ព័ត៌មានជាតិ

ចោរ​មួយក្រុម​មាន​គ្នា​៦​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួ​យ​ដើម​ភ្ជង់​ប្លន់​ម៉ូតូ​ស្កុប​ពី សេរី​ឆ្នាំ​២០១៥ ពី​នារី​ម្នាក់​បាន​សម្រេច​

​ហេតុការណ៍​ដែល​បាន​បង្ក​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​ជិតខាង​ឆោឡោ ចេញ​មក​មើល​នោះ គឺ​បន្ទាប់ពី​នារី​ម្នាក់ បាន​ស្រែក​ថា​ចោរៗ ដែល​ត្រូវបាន​ចោរ​មួយក្រុម មាន​គ្នា​៦​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​ភ្ជង់​ប្លន់​ម៉ូតូ​ស្កុប​ពី សេរី​ឆ្នាំ​២០១៥ ពី​នារី​ម្នាក់​បាន​សម្រេច រួច​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ខណៈ​ដែល​រូប​នាង បាន​ចេញពី​រៀន រួច​ធ្វើ​ដំណើរ​មក​ដល់​មុខ​ផ្ទះ​ហើយ​នោះ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​នឹង​៣០​នាទី យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ ​តាម​សម្តី​រៀបរាប់ ពី​នារី​ជា​ជនរងគ្រោះ ដែល​មានឈ្មោះ កើត ចាន់​ដា​រ៉ា អាយុ​១៩​ឆ្នាំ មុខរបរ ជា​សិស្ស ស្នាក់​នៅ​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ រូបនាង​បាន​ជិះ​ម៉ូតូ​ស្កុប​ពី ពណ៍​ក្រហម​មួយគ្រឿង គ្មាន​ស្លាក​លេខ ចេញពី​សាលារៀន ក្នុង​គោលបំណង​ត្រឡប់មកផ្ទះ​វិញ ខណៈ​មក​ដល់​មុខ​ផ្ទះ​ទៅ​ហើយ​នោះ ស្រាប់តែ​មាន​ក្រុមចោរ​មួយក្រុម ជិះ​ម៉ូតូ​៣​គ្រឿង មាន​គ្នា​៦​នាក់ បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​ភ្ជង់ និង​គំរាម​បាញ់​នារី​រងគ្រោះ ។

​នារី​រងគ្រោះ​បន្ត​ទៀត​ថា ក្រុមចោរ​ក៏​បាន​យក​ម៉ូតូ​របស់​នាង តែ​ដោយសារ​ស្តាយ​នៅ​ម៉ូតូ​ថ្មី ដែល​ជា​របស់​ខ្លួន​នោះ នារី​រងគ្រោះ​បាន​ឆោឡោ​ឡើង​ថា​ចោរៗ ខណៈ​នោះ​ចោរ​ម្នាក់ ក្នុងចំណោម​៦​នាក់ បាន​បាញ់​ទៅលើ​នារី​រងគ្រោះ ចំនួន​៣​គ្រាប់ ប៉ុន្តែ​សំណាងល្អ គ្រាប់​ស្អុយ​មិន​ផ្ទុះ ដោយ​មាន​ការ​ភ្ញាក់ភ្អើល ដល់​ប្រជាពលរដ្ឋ​ជិតខាង ក្រុមចោរ​ក៏​បាន​យក​ម៉ូតូ​នារី​រងគ្រោះ ជិះ​គេចខ្លួន​បាត់​ស្រមោល​តែម្តង ។
​ក្រោយ​កើតហេតុ សមត្ថកិច្ច​និង​កម្លាំង​កងរាជអាវុធហត្ថ បាន​ចុះមក​ធ្វើ​ការអន្តរាគមន៍ រួច​នាំ​នារី​រងគ្រោះ ទៅ​ដាក់​ពាក្យបណ្តឹង នៅ​បុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន ៕

2014-11-24_104500

មតិយោបល់