ព័ត៌មានជាតិ

មក​ផឹក ឬ​មក​ស៊ីសាច់​ក្លែម​? ខឹង​ពេក​ទាញ​ចាន​គប់​រយៈ​ក្បាល​

​អំពើ​ហិង្សា​នៅ​ក្នុង​វង់​ផឹកស៊ី​មួយ បង្ក​ឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ជនដៃដល់​មិនទាន់​ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន​នៅ​ឡើយ​ទេ ។ ករណី​ហិង្សា រវាង​អ្នកផឹកស៊ី​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ស្ថិតនៅ​ភូមិ​អង្គ​តា​មោក ឃុំ​ប្រសូត ស្រុក​ស្វាយទាប ខេត្ដ​ស្វាយរៀង ។ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ប្រសូត
បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ជូ សុខ​ខឿន អាយុ​២៧​ឆ្នាំ ជា​កម្មករសំណង់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​រងរបួស​បែកក្បាល ។ ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា មុនពេល​កើតហេតុ មាន​បុរស​ឈ្មោះ ខា អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ភូមិ​ជាមួយគ្នា បាន​ហៅ​រូបគេ​ទៅ​ផឹកស៊ី នៅ​ផ្ទះ​បងប្អូន​ជីដូនមួយ ដោយ​មាន​គ្នា​ទាំងអស់​៤​នាក់​មាន​ឈ្មោះ យួន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ឈ្មោះ កេត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។​​នៅពេល​កំពុង​ផឹកស៊ី បាន​ប្រមាណ​ជាង​១​ម៉ោង ពេលនោះ ឈ្មោះ យួន ជា​ជន​បង្ក បាន​ក្លែម​សាច់​រហូត ដោយ​មិន​សូវ​ផឹកស្រា​នោះទេ ។ ពេល​នោះ​រូបគេ​បាន​និយាយ ទៅ​កាន់​ឈ្មោះ យួន បែប​លេងសើច​ប៉ុណ្ណោះ​ថា “​មក​ផឹក ឬ​មក​ស៊ីសាច់​ក្លែម​?” ។

បន្ទាប់​មក​ជនបង្ក ក៏​ឆ្លើយតប​វិញ​ថា “​ផឹក​គឺ​ស៊ី​ហើយ ចឹង​ទិញ​សាច់ក្លែម​មក​ធ្វើ​អី​!” ។ ជនរងគ្រោះ​បាន​បន្ដថា ការ​សួរ​ចុះ សួរ​ឡើង​នេះ គឺ​ខ្លួន​មានបំណង​ជជែកគ្នា​លេងសើច​ប៉ុណ្ណោះ តែ​មិន​ដូច​អ្វី​ដែល​ជនបង្ក​គិត​នោះទេ ។​

​បន្ទាប់មក​ឈ្មោះ ខា ក៏​បាន​ឆ្លើយតប​វិញ​ថា ផឹកស៊ី​ចាំបាច់​និយាយ​ច្រើន​ម្ល៉េះ​នាំ​តែ​ឈ្លោះ​គ្នា​ទេ ។ ឈ្មោះ ខា និយាយ​មិន​ទាន់​ចប់​ផង ឈ្មោះ យួន ក៏​បាន​ស្ទុះ​ទៅ​យក​ចាន ដាក់​សាច់​ក្លែម​គប់​មក​លើ​ក្បាល​ខ្លួន មិនតែប៉ុណ្ណោះ បាន​យក​ដំបង វាយ​ថែមទៀត ។ ភ្លាមៗ​នោះ ឈ្មោះ កេត ក៏​បាន​ទាញយក​ដែក​ស្រួច ចាក់​ចំ

​កំភួនដៃ​ខាងស្ដាំ របស់​ខ្លួន​បណ្ដាលឱ្យរ​ង​របួសធ្ងន់​ផងដែរ ហើយ​ត្រូវបាន​គេ​បញ្ជូន​ទៅ សង្គ្រោះ នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ដ ។​​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា សមត្ថកិច្ច​នៅ​ពុំទាន់​បាន​ឃាត់ខ្លួន​ជនដៃដល់​នៅឡើយ​ទេ ទំនង​ជា​សមត្ថកិច្ច រង់ចាំ​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​សិន ។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ បាន​លើកឡើង​ថា សមត្ថកិច្ច​មិន​គួរ​រង់ចាំ​ពាក្យបណ្ដឹង ជនរងគ្រោះ​នោះ​ទេ ឱ្យតែ​បទល្មើស​ជាក់ស្ដែង សមត្ថកិច្ច​ត្រូវតែ​មាន​វិធានការ ចាប់ខ្លួន​ជន​បង្ក​របួសស្នាម​នោះ​ភ្លាមៗ ៕​
2014-11-19_100838

មតិយោបល់