កំពង់ធំ៖ សំលេងឆ្លើយដាក់គ្នារកមុខមិនឃើញ មេខ្លោងអនុញ្ញាតិឲ្យមានការ ប្រមូលលុយពីអ្នកនេសាដាក់ឆ្នុកក្នុងឃុំពាមបាង ចំនួន៤ភូមិ ទឹកប្រាក់៤៨០លានរៀលស្មើរនិង១២ម៉ឺនដុល្លា ឲ្យលោក វៀងយ៉ាំងឡាំង ដែលជាជនជាតិវៀតណាម ដែលមានតួនាទីប៉ៅផ្តាច់រត់ការ ក្នុងការទិញទឹកចិត្តសមត្ថកិច្ចគ្រប់ជំនាញគ្រប់ស្ថាប័នដើម្បីបើកភ្លើងខៀវ ឲ្យអ្នកនេសាទដាក់ឆ្នុកយកត្រីដែលជាឧបករណ៍នេសាទខុសច្បាប់។
ប្រជានេសាទក្នុងឃុំពាមបាង បានផ្តល់បទសម្ភាសថា លោកជាជមក្រីក្រ រកព្រឹកខ្វះល្ងាច ចេញទៅនេសាទ បន្តិចបន្តួចនេសាទមិនបានត្រី តែដល់ឃើញគេនេសាទប្រើឧបករណ៍ខុសច្បាប់ ទៅប្រើនិងគេក៏ត្រូវគេហាម តែបើចង់នេសាទត្រីដោយសុវត្តិភាព ទាល់តែបង់ឲ្យគេតាមការកំណត់ ដោយមានអ្នកមេខ្លោងដែលជាអាជ្ញាធរ បើកដៃឲ្យឈ្មួញឈ្មោះ វៀង យ៉ាំងឡាំង ដែលជាជនជាតិវៀតណាម បានបញ្ជាឲ្យប្រធានសហគមន៍នេសាទ ៣នាក់ និងមេភូមិម្នាក់ ជាអ្នកប្រមូលលុយពីប្រជាពលរដ្ឋក្រីក្រ ក្នុងនោះមានឈ្មោះ លោក វ៉ាន់ ជាប្រធានសហគមន៍ ភូមិពៅវើយឲ្យប្រមូលលុយ១២០លានរៀល និងលោក ជា ជ្រឹង សហគមន៍ដូនស្តើង១២០លាន និងលោកសែត ចំរើន សហគមន៍ពាមបាង១២០លាន និងអនុប្រធានភូមិបាឡត ១២០លាន លោក ពូ បានមានប្រសាស៍បន្តថា ក្នុង១ម្ចាស់គេកំណត់ឲ្យដាក់ឆ្នុក៣ តែបើសិនជាចង់ដាក់ឆ្នុកតែមួយក៏ដាក់ ចុះតែត្រូវបង់ឲ្យសហគមន៍សម្រាប់ប្រមូលឲ្យលោក វៀង យ៉ាំងឡាំង ២លានរៀល តែបើដាក់ឆ្នុកទី២ ត្រូវបង់ ១លានរៀល និងឆ្នុកទី៣ បង់ត្រឹមតែ ៥០ម៉ឺនរៀល ដូច្នេះគោលការណ៍នេះ ត្រូវបង់ឲ្យក្នុងមួយម្ចាស់ ៣លាន ៥០ម៉ឺនរៀល ចំនួនឆ្នុក៣គ្រឿង ក្នុងមួយភូមិកំណត់ឲ្យមានឆ្នុក៦០គ្រឿង៤ភូមិស្មើរនឹង ៤៨០លានរៀល ។
លោក សែត ចំរើន និងសហគមន៍ ដ៍ទៃទៀតបាននិយាយថា លោកបានប្រមូលលុយមែន តែពេលខ្លះលោក ឡាំង ប្រមូលលុយខ្លួនឯង គឺពិតជាមានរៀងដូច្នេះមែន តែដោយការខិតខំប្រមូលលុយនេះ ដោយសារតែមានការអនុញ្ញាតិពីលោក យ៉ាន់ វីសាក់ និងមេឃុំ ហើយសន្យាថា ប្រមូលបានចប់និងជូបលុយសហគមន៍ ៣លានរៀល តែដល់ប្រមូលបានលុយ លោកមេឃុំ ផាន់ ផាន ក៏បិទទូរស័ព្ទមិនអាចទំនាក់ទំនងបាន