ព័ត៌មានជាតិ

ក្រុមហ៊ុន​គ្មាន​អាជ្ញា​បណ្ណមួយ​គាស់ក​កាយ​ដី​គ្រួស​ក្រហម​ដឹក​តាម​សា​ឡង់ យកទៅ​លក់​រាប់ពាន់​ម៉ែត្រគូប​ពេល​អាជ្ញាធរ​ចុះទៅ​ហាមឃាត់​មិន​ខ្ចី​មើលមុខ​មិនដឹង​ខ្នង​គេ​ប៉ុណ្ណា​

​កំពង់ឆ្នាំងៈ​ក្រុមហ៊ុន​មួយ​បាន​គាស់កកាយ​ដី​គ្រួស​ក្រហម​ដឹកជញ្ជូន​តាម​រថយន្ត​បែន​ធំៗ​ដាក់​សា​ឡង់​រាប់ពាន់​ម៉ែត្រគូប​ពុំ​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ពេល​សមត្ថកិច្ច​ចំរុះ​របស់​ស្រុក​ចុះទៅ​ត្រួតពិនិត្យ​អាជ្ញាប័ណ្ណ គេ​មិន​ខ្ចី​មើលមុខ​ថែម​ទាំង​ដឺ​ដង​ទៀត​ផង មិនដឹង​ជា​គេ​មាន​ខ្នង​អ្នកណា​ទេ​។​ការចុះ​ទប់ស្កាត់​ករណី​ខាងលើ​នេះ​របស់​អាជ្ញាធរ​ស្រុក​រលាប្អៀរ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលា ប្អៀ​រ ជា​កន្លែង​សំចត​របស់​សាឡង់​ធំៗ​២​គ្រឿង ប៉ុន្តែ​ការទប់ស្កាត់​របស់​សមត្ថកិច្ច​ចំរុះ​ស្រុក​រលាប្អៀ​រគឺ​ពុំ​មានប្រ សិទ្ធ​ភាព​ឡើយ​។​
​ ​លោក សោម វឺ​ន អភិបាល​ស្រុក​រលាប្អៀរ​បាន​និយាយ​អោយដឹងថា​៖​ក្រោយពី​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​អំពី​ករណី​ខាងលើ​នេះ​លោក​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សុំ​មើល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន ប៉ុន្តែ​មេ​ការដែល​នៅ​គ្រប់គ្រង​សាឡង់​ដឹក​ដី​គ្រួស​ក្រហម​នៅ​ចំណុច​ខាងលើ​បាន​ឆ្លើយ​ប្រាប់ថា គេ​បាន​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​នេះ​ពី​លោក ឈឹម វុ​ឌ្ឍា អតីតៈ​អភិបាល​ស្រុក​រលាប្អៀរ​រួច​ហើយ​មិន​បាច់​ចង់​ដឹង​ទៀត​ទេ គេ​ថែមទាំង​ឌឺដង​មិន​ខ្ចី​មើលមុខ​លោក​ទៀតផង​។​បន្ទាប់មក​លោក​អភិបាលស្រុក​បាន​រាយការណ៍​ករណី​នេះ​ជូន​លោក​អភិបាលខេត្ត នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​បញ្ជារ​អោយ​សមត្ថកិច្ច​ចំរុះ​របស់​ស្រុក​រួមមាន អាជ្ញាធរ​ស្រុក នគរបាល​ស្រុក និង​កងរាជអាវុធហត្ថ​ស្រុក ចុះ​ទៅ​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ខាងលើនេះ​ជា​បណ្តោះអាសន្ន​ដើម្បី​អោយ​ក្រុមហ៊ុន​បង្ហាញ​អាជ្ញាប័ណ្ណ ឬ​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​អោយបាន​ត្រឹមត្រូវ ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​មិន​ស្តាប់​ការណែនាំ​របស់​សមត្ថកិច្ច​ចំរុះ​ឡើយ​។ ក្រោយ​ពី​ទប់ស្កាត់​ករណី​ខាងលើ​នេះ​មិនបាន​សំរេច លោក​អភិបាល​ស្រុក​រលាប្អៀ​របា​ន​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលខេត្ត និង​ដាក់​សំណើសុំ​សមត្ថកិច្ច​ចំរុះ​ថ្នាក់​ខេត្ត ចុះ​មក​អន្តរា​គម​ក្នុង​រឿង​ខាងលើនេះ​។​
