កំពង់ឆ្នាំង៖ យុវជនម្នាក់បានយកខ្សែនីឡុងចងកសម្លាប់ខ្លួននៅលើផ្ទះ ដោយគ្មានអ្នណាដឹងពីមូលហេតុច្បាស់លាស់ឡើយហើយមានសង្ស័យប្លែកៗពីគ្នា។ករណីធ្វើអត្តឃាតនេះបានកើតឡើងចន្លោះពីម៉ោង៦និង៣០នាទីព្រឹកទៅម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នៅពេលដែលម្តាយទៅលក់បន្លែនៅផ្សារលើពេលព្រឹក។
យុវជនចងកសម្លាប់ខ្លួនរូបនេះមានឈ្មោះ ជា សុជាតិ អាយុ១៩ឆ្នាំ មានមុខរបរជាអ្នករត់រទេះសេះស្ត្រីជាម្តាយឈ្មោះ យ៉ែម សុភាព អាយុ៤៩ឆ្នាំ បាននិយាយអោយសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងដឹងថាៈ គាត់មិនបានដឹងពីមូលហេតុនៃការសម្លាប់ខ្លួនរបស់កូនប្រុសគាត់នោះទេ តែកាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា កូនប្រុសគាត់បានសុំទៅមើលការប្រគុំតន្ត្រីនៅស្តាតចាស់ហើយបានសុំលុយគាត់៤ពាន់ទិញកាតទូរសព្ទ័និយាយលេងជាមួយសង្សារនៅឃុំក្រាំងលាវ។ លុះម៉ោង១២យប់ទើបត្រឡប់មកវិញ ពេលឃើញគាត់កំពុងអង្គុយមិនដេក កូនប្រុសគាត់សួរថាៈ ម៉េចម៉ែមិនសម្រានគាត់ឆ្លើយថាៈ អញចាំមើលផ្លូវកូនឯង ពេលនោះកូនប្រុសគាត់ថា បើខ្ញុំទៅណាបាត់មួយខែម៉ែឯងអង្គុយចាំខ្ញុំរហូតអត់សម្រានអញ្ចឹងអ្ហី ..! រួចគេក៏ដេកទៅ។
ព្រឹកឡើងម៉ោង៦កន្លះ ជាទម្លាប់គាត់តែងហៅកូនប្រុសគាត់អោយបររទេះសេះជូនគាត់ដឹកបន្លែ យកទៅលក់ក្នុងផ្សារលើ តែព្រឹកនេះគាត់មិនបានហៅទេ ព្រោះទុកអោយកូនដេកអោយអស់ងងុយ លុះម៉ោងជាង៩ព្រឹកពេលគាត់ត្រឡប់ពីផ្សារវិញ ស្រាប់តែឃើញកូនប្រុសគាត់ចងកនឹងខ្សែនីឡុងជាប់ធ្នឹមផ្ទះ គាត់ក៏ស្រែកយំហើយបានស្រាយកូនតម្លាក់មកក្រោម នឹកស្មានថាកូនមិនទាន់ស្លាប់ តែការពិតកូនគាត់បានស្លាប់បាត់ទៅហើយ។
ស្ត្រីជាម្តាយបានយំរៀបរាប់ថាៈ គ្រួសារគាត់អភ័ព្វណាស់៣ឆ្នាំមុនកូនប្រុសច្បងបានស្លាប់ដោយ
សារជម្ងឺ ឯប្តីគាត់ ឈ្មោះ ជា ចាន់ថន អាយុ៥០ឆ្នាំ បានស្លាប់កាលពី៣ខែមុននេះ ដោយគាត់គ្រាន់តែក្អួតហើយចូលដេកវិញក៏បានស្លាប់តែម្តង នៅសល់តែកូនប្រុស២នាក់ ម្នាក់ជាជនពិការ ពឹងតែលើកូន ប្រុសឈ្មោះ ជា សុជាតិ នេះម្នាក់គត់ដែលប្រកបមុខរត់រទេះសេះចិញ្ចឹមក្នុងគ្រួសារ តែពេលនេះវាបានចងកស្លាប់ចោលគាត់ទៀត។
អ្នកជិតខាងដែលជិតស្និតនិងយុវជនធ្វើអត្តឃាតរូបនេះបាននិយាយអោយដឹងថាៈ យុវជនរូបបានព្យាយាមសម្លាប់ខ្លួនចំនួន២លើករួចមកហើយ និងលើទី៣នេះគឺបានស្លាប់តែម្តង។ ដោយលើកទី១ គឺបានលេប ថ្នាំពេទ្យច្រើនគ្រាប់ ត្រូវបានជួយសង្គ្រោះទាន់ លើកទី២បានចូលបង្គន់ចងកសម្លាប់ខ្លួនតែបានអ្នកជិតខាងធាក់ទ្វារបង្គន់ជួយទាន់ និង លើកទី៣នេះក៏ស្លាប់មែន ការប៉ុនប៉ងសម្លាប់ខ្លួនទាំង២លើកមុននេះ ពេលគេដឹងខ្លួនវិញគេបាននិយាយប្រាប់មិត្តភ័ក្រគេថា រូបគេមិនបានដឹងខ្លួនថាបានធ្វអ្វីនោះទេ។ប្រជាពលរដ្ឋសង្ស័យថា ការធ្វើអត្តឃាតទាំងអស់ខាងលើនេះគឺជារឿងខ្មោចនាំ ឬកំរោលចូល។
ដោយឡែកសម្ត្ថកិច្ចនគរបាលដែលបានចុះទៅធ្វើកោសល្យពិច្ច័យលើសពយុវជនខាងលើបាននិយាយថាៈ គេពិតជាបានចងកសម្លាប់ខ្លួនឯងពិតមែន ដែលសមត្ថកិច្ចសង្ស័យថាជារឿងសង្សារបែកចិត្តសពជនធ្វើអត្តឃាតត្រូវបានសមត្ថកិច្ចប្រគល់ជុនម្តាយនិងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់