កំពង់ឆ្នាំង៖ មន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅល្ងាចថៃ្ងទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមួយចំនួនទៅផ្តល់ជូនស្ត្រីរងគ្រោះឈ្មោះ មាស ពីង អាយុ៣៥ឆ្នាំ នាងមានកូន៤នាក់ តែកូនតូចម្នាក់ទើបអាយុ២ខែ មានស្វាម៉ីឈ្មោះ យឺន បុរី អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិអណ្តូងរនុក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដែលនាងបានរងគ្រោះរលាកភ្លើងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៤។
លោកចេង ចាន់ដូណា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងជាអភិបាលរងស្រុកកំពង់លែងបានអោយដឹងថា៖ ក្រោយពីកាសែតមានការចេញផ្សាយ រៀបរាប់ពីទុក្ខលំបាករបស់ស្ត្រីរងគ្រោះដែលបានរងការ រលាកភ្លើងមួយកំណាត់ខ្លួន និងបណ្តាលអោយខូចភ្នែកមួយចំហៀងផងនោះ ថែមទាំងស្ត្រីរូបនោះមានកូន៤នាក់ក្នុងបន្ទុក និងមានកូនតូចអាយុទើបតែ២ខែទៀតនោះទាស់គ្មាន ទឹកដោះអោយកូនបៅ រួមទាំងកំពុងជួបការខ្វះខាត ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានផ្តល់អំណោយតាមរយះ លោក ចេង ចាន់ដូណា យកមកជូនស្ត្រីរងគ្រោះរួមមាន៖ ថវិកា១២ម៉ឺនរៀល,សារ៉ុង២,អាវយឺត២,ទឹកដោះគោឆៅ២យួរ,ទឹកផ្លែឈើ១កេះ និងមីយើង១កេះ សំរាប់ជួយជីវភាពក្នុងពេលសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
លោក សោម សុជាតា អនុប្រធានសហភាពសហព័ន្ធយុវជនខេត្តបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងដល់ស្វាម៉ីនិងស្ត្រីរងគ្រោះត្រូវធ្វើយ៉ាងណាអនុវត្តការព្យាបាលតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យនិងត្រូវចេះថែទាំងសុខភាពខ្លួនអោយបានល្អទើបឆាប់ជាបានទៅប្រកបមុខរបបចិញ្ចឹមជីវិតនិងចិញ្ចឹមកូនៗអោយបានទៅរៀនសូត្របន្តទៀត។
ស្ត្រីរងគ្រោះ និងប្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ហេង ពិទូ និងមន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានយកចិត្តទុកដាក់ដល់គ្រួសារគាត់ដែលកំពុងរងគ្រោះ និងសូមអោយឯកឧត្តមលោកលោកស្រី ជាសប្បុរជន ជួបតែសេចក្តីសុខនិងទទួលបានជ័យជំនៈគ្រប់ទួនាទីនិងភារកិច្ច៕
មតិយោបល់