កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន១៤៤នាក់នៅក្នុងភូមិកោះតាម៉ូវ និងឃុំព្រែកស្ពាន ឃុំកំពង់ព្រះគគីរ នៅព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៤ ត្រូវបានក្រុមការងាររបស់ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង២ក្រុម ហៅមកសាកសួរពិនិត្យស្នាមមេដៃជាមួយនិងលិខិតអន្តរាគមន៍ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលពួកគាត់ដាក់ជូនលោកអភិបាលខេត្ត សុំអោយជួយរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ថ្មី និងវែកមុខរកជនល្មើសដែលបានប្រព្រឹត្តបទល្មើសនៅក្នុងតំបន់អភិរក្សយកមកផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែមកដល់ពេលនេះលិខិតដែលប្រជារដ្ឋសុំអន្តរា
គមន៍នោះ គេមិនទាន់ចាត់ការនៅឡើយ បែរជាគេហៅប្រជាពលរដ្ឋមកពិនិត្យស្នាមមេដៃទៅវិញ ចំណែកបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សកាន់តែកើតច្រើនឡើងបន្តថែមទៀតគ្មានអ្នកបង្ក្រាបឡើយ។
លោក លី ឡា នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖យោងតាមចំណាររបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះ ក្រុមការងាររបស់ខ័ណ្ឌរដ្ឋបាលេជលផលបានចែកចេញជា២ក្រុម ក្រុមទី១បានហៅប្រជាពលរដ្ឋភូមិព្រែកស្ពានពិនិត្យមេដៃ,ក្រុមទី២បានហៅប្រជាពលរដ្ឋនៅភូមិកោះតាម៉ូវពិនិត្យមេដៃ។ គោលបំណងនៃការផ្ទៀងផ្ទាត់មេដៃនេះ គឺលោកអភិបាលខេត្តចង់ដឹងច្បាស់ថាតើមេដៃទាំងអស់នោះ ជាមេដៃរបស់ពួកគាត់ពិតប្រាកដឬមេដៃក្លែងក្លាយ ហើយពួកគាត់មានគោលបំណងដូចម្តេច ដើម្បីអាជ្ញាធរខេត្តមានវិធានការដោះស្រាយជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋនៅក្នុងភូមិកោះតាម៉ូវ បាននិយាយអោយដឹងថា៖ពួកគាត់ឆ្ងល់ណាស់ថាមេដៃទាំងអស់នោះគឺពួកគាត់ជាអ្នកផ្តិតសុំអោយលោកអភិបាលខេត្តអន្តរាគមជួយរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ថ្មី ព្រោះថាលោក ផាន់ ផល្លា ប្រធានសហគមន៍បច្ចុប្បន្នពុំបានបំពេញតួនាទីតាមលក្ខ័ន្តិកៈសហគមន៍ឡើយ ជាក់ស្តែងនៅក្នុងតំបន់អភិរក្សឃុំកំពង់ព្រះគគីរមានបទល្មើសនេសាទរាប់មិនអស់ដែលលោកប្រធានសហគមន៍បានឃុបឃិតជាមួយជនល្មើស បក្ខពួកសាច់ញាតិរបស់ខ្លួន មិនតែប៉ុណ្ណោះបានទារប្រាក់ពីប្រជានេសាទនៅក្នុងមូលដ្ឋានតាមទំនើងចិត្ត។ដូចជាអ្នកដាក់របាំងលបនៅដែននេសាទសាធារណៈទារយកពី២លានទៅ២កន្លះ ចំណែកអ្នកដាក់សម្រាស់ក្នុង១កន្លែងៗទារយក៥០ម៉ឺនរៀល បើមិនអោយគេទេគេនឹងហៅមន្ត្រីជំនាញមកបង្ក្រាប ចំពោះបក្ខពួកគេវិញ គេឃុបឃិតអោយប្រព្រឹត្តបទល្មើសនេសាទក្នុងតំបន់អភិរក្សម៉ាសេរី។មិនតែប៉ុណ្ណោះគេបានគំរាមថា បើមិនគាំទ្រគេធ្វើជាប្រធានសហគមន៍នេសាទទេនោះ គេនិងតាមប្រមាញ់តាមចាប់រហូតមិនអោយធ្វើការសាទបានឡើយ អោយពួកគាត់អត់បាយស៊ី សូម្បីតែទឹកទន្លេក៏មិនអោយចុះ និងមិនអោយផឹកបានដែរ។
ជាក់ស្តែងបទល្មើសនេសាទក្នុងតំបន់អភិរក្ស នៅថ្ងៃទី២៦ ខែវិច្ឆិកា និងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានប្រជាពលរដ្ឋស្ម័គ្រចិត្តជាសមាជឹកនៅក្នុងសហគមន៍នេសាទទៅចាប់បានជនល្មើសចំនួន៩នាក់ កាណូត៦គ្រឿង ពីងពុង១កាណូត កាប់បំផ្លាញរបាំងសាច់អួនរាប់ម៉ែត្រ និងលបលូសាច់អួន៣៧មាត់ និងនៅមានបទល្មើសនេសាទរាប់រយកន្លែងទៀតមិនទាន់បង្ក្រាប។
ទោះបីដឹងថានៅក្នុងតំបន់អភិរក្សក្នុងភូមិសាស្ត្រឃុំកំពង់ព្រះគគីរមានបទល្មើនេសាទជាច្រើនក៏ដោយ ក៏
លោក ផាន់ ផល្លា ប្រធានសហគមន៍នេសាទនៅតែឈរជើងយ៉ាងរឹងមាំជាប្រធានសហគមន៍នេសាទដដែល និងទោះបីប្រជាពលរដ្ឋប្តិតមេដៃរាប់រយនាក់ សុំផ្លាស់ប្តូរហើយក៏ដោយ ក៏នៅមានមន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុក នៅតែគាំទ្ររូបគេដដែលមិនដោះស្រាយតាមសំណូមពរប្រជាពលរដ្ឋឡើយ។ប្រជាពលរដ្ឋយល់ថា ការគាំទ្រអោយ
លោក ផាន់ ផល្លា នៅធ្វើជាប្រធានសហគមន៍ មានន័យថាគាំទ្រអោយមានបទល្មើសនេសាទជាបន្តទៀតនៅក្នុង
តំបន់អភិរក្ស។ជាក់ស្តែងប្រជាពលរដ្ឋសុំអន្តរាគមន៍អោយ អាជ្ញាធរខេត្តនិងសមត្ថកិច្ចស្រាវជ្រាវចាប់ជនល្មើសនេសាទក្នុងតំបន់អភិរក្សយកមកផ្តន្ទាទោសតាមច្បាប់បែរជាគ្មានស្ថាបន័ណាគិតគូរនោះឡើយ បែរជាគេនាំគ្នាចុះមកពិនិត្យស្នាមមេដៃប្រជាពលរដ្ឋដែលប្តឹងពីបទល្មើសទៅវិញ៕
មតិយោបល់