ព័ត៌មានជាតិ

ម្ចាស់ខ្សែក្រវាត់ស្រាសាច់ដុំ តូចចិត្ត​ប្រពន្ធមានប្រុសថ្មី ធ្វើអត្តឃាតខ្លួនឯង

បន្ទាយមានជ័យៈ កីឡាប្រដាល់ជើងចាស់ ផាន់ ផាណាត និងជាម្ចាស់ខ្សែក្រវាត់ស្រាសាច់ដុំ បាន​យកក្រមាចងកនឹងធ្នឹមផ្ទះសម្លាប់​ខ្លួនឯង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ស្ថិតក្នុងភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយបន្សល់ទុក​កូនតូចៗ និងឪពុកម្តាយចាស់ជរាគ្មានទីពឹង។

បើតាមការរៀបរាប់ទាំងទឹកភ្នែករបស់ម្តាយកីឡាករ ផាន់ ផាណាត បានឲ្យ​ដឹងថា ចាប់តាំងពី​បែក​បាក់ប្រពន្ធ កូនរបស់គាត់ចេះតែត្អូញត្អែថា ពិបាកចិត្តណាស់​មិនចង់រស់ទេ។ កូន​គាត់បានប្រាប់គាត់ថា ប្រពន្ធរបស់ខ្លួនបានបែកចិត្តទៅយកប្រុសថ្មីហើយ ដោយចោលរូបគេ និងកូន៣នាក់ ដូច្នេះរូបគេលែងចង់រស់ទៀតហើយ។ ពួកគាត់ជាម្តាយនិងជីដូនបានខិតខំពន្យល់យ៉ាងណា ក៏ ផាន់ ផាណាត ហាក់មិនស្ងប់ចិត្តដែរ លុះដល់ម៉ោងប្រមាណជាង១០យប់ ស្រាប់តែប្រទះឃើញកូនគាត់បានយកក្រម៉ាចងកនឹងធ្នឹមផ្ទះស្លាប់ទៅហើយ។

លោក រស់ សំបូរ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកមង្គលបូរី បាននិយាយថា កីឡាករ​ ផាន់ ផាណាត ស្លាប់ក្នុងអាយុ៣៦ឆ្នាំ មានកូនប្រុសស្រី៣នាក់ មានម្តាយនិងឪពុកចាស់ជរាដើរមិនរួច ហើយប្រពន្ធដែលបែកចិត្តយកប្តីថ្មីមានឈ្មោះ ពៅ ទូច អាយុ៣៥ឆ្នាំ។

បច្ចុប្បន្នសាក​សពកំពុងតែតម្កល់ធ្វើបុណ្យនៅនឹងគេហដ្ឋាន។ ប៉ុន្តែអ្វីដែលគួរឲ្យ​អនិច្ចារបំផុតនោះ គឺគ្រួសារនេះក្រីក្រខ្លាំងមិនមានប្រាក់ធ្វើបុណ្យនោះទេ៕

មតិយោបល់