កំពង់ឆ្នាំង៖ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានធ្វើឡើងនៅក្នុងសាលានយោបាយខេត្ត ដោយមានការរៀបចំរបស់មន្ទីរសាធារណៈការខេត្តសហការជាមួយក្រសួងសាធារណៈការ ក្រោមអធិបតីភាពឯកភាព លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនដោយមានការចូលរួមពីឯ.ឧអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្រុក លោកចៅសង្កាត់ និងមេឃុំនៅក្នុងខេត្តចូលរួមផងដែរ។
ឯ.ឧ ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងនៅក្នុងអង្គសិក្ខាសាលានេះថា៖មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះក្រសួងសាធារណៈការដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីអំពីផ្លូវថ្នល់នៅក្នុងពេលនេះ។
ខេត្តកំពង់ឆ្នាំងមានផ្លូវជាតិលេខ៥ឆ្លងកាត់ប្រវែង៩១គីឡូម៉ែត្រ, មានផ្លូវទឹក១១០គីឡូម៉ែត្រ,ផ្លូវដែកមានប្រវែង៧៣គីឡូម៉ែត្រ,ផ្លូវក្រាលកៅស៊ូក្នុងខេត្តមានចំនួន៥៣កំណាត់ប្រវែង១១៧,៩៨គីឡូម៉ែត្រ, ផ្លូវក្រាលគ្រួសក្រហមក្នុងខេត្តមាន៥៣កំណាត់ប្រវែង៦២៩,២៣គីឡូម៉ែត្រ,ផ្លូវដីសក្នុងខេត្តមាន២៤កំណាត់ប្រវែង១៨,១២គីឡូម៉ែត្រ, ផ្លូវបេតុងក្នុងខេត្តមានចំនួន៣កំណាត់ ប្រវែង០,៧៨៤គីឡូម៉ែត្រ។នៅក្នុងឆ្នាំ២០១៤នេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុងកំពង់ឆ្នាំងបានទទួលជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុនជួយជួសជុលផ្លូវជាតិលេខ៥ និងផ្លូវកៅស៊ូក្នុងក្រុងប្រវែងជាង៨គីឡូម៉ែត្រ និងប្រព័ន្ធលូមេបង្ហូទឹកការពារគ្រោះទឹកជំនន់នៅក្នុងក្រុងកំពង់ឆ្នាំងប្រវែងជាង៤ពាន់ម៉ែត្រ។ចំពោះសមិទ្ធិផលខាងថ្មីលើនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសាធារណៈការដែលបានគិតគូ និងបានដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង។
ឯ.ឧ លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងអោយដឹងថា៖ច្បាប់ស្តីពី ផ្លូវថ្នល់មាន១៣ជំពូក និង៨១មាត្រា ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ និងត្រូវបានប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ តាមរយៈព្រះរាជក្រមលេខ នស/រកម/០៥១៤/០០៨។
ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលបានបោះទុនវិនិយោគជាច្រើន ដើម្បីកសាង កែរលំអរ ជួសជុល ថែរទាំផ្លូវថ្នល់ និងស្ពាន ដើម្បីឆ្លើយតបទៅនឹងតំរូវការ និងបរិបទនៃសកម្មភាពចរាចរណ៍ដឹកជញ្ជូន ជាលក្ខណៈតំបន់ និងជាលក្ខណៈសកល។សំខាន់បានយកចិត្តទុកដាក់នូវគ្រប់កន្លែងនៃតំបន់ជនបទឆ្ងាយៗដែលមានសក្តានុពលសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
នៅក្នុងអង្គសិក្ខាសាលានេះឯ.ឧបានសំណូមពរដល់អង្គសមាជឹក សមាជិការនៃអង្គសិក្ខាសាលាទាំងមូល សូមចូលរួមលើកជាសំណួរ ឬលើកជាយោបល់អោយបានផុលផុស ក្នុងករណីមិនទាន់យល់ច្បាស់ត្រង់មាត្រាណា មួយនៃច្បាប់នេះ ដើម្បីអោយអ្នកជំនាញរបស់ក្រសួងបកស្រាយបំភ្លឺរួមគ្នា ដើម្បីងាយស្រួលអនុវត្តច្បាប់នេះប្រកបដោយតល្លាភាព សមភាព យុត្តិធម៌ ទប់ស្កាត់រាល់សកម្មភាពល្មើស ឬរំលោភលើដីចំណីផ្លូវ និងហេដ្ឋារចនាសំព័ន្ធផ្លូវថ្នល់ និងស្ពាន ការដឹកជញ្ជូនលើសទម្ងន់នៃកំរិតកណត់ និងហការកសាងឬជួសជុល ថែរទាំផ្លូវថ្នល់ស្ពានគ្មានគុណភាព។ត្រូវពង្រឹងយន្តការគណៈកម្មាការចំរុះត្រួតពិនិត្យយាន្តយន្តដឹកលើសទម្ងន់ ដោយសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់អោយបានជាដាច់ខាតដោយឈរលើមនសិការស្មោះត្រង់។
ឯ.ឧបានរំលឹកដល់មន្ត្រីរាជការនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនគ្រប់លំដាប់ថ្នាក់ អនុវត្តអោយបានខ្ជាប់ខ្ជួននូវបទបញ្ជារ និងវិធានកាណ៍ទាំង៤ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ១.ពិនិត្យខ្លួនឯងតាម ការចេះឆ្លុះកញ្ចក់ជាប្រចាំ,២.ត្រូវងូតទឹកលាងខ្លួនជាប្រចាំ,៣.ត្រូវចេះដុសក្អែលសំអាតខ្លួនឯង,៤.បើពុំនោះទេ នឹងក្លាយជាកម្មវត្ថុនៃការដាក់ថ្នាំ ឬរហូតដល់ការវះកាត់ទៀតផង៕
ព័ត៌មានជាតិ
មតិយោបល់