ថែមទាំង មិនបាននៅប្រចាំការក្នុងឃុំដែរ បាត់ដំណឹងសូន្យឈឹង បណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋ គ្មានភាពកក់ក្តៅ ដោយសារតែនិយាយគ្នាថា ពេលបង់លុយហើយគ្មានជំនាញ ឬសមត្ថកិច្ចខាងណា មកយកចាប់ទៀតទេ តែការពិតមានអ្នកទៅចាប់កាប់ជារៀងរាល់ថ្ងៃ ចំណែកលោក វៀង យ៉ាំងឡាំង ប្រមូលលុយបានគេចខ្លួនបាត់ ស្រមោលឈឹង៤៨០លានរៀល ។
ពាក់ព័ន្ឋទៅនឹងបញ្ហានេះ លោក យ៉ាន់ វីសាក់ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ដែលមានតួនាទី គ្រប់គ្រង់ដែននេសាទ ឃុំពាមបាង និងឃុំផាត់សណ្តាយ បានឆ្លើយថា ពិតជាមានករណីប្រមូលលុយនេះមែន តែលោកបដិសេធថាពុំបានអនុញ្ញាតិឲ្យប្រមូលលុយនោះទេ ចំណែក លោក មេភូមិពាមបាង បានឆ្លើយ ថាលោក ពិតជាមិនដឹងទេថា លោកវៀង យ៉ាំងឡាំង បានទទួលការអនុញ្ញាតិមកពីណានោះទេ ចំណែកលោកសូម្បីតែមួយសេនក៏មិនដែលបានទទួលនោះទេ ។
ពាក់ព័ន្ឋទៅនឹងបញ្ហាការប្រមូលលុយ ៤៨០លានរៀល ស្មើរនឹង ១២ម៉ឺនដុល្លានេះ ពុំអាចវែករកមុខអ្នកមេខ្លោងនៅពីក្រោយការអនុញ្ញាតិបានទេ ម្នាក់ៗឆ្លើយដាក់គ្នាទៅវិញទៅមក ចំណែកមេឃុំ ផាន់ ផាន ដែលប្រជាពលរដ្ឋ ចាត់ទុកជាម៉ែ ជាឪ និងជាអាជ្ញាធរមូលដា្នសំខាន់ក្នុងរឿងនេះ គឺពុំអាចទំនាក់ទំនងបានទេបិទ ទូរស័ព្ទ០៩២ ៦៧៦ ៦៦០ និង ០៧១៧១២៥៦៧១បន្ទាប់ពីមានការប្រមូលលុយរួចរាល់ ដែលជាហេតុមិនអាចសុំការបំភ្លឺបាន ចំនែកលោក វៀង យ៉ាំងឡាំង បានគេចខ្លួនបិទទូរស័ព្ទ។
លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានឆ្លើយយ៉ាងខ្លីថាលោក មិនដឹងរឿងផង មិនដឹងទេ អ្នកណាធ្វើ អ្នកនោះអ្នកទទួលតាមផលចុះ ។ ចំពោះបញ្ហាការឆ្លើយដាក់គ្នាទៅវិញទៅមកនេះ គឺពុំទាន់អាចរកមេខ្លោងអ្នក អនុញ្ញាតិបានទេ ព្រមទាំងបានធ្វើឲ្យមានការរិះគន់ថា អាជ្ញាធរ ក្រលីងគ្រលោង ចេះឆ្លើយថាអត់ដឹងទៅរួច ព្រោះលោក វៀង យ៉ាំងឡាំងនេះ មិនមានស្រុកភូមិ ក្នុងឃុំពាមបាងបែរជាហ៊ានឲ្យប្រមូលលុយក្នុងឃុំ ក្នុង ភូមិ ហើយឆ្លើយថាមិនដឹង ប្រជាពលរដ្ឋមានការក្តៅក្រហាយ សំណូមពរឲ្យស្ថាប័នប្រឆាំងអំពើពុករលួយ តាមស៊ើបអង្កេតរឿងនេះផង៕
មតិយោបល់