ត្បូងឃ្មុំ៖ អាជ្ញាធរមូលដ្ឋានបានអះអាងថា ការដ្ឋានកិនថ្មរបស់លោក ឧកញា លឹម ប៊ុណ្ណាចំណុច ស្ថិតខាងកើតភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ ។ ការប្រើម្សៅ (TNT) បំផ្ទុះយកថ្មលើសពីការអនុញ្ញាតរបស់ការិយាល័យជំនាញ និងក្រសួងឧស្សហកម្មរ៉ែ និងថាមពល បានកំណត់ បណ្តាលឲ្យលាន់ ឮ សម្លេងកក្រើកញ័រ និងបាចសាចអំបែងថ្ម ដុំថ្ម ហោះហើរពេញអាកាសសារ ធ្លាក់ស្រោចមកលើលំនៅដ្ឋាន ភូមិដ្ឋាន ស្រែចំការ ច្បារដំណាំធ្វើឲ្យពលរដ្ឋក្នុងភូមិស្រែសៀម រស់នៅក្នុងភាពភិតភ័យ និងរងផលប៉ះពាល់ដល់ការងារកសិកម្មយ៉ាងធ្ងន់ធ្ងរ ។
ប្រជាពលរដ្ឋភូមិស្រែសៀមបានអះអាងថា លើកមុនៗ និងកាលពីចុងសប្តាហ៍កន្លងទៅនេះ ការដ្ឋានបំផ្ទុះថ្មចំណុចខាងលើ បានធ្វើឲ្យពួកគាត់មានការភ័យ ខ្លាច ដោយសារកំទេចអំបែងថ្ម ហើរស្រោចមកលើតំបន់រស់នៅរបស់អ្នកភូមិ ។ សម្លេងបំផ្ទុះនៃម្សៅ(TNT) ឮ មិនចាញ់គ្រាប់ B.52 ឆ្នាំ៧៥នោះទេ ហើយបាននាំផ្សែងខ្មៅមកគ្របដណ្តប់លើភូមិទាំងមូល ព្រមទាំងបំណែកដុំថ្ម ហោះពួយទៅទំលុះជញ្ជាំងផ្ទះ ខ្លះធ្លាក់លើផ្លូវ លើដីស្រែ គួរឲ្យព្រួយបារម្ភ ព្រោះចំងាយពីការដ្ឋានមកភូមិមិនដល់៥០០ម៉ែត្រផង ។
លោក គង់ មេការការដ្ឋានកិនថ្ម បានបញ្ជាក់ថា ការដាក់បំផ្ទុះគឺធ្វើដូចពេលមុនៗ ពី៥០ ទៅ៦០រន្ត គាត់មិនដាក់ច្រើនទេ យើងអ្នករកស៊ីមិនចង់ឲ្យមានបញ្ហាជាមួយប្រជាពលរដ្ឋទេ ។ មានផ្លោងកំទេចដុំថ្ម តូចៗ ចំនួន២ដុំមែន ហើយគាត់បានទៅសុំទោស និងដោះស្រាយជូនអ្នកភូមិរួចហើយ ម្យ៉ាងទៀត មុនពេលផ្ទុះម្តងៗគឺក្រុមហ៊ុន បានធ្វើលិខិតសុំទៅភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាល អស់ហើយ យើងក៏មានដាក់កម្លាំងឈរ ការពារកុំ ឲ្យមានសត្វ ធាតុ មនុស្សម្នា ចេញមកក្រៅ ជៀសវាងកុំឲ្យមានបញ្ហា ព្រោះថ្មផ្ទុះវាមិនកំណត់ទេ មិនដឹងវាផ្លោងទៅខាងណាផង ការដ្ឋានកិនថ្មនេះ គឺមានអាជ្ញាប័នត្រឹមត្រូវ មានមន្ទីរឧស្សាហកម្មខេត្ត និងក្រសួងជាអ្នកផ្តល់ឲ្យ ។
លោក មិន ងុន មេឃុំជីរោទិ៍ទី២ បានបញ្ជាក់ដែរថា ផ្ទុះលើកក្រោយនេះពិតជាខ្លាំងជាងពេលមុនៗមែន អាចរាប់រយរណ្តៅលើសផែនការអនុញ្ញាតហើយ ធ្វើឲ្យប៉ះពាល់ ដល់ស្រែស្រូវ ផ្ទះសម្បែង របស់ប្រជាពលរដ្ឋ ។ ធ្វើនេះរំលោភលើការ ណែនាំរបស់ជំនាញ ក្រសួង អាជ្ញាធរ ឃុំ ស្រុក ខេត្ត ដែលបានកំណត់ឲ្យម្ចាស់ការដ្ឋានដុតម្តងតិចៗបានហើយ កុំដាក់ច្រើនរណ្តៅពេក វាញ័រ ប៉ះពាល់ដល់លំនៅដ្ឋានរបស់បងប្អូន ពិសេសផ្ទះរបស់គាត់(ផ្ទះមេឃុំ)មានការ ប្រេះស្រាំ ជាច្រើនកន្លែង ដុំថ្មប៉ើងចូលស្រែ ប្រជាជនថ្ងូរ ហើយប្តឹងពីការដ្ឋាននោះផងដែរ ៕
មតិយោបល់