យុវជនម្នាក់វ័យជាង២០ឆ្នាំ ស្លៀកពាក់ខោជើងវែង នឹងអាវដៃវែង បានធ្វើជិះម៉ូតូម៉ាកនិច ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ហើយត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកក្នុងល្បឿនលឿនទៅកៀរបណ្តាលអោយយុវជននោះ ដួលម៉ូតូខ្ទាតជ្រុលបុកលូ នឹងបោកក្បាល នឹងក្បាលលូទុកចោល លើចិញ្ចើមផ្លូវស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង២នឹង២០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០១៤ស្ថិតនៅជិតមន្ទីរពេទ្យជោរៃ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
យុវជនដែលស្លាប់ ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ ដោយសារពេលយុវជនោះជួបគ្នាគ្រោះថ្នាក់ សមត្ថកិច្ចឆែកឆេរលើកខ្លួនប្រាណរបស់គេ មិនមានអ្វីសម្គាល់នៅជាប់ខ្លួនឡើយ ។ ដោយសមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុយុវជនខាងលើ បានជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CQ 9400 ធ្វើដំណើរតាមផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត គឺពីរាជធានីភ្នំពេញ ឆ្ពោះទៅស្រុកកៀនស្វាយ ដោយបានព្យាយាមជិះវ៉ារថយន្តមិនស្គាល់ម៉ាកមួយគ្រឿង រហូតមដល់ជិតមន្ទីរពេទ្យ ជោរៃ ស្រាប់តែរថយន្តនោះ បានបើកកៀរម៉ូតូរបស់យុវជន បណ្តាលអោយដួល និងរេចង្កូតឡើងលើចិញ្ចើមផ្លូវបុកលូ ដែលទុកចោលពេញទំហឹង ធ្វើអោយយុវជននោះ បោកក្បាលនឹងលូ បែកហូរឈាមស្រោចខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម ចំណែកម៉ូតូក៏ត្រូវរងការខូចខាតផងដែរ ។
ប្រភពដដែលបញ្ជាក់ថា ក្រោយកើតហេតុ សពរបស់យុវជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកយក ទៅតម្កល់ នៅឈាបនដ្ឋាន វត្តសំបួរមាស ដើម្បីរង់ចាំក្រុមសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ ខណ្ឌច្បារអំពៅ ចុះអន្តរាគមន៍ អូនយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ៕
ព័ត៌មានជាតិ
មតិយោបល់