ខេត្តសៀមរាប៖ ពពួកសត្វព្រៃកម្រជាច្រើនប្រភេទមានដូចជាៈពស់វែក,អណ្តើក,ត្រកួត,ឈ្លូស,ជ្រូកព្រៃ,ជាដើម ត្រូវបានគេច្រកការ៉ុងដាក់តាមរថយន្ត និង ម៉ូតូពីតំបន់ទន្លេសាបនិងតំបន់ព្រៃភ្នំនៃខេត្តសៀមរាបយកមកលក់នៅទីប្រជុំជនក្រុងសៀមរាប ជាពិសេសលក់នៅតាមហាងផឹកស៊ីជាច្រើននៅម្តុំផ្លូវ៦០ម៉ែត្រ ជាក់ស្តែងនៅហាងស្រីមុំ ដែលមានលក់សត្វព្រៃគ្រប់ប្រភេទសម្រាប់តំរូវការរបស់អតិថិជន ហើយករណីនេះទំនងជាមានការបើកភ្លើងខៀវពីសំណាក់សមត្ថកិច្ចជំនាញមួយចំនួន ទើបសកម្មភាពជួញដូរសត្វព្រៃទាំងនេះនៅតែបន្តកើតជាយូរយាណាស់មកហើយ។
បើតាមប្រភពជាក់ស្តែងរបស់ភ្ញៀវដែលចូលទៅហូបចុកបានឲ្យដឹងថា ទីតាំងដែលមានលក់សត្វព្រៃគ្រប់ប្រភេទសម្រាប់ធ្វើជាអាហារទៅតាមតម្រូវការរបស់ភ្ញៀវនេះគឺស្ថិតនៅម្តុំផ្លូវ៦០ម៉ែត្រក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានយីហោ ហាងមួយចំនួនដូចជា៖ ហាងស្រីមុំ១,ស្រីមុំ២, ហាងម្លប់ស្បូវ៦០ម៉ែត្រ,ហាងចំប៉ីសៀមរាបជាដើមដែលមានលក់យូរយាណាស់មកហើយ។ប្រភពបានបន្តថា ចំពោះតម្លៃសត្វព្រៃដែលគេលក់ក្នុងមួយចានតម្លៃចាប់ពី១០ដុល្លាទៅ៥០ដុល្លា។ប្រភពបានបន្តទៀតថា ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបបានដាក់ការស្តីបន្ទោសយធ្ងន់ធ្ងរទៅលើអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ថា មានការធូររលុងក្នុងការ បង្ក្រាបបទល្មើស សត្វព្រៃ ដែលបណ្តែតបណ្តោយ ឲ្យឈ្មួញធ្វើចរាចរសត្វព្រៃចូលក្នុងទីរួមខេត្តដោយមិនគិតអំពីផលប៉ះពាល់ធនធានធម្មជាតិ ពិសេសសត្វព្រៃនេះតែម្តង ជាក់ស្តែង នៅក្នុងភោជនីយដ្ឋានមួយកន្លែងដែលមានដាក់ស្លាកយីហោភោជនីយដ្ឋានស្រីមុំ២ គឺជាទីកន្លែងលក់ ម្ហូបសត្វ ព្រៃគ្រប់ប្រភេទ ថែមទាំងមានលក់ដុំ និងរាយទៅតាមតម្រូវការភ្ញៀវមួយចំនួនដែលចូលចិត្តសាច់សត្វព្រៃ ហើយភោជនីយដ្ឋានស្រីមុំ បានបើកជាយូរឆ្នាំ មិនដែលមានក្រុម សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីជំនាញណាមួយហ៊ានចេញមុខមករំខានដល់ហាងនេះម្តងណាឡើយ ដោយខ្លាចអំណាចរបស់ប្តីម្ចាស់ហាង ស្រីមុំ ហើយទំនងជាម្ចាស់ហាងបានជូនលាភសក្ការៈមួយចំនួនដល់ថ្នាក់លើ ទើបសកម្មភាពទាំងនេះអាចដំណើរការយ៉ាងរលួន។ ប្រភពដដែលបន្តទៀតថាៈម្ចាស់ភោជនីយដ្ឋានស្រីមុំ គឺជាមន្ត្រីមួយរូបនៃកងរាជអាវុធហត្ថខេត្ត។
កន្លងទៅប្រមុខនៃរាជរដ្ឋាភិបាលបានធ្វើការព្រមានយ៉ាងធ្ងន់ៗឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ជាពិសេសកងកំលាំងប្រដាប់អាវុធទាំងអស់ ត្រូវដកខ្លួនចេញឲ្យផុតពីអំពើល្មើសច្បាប់នានា ដោយងាកមកបង្ក្រាប និងជួយការពារធនធានធម្មជាតិ ដូចជា ព្រៃឈើ និងសត្វព្រៃជាដើមឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
ជុំវិញការលើកឡើងខាងលើនេះ លោក សូ ប្លាតុង អភិបាលស្តីទីក្រុងសៀមរាបបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ករណីទាំងអស់នេះលោកមិនទាន់បានដឹងនៅឡើយទេ ព្រោះមន្ត្រីជំនាញថ្នាក់ក្រោមមិនទាន់បានរាយការណ៍ទៅឲ្យលោកដឹងទេ។ប៉ុន្តែករណីនេះនៅពេលប្រជុំបូកសរុបការងារប្រចាំសប្តាហ៍លោកនឹងលើកយកមកជជែកគ្នាដើម្បីសុំគោលការណ៍តាមដាននិងបង្ក្រាបបទល្មើសទាំងនេះឲ្យមានការថយចុះ ព្រោះនេះជាអំពើខុសច្បាប់ ដែលយើងទាំងអស់គ្នាគួរតែរួមគ្នាទប់ស្កាត់ ដើម្បីឲ្យសត្វព្រៃនៅគង់វង់បានច្រើន សម្រាប់ទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់៕
មតិយោបល់