ព័ត៌មានជាតិ

លោក​មេឃុំ​អណ្តូង​ស្នាយ​ប្រតិកម្ម​មាន​គេ​ឈូស​ឆាយ​លុបរណ្តៅ​សំរាម​សាធារណៈ​

​កំពង់ឆ្នាំង​៖​លោក​មេឃុំ​អណ្តូង​ស្នាយ​និង​លោក​អភិបាល​ស្រុក​រលាប្អៀរ​បា​ន​ប្រតិកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ​ឆ្នាំ​២០១៤​នេះ​ថាៈរ​ណ្តៅ​ដាក់​សំរាម​សាធារណៈ​មួយ​កន្លែង​នៅ​ចំណុច​ខ្សាច់​ស ក្នុង​ឃុំ​អណ្តូង​ស្នាយ ត្រូវបាន​គេ​ឈូស​លុប​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ ធ្វើអោយ​ក្រុម​អនាម័យ​ដឹក​សំរាម​ពី​ទីផ្សារ​របស់​ស្រុក គ្មាន​អន្លុង​សំរាប់​ចោល​សំរាម ជាហេតុ​ធ្វើអោយ​ពួកគេ​យក​សំរាម​ទៅ​ចាក់ចោល​ពេញ​ព្រៃ​ក្បែរ​អន្លុង​សំរាម​ចាស់​។​

​ ​លោក សោម វឺ​ន អភិបាល​ស្រុក​រលាប្អៀរ​បាន​និយាយ​អោយដឹងថា​៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ លោក សុខ យ៉ាន មេឃុំ​អណ្តូង​ស្នាយ​បានមក​ត្អូញត្អែ​ររ​រាយការណ៍​អោយដឹងថា​៖​អន្លុង​ធ្លាប់​ចោល​សំរាម​ជា​សាធារណៈ​ជា​យូរ​ឆ្នាំ​មកហើយ​នៅ​ចំណុច​ខ្សាច់​ស​របស់​ឃុំ​អណ្តូង​ស្នាយ ត្រូវបាន​លោក យង់ សៅ​វុឌ្ឍី អនុប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតៈយុទ្ធជន​និង​យុវនិតិសប្បទា​ខេត្ត​កំពង់ឆ្នាំង​បាន​អៈ​អាង​ថា​ជា​ដី​កម្ម​សិទ្ធ​របស់លោក ហើយ​កាលពី​៣​ថ្ងៃមុន​នេះ លោក​បាន​ជួល​គ្រឿងចក្រ​មក​ឈួសឆាយ​លុប​
​រណ្តៅ​សំរាម​នោះ​អស់​ទៅហើយ ដែល​ធ្វើអោយ​ក្រុម​អនាម័យ​ដឹក​សំរាម​ពី​ទីផ្សារ​ក្នុងស្រុក គ្មាន​កន្លែង​ចោល​សំរាម​ឡើយ ធ្វើអោយ​ពួកគេ​ដឹក​សំរាម​យកទៅ​ចាក់ចោល​ពាសវាល​ពាសកាល​ពេញ​ព្រៃ​។​ករណី​ខាងលើ​នេះ​លោក​មេឃុំ​អណ្តូង​ស្នាយ​ស្នើសុំ អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ​អោយ​មាន​ទីកន្លែង​ចោល​សំ រាម​វិញ​ផង បើ​មិន​ដូច្នោះ​ទេ​ពិតជា​គ្មាន​កន្លែង​ចោល​សំរាម​ឡើយ​។​
​ ​ទាក់ទង​និង​ករណី​ខាងលើ​នេះ​អ្នកយកព័ត៌មាន​យើង​បាន​ទទួល​ព័ត៌មាន​ពី​លោក យង់ សៅ​វុឌ្ឍី តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា​៖​ចំណុច​ដីខ្សាច់​ស មាន​ទំហំ​៤៥​ហិកតា ដែល​មាន​អន្លុង​សំរាម​នៅ​ក្នុង​ចំណុច​នេះ​ទំហំ​ប្រមាណ​២០​ម គុណ​និង ៣០​ម គឺជា​កម្ម​សិទ្ធ​របស់​ឯកឧត្តម ឡួយ សឹម​ឈៀង បាន​កាន់កាប់​ជា​យូរណាស់​មកហើយ​។​នៅក្នុង​ឆ្នាំ​២០០៨ ឯកឧត្តម ឡូយ សឹម​ឈៀង បាន​លក់​ផ្ទេរ​ដី​ទាំងអស់​នេះ​អោយ​លោក​រដ្ឋលេខាធិការ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ និង​រូបលោក​កាន់កាប់​បន្ត​មក ហើយ​នៅ​ឆ្នាំ​២០១០ ក្រុមការងារ​វាស់វែង​ដីធ្លី​របស់​មន្ទីរ​សុរិយោដី​ខេត្ត ដឹកនាំ​ដោយ​លោក ចេង ញ៉ាន់ អភិបាលរង​ខេត្ត បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ​ស្របច្បាប់​រួចហើយ ឯកសារ​នេះ​លោក​បាន​រក្សាទុក​នៅក្នុង​ដៃ​។​ក្នុងករណី​ប្រតិកម្ម​រឿង​អន្លុង​សំរាម​ខាងលើនេះ លោក​និង​សំរួល​ដោះស្រាយ​ជីករណ្តៅ​ដាក់​សំ​រា​​ម​ថ្មី​មួយកន្លែង​ទៀត​ទំហំ​៣០​ម គុណ​និង ៣០​ម ដែល​នៅ​ក្បែរ​គ្នា ជួន​អាជ្ញាធរ​ឃុំ​អណ្តូង​ស្នាយ​វិញ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ លោក​បាន​អោយ​គ្រឿងចក្រ​ឈូសឆាយ​ព្រៃ​សំរាប់​ជីករណ្តៅ​សំរាប់​ដាក់​សំរាម​នេះ​រួច​ហើយ​។​
​ ​លោក សោម វឺ​ន អភិបាល​ស្រុក​រលាប្អៀរ​បាន​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ល្ងាច​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា​៖​ប្រសិន​បើ​លោក យង់ សៅ​វុឌ្ឍី សប្បទាន​ដី និង​ជួយ​ជីករណ្តៅ​ដាក់​សំរាប់​ដាក់​សំរាម​ជូន​ឃុំ​អណ្តូង​ស្នាយ​វិញ​មែន​នោះ ករណី​វិវាទ​រឿង​រណ្តៅ​ដាក់​សំរាម​ខាងលើ​នេះ​ពិតជា​ត្រូវ​បញ្ចប់​មិន​ពិបាក​ដោះស្រាយ​ទៀត​ឡើយ​។​ម្យ៉ាងវិញទៀត​លោក​សំណូមពរ ដល់ លោក យង់​សៅ វុ​ឌ្ឍី មេត្តា​ជួយ​ថតចំលង​ឯកសារ​កាន់កាប់​ដីធ្លី​ដែលថា​ស្របច្បាប់​របស់​លោក​ទំហំ​៤៥​ហិកតា​នោះ អោយ​អាជ្ញាធរ​ឃុំ និង​ស្រុក​បាន​ដឹង​ផង ដើម្បីអោយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​បានដឹង​ឮ ជៀសវាង​ការប៉ះពាល់​គ្នា​ទៅ​ថ្ងៃក្រោយ​ទៀត​៕
2014-12-03_212103

​ ​ ​ ​
​ ​

មតិយោបល់