ព័ត៌មានជាតិ

ប្រកាស​តែងតាំង​អភិបាល អភិបាលរង​ស្រុក​សូទ្រនិគម​ចូលកាន់​មុខតំណែង​ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖​នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នៅ​សាលាស្រុក​សូទ្រនិគម មាន​ធ្វើ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ជា អភិបាល អភិបាលរង​ស្រុក និង នាយក​រដ្ឋបាល​សាលាស្រុក ក្រោម​អធិបតីភាព​លោក ប៊ុន ថា​ឬ​ទ្ធិ អភិបាលរង​ខេត្ត សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ប្រធាន​ក្រុមប្រឹក្សា​ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ផងដែរ ។
​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​អភិបាល​ស្រុក​សូទ្រនិគម​ស្តីទី ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​ពី​សកម្មភាព លទ្ធផល ដែល​បាន អនុវត្ត​បាន​កន្លងមក ព្រម​ទាំង​សមទ្ធិ​ផល​ដែល​បាន​ធ្វើ ការអភិវឌ្ឍន៍​បាន សម្រាប់​បម្រើ​ជូន​សាធារណៈ​ជនជាតិ និង អន្តរជាតិ ។
​បន្ត​មក​លោក សយ សូ​ផុន នាយក​ទីចាត់ការ​ធនធានមនុស្ស​នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​អាន​នូវ អនុក្រឹត្យ ស្តីពី​ការតែងតាំង​លោក ម៉ក់ ប្រុស ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​១២ ជា​អភិបាលស្រុក​សូ​និគម និង​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការតំឡើង​ឋានន្តរស័ក្កិ​និង​តែង​តាំងលោក ពិន សារិន ឋានន្តរស័ក្តិ​ក្រមការ​ដើមខ្សែ​ថ្នាក់​លេខ​៧​ឲ្យទៅ​ជា​ឋានន្តរស័ក្កិ​នាយក្រម​ការ​ថ្នាក់លេខ​៦​ទៅ​ជា​អភិបាលរង​ស្រុក​សូទ្រនិគម​និង លោក ស្រី សូវ សុធា​រ៉ា ឋានន្តរស័ក្តិ​នាយ​លេខាធិការ​រដ្ឋបាល ថ្នាក់​លេខ​២ ទៅ ជា​នាយក​រដ្ឋបាល សាលា​ស្រុក​សូទ្រនិគម ។​
​បន្ទាប់​ពី​ការប្រគល់​នូវ​អនុក្រឹត្យ សេចក្តីប្រកាស និង ត្រា ព្រមទាំង​ធ្វើ​ការប្តេជ្ញាចិត្ត​របស់​លោក​អភិបាលស្រុក​ថ្មី​ដែល​ទើបបាន​ចូលកាន់​តំណែង​រួចមក មានប្រសាសន៍​សំណេះសំណាល​នោះដែរ លោក​ប៊ុន ថា​ឬ​ទ្ធិ​អភិបាលរង​ខេត្ត​ក៏បា​ន​លើកឡើង​ថា ការតែងតាំង​នេះ​គឺ​ក្រសួង ក៏ដូចជា​អាជ្ញាធរ​ខេត្ត បាន​ពិនិត្យ​លើ​គុណសម្បត្តិ​យ៉ាង​ត្រឹមត្រូវ​របស់​មន្ត្រីរាជកា​រ​ដែល​បាន​បម្រើ​ការងារ ជូន​ប្រជាពលរដ្ឋ និង រាជរដ្ឋាភិបាល ដូច្នេះ​មន្ត្រី​ដែល​បាន​ទទួល​ការទុកចិត្ត ត្រូវខិតខំ​ម​ប្រើ​ការងារ​ឲ្យបាន​ល្អ​ថែមទៀត ពិសេស​ត្រូវ​ពង្រឹង លើ​កិច្ចសហប្រតិបត្តិការ សាមគ្គីភាព​ផ្ទៃក្នុង​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល នឹង​ក្រសួង​មហាផ្ទៃ​បាន​ដាក់ចេញ​។ លោក​ក៏​បាន​បន្តទៀតថា ស្រុក​សូទ្រនិគម គឺជា​បេះដូង​របស់​ខេត្ត ដែល​ជា​រា​ធានី​ក្រុង ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការបម្រើ​ដល់​វិស័យ​ទេសចរណ៍ ទាំង​ការ​សន្តិសុខ​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ អន្តរជាតិ ចូលមក​ស្នាក់​នៅ ទស្សនា​កម្សាន្ត ។​លោក ក៏ បាន បន្តទៀតថា ដើម្បី​បន្ត​និរន្តរភាព រដ្ឋបាល និង បន្ត​អនុវត្ត​ស្នាដៃ​ការងារ​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​នោះ​លោក​អភិបាលស្រុក​ដែល​ទើប​ចូល​កាន់ដំណែង​ថ្មី ក៏​ដូច​មន្ត្រី​ដែល​ទើប​បាន​តែង តាំង ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ និង ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបំពេញ​ភារកិច្ច នឹង ត្រូវ​ពង្រឹង​កិច្ច​សហ​-​ប្រតិបត្តិការ​ល្អ​ជាមួយ មន្ទីរ អង្គភាព ភូមិ ឃុំ​និង វិស័យ​ពាក់ព័ន្ធ​នានា សំខាន់​ការ​សាមគ្គីភាព​ផ្ទៃក្នុង ។ ដើម្បី​បញ្ជាក់​ជា​សក្ខីភាព​ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត​របស់​ថ្នាក់ដឹកនាំ​ក្រសួង គណៈ​អភិបាលខេត្ត ដែល​បាន​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត ចំពោះ​លោក​អភិបាលស្រុក​តែងតាំង​ថ្មី ។ លោក ក៏​បាន​គូសបញ្ជាក់ថា ខេត្ត​សៀមរាប​ជា​តំបន់​ទេសចរណ៍ បាន ជាប់​លំដាប់​ថ្នាក់​លេខ​២ ក្នុង​ទីកន្លែង​ដែល​ល្អ​ស្រស់​ចាប់ចិត្ត​ចូល​មក​ទស្សនា ក្នុង​តំបន់​អាស៊ី ហើយ​ជាប់​លំដាប់​ថ្នាក់​លេខ​១ ជា​តំបន់​បេតិកភណ្ឌ​ដ៏​ធំ​នៅ​លើ​ពិភពលោក ដែល​បច្ចុប្បន្ន​បាន​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ ចូល​មក​ទស្សនា​យ៉ាងច្រើន ដោយ​បាន​អន្តរជាតិ​ផ្តល់​នូវ​តម្លៃ និង ទទួលស្គាល់​ពី សន្តិសុខ សុវត្ថិភាព នៃ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ។ កត្តា​នេះ​ហើយ​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​គ្រប់​ថ្នាក់​នៃ​ស្រុក​សូទ្រនិគម ត្រូវ​ចូលរួម​ថែរក្សា នូវ​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​បង្កើតឲ្យមាន ក្នុង គោលដៅ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង ដើម្បី​ផលប្រយោជន៍​ជីវភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។ លោក​ក៏​បាន ធ្វើការ​ផ្តាំផ្ញើ ត្រូវ​ខិតខំ​បំពេញ​ការងារ​ទ្វេដង ដោយ​ស្មារតី​យកចិត្តទុកដាក់ នឹង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រឹងប្រែង​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង​ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញ​ការងារ​ជូន​តម្រូវការ​របស់​ប្រជាជន​ឲ្យ​កាន់ តែ​សកម្ម​ខ្លាំងក្លា និង ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំ រដ្ឋបាលខេត្ត ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ចូលរួម អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល និង គោលនយោបាយ​ចាត់តាំង នឹង​ដឹកនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​នៃ​ជួរ​គណៈ​អភិបាល ក្រុមប្រឹក្សា និង​មន្ត្រីក្រោមឱវាទ រដ្ឋបាល សាលាស្រុក ដោយ​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍​គ្រឹះ​ទាំង​៤​សម្រាប់​មន្ត្រី​មុខងារសាធារណៈ គឺ ឆន្ទៈ ម្ចាស់ការ មាន ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង​វប្បធម៌​សេវាសាធារណៈ ក្នុង​ការចូលរួម​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​បណ្តា​មន្ទីរ អង្គភាព​រដ្ឋ ខេត្ត ក្រុង ស្រុក សម្ព័ន្ធ​មេត្រីភាព អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន ដើម្បី​វឌ្ឍនៈភាព និង​ការអភិវឌ្ឍន៍​នៃ​ទីក្រុង​បុរាណ​ប្រវត្តិសាស្ត្រ ឲ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ស្រស់បំព្រង និង​រីកចម្រើន ថែម​ទៀត ៕
2014-12-11_210326

មតិយោបល់