​ ​ដោយឡែក​នៅ​ល្ងាច​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤ លោក​អភិបាល​ស្រុក​រលាប្អៀ​របា​ន​អោយដឹងថាៈ​នៅ​ល្ងាច​នេះ មាន​មេការ​ក្រុមហ៊ុន​ម្នាក់​ឈ្មោះ លោក​ផន ជា​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ចូលនិវត្តន៍​បាន​យក​លិខិត​កិច្ចសន្យា​មួយ​ច្បាប់​ចុះ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៤ របស់​ប្រធាន​ក្រុមហ៊ុន ឈ្មោះ​លោក ពៅ មុនី​ជាតិ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទី​៧ សង្កាត់​បឹងរាំង ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ មក​បង្ហាញ​ដែល​ក្នុង​លិខិត​នោះ​មាន​ហត្ថលេខា​ឯកភាព​ចុះ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៤ របស់លោក អ៊ុក រស់ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​រ៉ែ​ខេត្តកំពង់ឆ្នាំង បានអនុញ្ញាត​អោយ​ក្រុមហ៊ុន​ខាងលើ​នេះ​គាស់កកាយ​និង​ដឹកជញ្ជូន​ដី​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​ម៉ា​សេរី ដោយ​គ្មាន​ការឯកភាព​ពី​ថ្នាក់លើ​ឡើយ​។​
​ ​ការបង្ហាញ​ត្រឹមតែ​លិខិត​កិច្ចសន្យា​រវាង​ប្រធាន​ក្រុមហ៊ុន​គ្មាន​អាជ្ញា​បណ្ណ័ ជាមួយ​លោក​ប្រធាន​មន្ទីរ​ឧស្សា ហក​ម្ម​និង​រ៉ែ​ខេត្តកំពង់ឆ្នាំង សំរាប់​ការធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​ដឹក​ដី​រាប់ពាន់​រាប់​ម៉ឹន​ម៉ែត្រគូប​យកទៅលក់​នៅ​ទី​
​ក្រុងភ្នំពេញ បែបនេះ​គឺ​មិន​ត្រឹមត្រូវ​នោះឡើយ សម័យ​នេះ​ហើយ​កុំ​យក​ខ្នង​អ្នកធំ​មក​បន្លាច​គេ​ទៀត​។​
​គួរបញ្ជាក់​ថា​៖​កាលពី​ឆ្នាំមុន​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​បាន​ដឹក​ថ្មភ្នំ​តាម​រថយន្ត​បែន​ធំៗ មក​ដាក់​សា​ឡង់​បែប​នេះ​រាប់​ម៉ឺន​ម៉ែត្រគូប​យកទៅលក់​នៅ​កោះ​ពេជ្រ​បាន​បំផ្លាញ​ផ្លូវ​កៅស៊ូ​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ផ្លូវលំ​ជាច្រើន​គីឡូម៉ែត្រ​ក្នុង​ស្រុក​រលាប្អៀរ ត្រូវ​សមត្ថកិច្ច​ចំរុះ​ក្រសួង​សាធារណៈ​ការចាប់​ពិន័យ និង​ធ្វើ​កិច្ចសន្យា​អោយ​ជួសជុល​ផ្លូវ​សង​ខេត្តកំពង់ឆ្នាំង​វិញ មកដល់​ពេល​នេះ​ក្រុមហ៊ុន​នោះ​បាន​គេចខ្លួន​បាត់​មិន​ទាន់​ជួសជុល​ផ្លូវ​សង​ខេត្ត​វិញ​ផង​។​ឥឡូវនេះ​ស្រាប់តែ​កើត​រឿង​នេះ​មួយ​ទៀត​ហើយ ករណី​នេះ​ប្រជាពលរដ្ឋ​សំណូមព​រលោក​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា​ជួយ​ទប់ស្កាត់​អោយ​បាន​មិន​គួរ​អោយ​ក្រុមហ៊ុន​ឯកជន​មួយ​បំផ្លាញ​ដី បំផ្លាញ​ផ្លូវ​ក្នុង​ស្រុក​ខេត្ត​តាម​ទំនើងចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ឡើយ​៕

​ ​ ​2014-12-03_213156
​ ​

​ ​

មតិយោបល់