ភ្នំពេញៈ ករណីអំពើហិង្សាបង្ករបួសស្នាមរវាងជនជាតិបរទេសចំនួន២នាក់ ដោយជនជាតិអាយលែនម្នាក់វាយជនជាតិបរទេសម្នាក់ទៀតបាក់ក្តោងច្រមុះនិងសន្លប់យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីម៉ោង៦:៥០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខាងក្រោយផ្សាររាត្រី។
ប្រភពឲ្យដឹងថា ជនបង្កមិនបានប្រាប់ឈ្មោះទេ មានសញ្ជាតិអាយលែន បានប្រាប់ថាគាត់មានកំហិង្ស ដោយសារជនរងគ្រោះបានយកលុយគាត់ចំនួន១៥០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារ) ដោយថ្ងៃកើតហេតុ គាត់បានជួបនិយាយ បង្កឈ្លោះ វាយគ្នាតែម្តង ចំណែកជនបង្កស្នាក់នៅម្តុំអាកាសយាន្តអន្តរជាតិពោធិ៍ចិនតុង ក្នុងផ្ទះសំណាក់ Brown House បន្ទាប់លេខ១៧២។
ប្រភពព័ត៌មានកន្លែងកើតហេតុបានប្រាប់ថា មានជនបរទេសចំនួន២នាក់ បានឈ្លោះប្រកែកគ្នានៅក្រោយផ្សាររាត្រី លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញបុរសមាឌធំនោះបានវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ រួចក៏បានដើរមកដល់ចំណុចរង្វង់មូលដើមពោធិ៍ទន្លេសាបត្រូវបានបងប្អូនអ្នករត់ម៉ូតូឌុបជួយឃាត់ទុក ដើម្បីរងចាំសមត្ថកិច្ចទទួលយក។
បច្ចុប្បន្ន ជនបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននរគបាលខណ្ឌដូនពេញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់