ភ្នំពេញ៖ បន្ទាប់ពី នាយ ពែកមី ខំបិទបាំង គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកដងទង់ ខេត្តកំពត នោះ ប្រភពដែលអាចយកជាការបាន កៀកស្និទ្ធ និងតារាសម្តែងសាច់សខ្ចី ឡុង ថាវវី ដែលមានជាប់ទាក់ទងស្នេហា ជាមួយនឹងតារាចម្រៀង Eno បានទម្លាយឲ្យដឹងថា “គ្រោះថ្នាក់ចរាចរណ៍ពិតជាកើតមានមែន នៅខេត្តកំពត កាលពីក្បាលព្រលប់ ថ្ងៃទី ១២ ខែ វិច្ឆិកា ដែលបណ្តាលឲ្យរថយន្ត Lexux 470 ខូចដំបូលខាងលើទាំងស្រុក បន្ទាប់ពីគេចគោមួយហ្វូង ដើរឆ្លងថ្នល់ ។ តែសំណាងល្អ មិនបណ្តាលឲ្យនរណាគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ដោយក្នុងរថយន្តនោះមាន នាយពែកមី នាយក្រាន់ ប្អូននាយពែកមី តារាសម្តែង ហេង ស្រីពេជ្រ និង អ្នកដែលសន្លប់គឺតារាសម្តែងសាច់សខ្ចី ឡុង ថាវរី ព្រោះនាងភិតភ័យពេក” ។ ប្រភពខាងលើបានបន្តថា “ដោយសារតែបញ្ហានេះដែរ តារាសម្តែង ហេង ស្រីពេជ្រ និង ឡុង ថាវរីក៏បានធ្វើដំណើរ ទាំងយប់មកកាន់ភ្នំពេញវិញ ដោយជួលរថយន្តតាក់ស៊ី អស់ ៩០ ដុល្លារ តែយើងក៏មិនដឹងថា ហេតុអ្វី តារាកំប្លែងនេះ ព្យាយាមបិទបាំងព័ត៌មានឡើយ ឬ ក៏គាត់ខ្លាចប្រជាប្រិយភាពធ្លាក់ចុះ ” ។
បន្ថែមលើពីនេះដែរ អ្នកលេងហ្វេសប៊ុកម្នាក់ភេទស្រី បានអះអាងថា “នាយពែកមី ពិតជាគ្រោះថ្នាក់ចរាចរណ៍មែន ព្រោះហេតុការណ៍នេះបានកើតឡើង នៅក្បែរផ្ទះរបស់នាង ” ។ អ្វីដែលកាន់តែច្បាស់ជាងនេះទៅទៀត ប្រភពព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយ ដោយភ្ជាប់មកជាមួយនឹងរូបភាព ឆ្លុះបង្ហាញថា នាយពែកមី ពិតជាជួបគ្រោះថ្នាក់ចរាចរណ៍មែន ដែលធ្វើឲ្យ តារាកំប្លែងរូបនេះ អស់ពាក្យនិយាយ ។
ការភូតកុហករបស់នាយពែកមី អាចនឹងធ្វើឲ្យប្រជាប្រិយភាពខ្លួនធ្លាក់ចុះ ហើយទំនងនៅថ្ងៃសៅរ៍ ស្អែកនេះ នាយពែកមី អាចនឹងបន្តកុហកទៀត ដោយយកមកលេងនៅក្នុងឈុតឆាកកំប្លែង ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ថាខ្លួនមិនជួបគ្រោះថ្នាក់ចរាចរណ៍ទេ ៕
មតិយោបល់