ព័ត៌មានជាតិ

អាល្លឺម៉ង់​៖​ជើងហោះហើរ​រាប់រយ​ត្រូវ លុប​ចោល​ដោយ​កូដកម្ម​

​ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa របស់​អាល្លឺម៉ង់​បាន​ប្រកាស​លុប​ជើង ហោះហើរ​រាប់រយ​ក្រោយពេល​សមាគម​អាកាសយានិក​អំពាវនាវ​ឱ្យ​ធ្វើ​កូដកម្ម ជា​លើក​ទី​៩ ក្នុង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ ទី​១ និង​ទី​២ ខែ​ធ្នូ ។

​សមាគម​អាកាសយានិក​អាល្លឺម៉ង់ បាន​ប្រកាស​ឱ្យ​ដឹងថា ក្នុង​រយៈពេល​២​ថ្ងៃ ធ្វើ​កូដកម្ម ជើងហោះហើរ​នៅក្នុង​ស្រុក ទាំងអស់ ត្រូវ​ផ្អាក​ចាប់ពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី​១​ធ្នូ ដល់​ម៉ោង​២៣​និង ៥៩​នាទី​យប់​ថ្ងៃទី​២​ខែ​ធ្នូ ។ ការធ្វើ​កូដកម្ម នោះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ក្រុមហ៊ុន Lufthansa ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​ជាច្រើន ទៀត​ក្នុង​ប្រទេស​អាល្លឺម៉ង់ ក៏​រង​ផល​ប៉ះ ពាល់​ដូចគ្នា ។

​ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa ក៏​បាន​ប្រកាស​គម្រោង​ហោះហើរ​ពិសេស ជំនួស​វិញ លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​។ លើសពីនេះ​ទៀត ក៏​បាន​អំពាវនាវ​អាកាស យានិ​ក បុគ្គលិក​អាកាសចរ​ទាំងអស់ វិលត្រឡប់​មក​ធ្វើការ​វិញ បញ្ចប់​ការធ្វើ កូដកម្ម ។
​មូលហេតុ​ឈានដល់​ការធ្វើ​កូដកម្ម ជា​បន្ដបន្ទាប់​នេះ ដោយសារ​តែ​ក្រុម ហ៊ុន​មាន​គម្រោង​ដំ​ឡេង​អាយុ​ចូលនិវត្ដ ពី​៥៥​ឆ្នាំ ឡើងដល់ ៦០​ឆ្នាំ សម្រាប់​អ្នក ចូលនិវត្សរ៍​មុនកំណត់ និង​៦០-៦៥​ឆ្នាំ សម្រាប់​អ្នក​ចូលនិវត្ស​រ៍តាម​ក្របខ័ណ្ឌ ។ អ្នក​ដែល​ចូលនិវត្សរ៍​ត្រូវ​ទទួលបាន ប្រាក់ខែ​យ៉ាងតិច​៦០​ភាគរយ​នៃ​ប្រាក់ខែ បច្ចុប្បន្ន ។ ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa មាន​អាកាសយានិក ៥.៤០០ នាក់ ក្នុង​ចំណោម​សមាជិក​ក្រុម​ហោះ ហើរ ១​ម៉ឺន​នាក់ ។ អគ្គនាយក​ក្រុមហ៊ុន អាកាសចរណ៍ Lufthansa បានប្រកាស ឱ្យដឹងថា អាចនឹងទទួល​បាន​កិច្ច​ព្រម ព្រៀង​ជាមួយ​អាកាសយានិក​បញ្ចប់វិបត្ដិ ដែល​ធ្វើឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ធ្វើ​កូដកម្ម ឥតឈប់ឈរ ។

​គិត​ចាប់តាំងពី​ខែ​មេសា​ឆ្នាំ​២០១៤ មកទល់ពេលនេះ ក្រុមហ៊ុន Lufthansa មាន​បុគ្គលិក​ធ្វើ​កូដកម្ម​រហូតដល់​៩​លើក ហើយ​គិត​ទាំង​កូដកម្ម​លើក​នេះ ។ ការ ធ្វើ​កូដកម្ម​លើក​ទី​៨ អូសបន្លាយ​ដល់ ទៅ​៣៥​ម៉ោង ធ្វើឱ្យឃើង​ហោះហើរ ២​ភាគ​៣ ក្នុងចំណោម​២.៣៣០​ជើង​ត្រូវ លុបចោល ប៉ះពាល់​ដល់​អ្នកដំណើរ ១៦០.០០០​នាក់ និង​ធ្វើឱ្យ​ក្រុមហ៊ុន​ខាត បង់​គិត​ជា​ទឹកប្រាក់​១៦០​លាន​អឺ​រូ​៕

2014-12-02_152201

មតិយោបល់