះត្រចង់ នាពេលបច្ចុប្បន្ន ។
ប្រភពបានទម្លាយពីចរិកនិពន្ធទំនុកច្រៀងរបស់ យឹម តាស្រង់ ឲ្យដឹងថា “អ្នកនិពន្ធរូបនេះ បើមិនបានធ្វើអ្វីជារបស់ខ្លួនឯងគឺមិនអស់ចិត្ត ពោលគឺ ការគិតចេញពីប្រអប់ខួរក្បាលរបស់ខ្លួនដែលធ្វើឲ្យ គាត់មានបច្ចុប្បន្នភាពដ៏ល្អយ៉ាងនេះ ហើយចុងក្រោយនេះឈានដល់ការនិពន្ធទំនុកច្រៀង និង ធ្វើ Melody ថ្មីជាស្នាដៃកូនខ្មែរ តែបើសិនជាបទ បរទេសវិញ គាត់មិនបានបកភាសាគេនោះទេ ដោយស្តាប់កាដង់ភ្លេងណែងណង់ រួចក៏ចាប់ផ្តើមគិត រកនឹកសរសេរអ្វីដែលជារបស់ខ្មែរវិញ បើទោះបីបទនោះជារបស់បរទេសក៏ដោយ និយាយជារួមមកគឺមិនបកប្រែបទគេទាំងដុល” ។
អ្វីដែលឆ្លុះបញ្ជាំងឲ្យយើងយល់ច្បាស់អំពី យឹម តាស្រង់ នោះគឺថ្មីៗនេះ អ្នកនិពន្ធដ៏មានឥទ្ធិពលវ័យក្មេង បានសរសេរលើហ្វេសប៊ុកថា “អត់យល់អារម្មណ៍អស់លោកអ្នកនិពន្ធទំនុកច្រៀង
បកប្រែពីបទដើមគេ និងលួចច្បិចយកន័យពាក្យពីបទដើមគេមកជាភាសាខ្មែរអោយអ្នកចម្រៀងច្រៀង….តើគាត់អត់គំនិត ឬពួកគាត់ខ្ជិល ?ពេលខ្លះទង្វើររបស់អស់លោកធ្វើនេះគឺអោយគេវាយតម្លៃនិងបន្ទាបបន្ថោកអ្នកនិពន្ធទំនុកច្រៀងដែលមានអាជីពដូចអស់លោកដែលគេខិតខំរកនឹកចេញពីខួរក្បាល………….
សូមអាណិតអ្នកដែលមានអាជីពដូចអ្នកផង កុំទៅដល់ណាគេថាសួរថាអ្នកឯងបកប្រែចម្រៀងនៅផលិតកម្មណា? ខ្ញុំលឺសំនួរនេះចង់ឆ្អែត ” ។ ឃ្លានេះដែរ វាកំពុងតែរុញច្រាន លោក ឲ្យអ្នកដែលនិយមបកប្រែបទគេនោះ ស្អប់លោកហើយ តែទោះជាយ៉ាងណា ធាតុពិត វាចឹងមែន ដោយជាក់ស្តែង អ្នកដឹកនាំម្នាក់ដែលមិនបញ្ចេញឈ្មោះ ធ្លាប់បាននិយាយថា “បើមិនឲ្យកូពីពីគេម៉េចកើតទៅ ព្រោះខាងផលិតកម្មតម្រូវឲ្យធ្វើដូចនោះ ម្យ៉ាងបទចម្រៀងខំគិតឡើងបែកខួរ បានតម្លៃតែ ១៥ ដុល្លារ ទៅ ២០ ដុល្លារ ហើយការដឹកនាំសម្តែងទៀតសោត ឲ្យ ពី ៤០០ ទៅ ៥០០ ដុល្លារឲ្យគ្នាដឹកនាំសម្តែង ចឹងមានតែកូពី ពីគេទៅឆាប់ហើយ ថែមទាំងល្បីឆាប់ទៀត” ។
សូមបញ្ជាក់ផងដែរថា បើទោះបីជា យឹម តាស្រង់ រិះគន់រឿងបកប្រែទំនុកច្រៀងពីបរទេសនៅតែមានក្តី តែការធ្វើសាច់ភ្លេង និងទំនុកច្រៀងថ្មី តាមបណ្តាផលិតកម្ម ធំៗ កំពុងតែផុសផុល ដោយងាកមកធ្វើអ្វី ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ និងដើម្បីសង្គមជាតិទាំងមូល កុំឲ្យគេដៀលថា ខ្មែរមិនចេះអ្វី ក្រៅពីកូពីគេនោះ ៕
មតិយោបល់