ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៤ អង្គការភាពជាដៃគូមិនមែនរដ្ឋាភិបាល (NEP) ដោយមានកិច្ចសហការជាមួយនឹងអង្គការ DVV-International និង ASPBAE បានរៀបចំពិធីផ្សព្វផ្សាយ សេចក្តីថ្លែងការណ៍តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអប់រំក្រោយឆ្នាំ ២០១៥ និង សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំ អប់រំសកលចុងក្រោយ នៅសណ្ឋាគារសាន់វេ ជូនដល់មន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ។
កន្លងមកអង្គការយូណេស្កូ នៅប្រទេសអូម៉ង់ និងអង្គការយូណេស្កូ នៅទីក្រុងបាងកក បានរៀបចំកិច្ចប្រជុំថ្នាក់ពិភពលោកលើការអប់រំសម្រាប់ទាំងអស់គ្នា នៅថ្ងៃទី ១២ – ១៤ ខែ ឧសភា នៅប្រទេសអ៉ូម៉ង់ និងសន្នសីទថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក (APREC) នៅថ្ងៃទី ៦ – ៨ ខែ សីហា ឆ្នាំ ២០១៤ នៅបាងកកប្រទេសថៃ។
កិច្ចប្រជុំជាសកល និងសន្និសីទអប់រំថ្នាក់តំបន់ទាំងពីរនេះ មានគោលបំណងដើម្បីពិនិត្យមើលឡើងវិញនូវការរីកចម្រើននានា ដែលទទួលបានកន្លងមក ក្នុងការអនុវត្ត អប់រំសម្រាប់ទាំងអស់ (EFA) និងបានទទួលស្គាល់ថាពិភពលោកមានការផ្លាស់ប្តូរយ៉ាងច្រើន ចាប់តាំងពីសន្និសីទអប់រំពិភពលោក កាលពីឆ្នាំ ១៩៩០ និង ២០០០ មក និងថែមទាំងបានឆ្លុះ បញ្ជាំងឡើងវិញ នៃសម្លេងនៅក្នុងតំបន់សម្រាប់កិច្ចពិភាក្សា គ្នាលើការអប់រំជាសកលក្រោយឆ្នាំ ២០១៥ ។ នេះបើតាមប្រសាសន៍របស់លោក ជិន ចាន់វាសនា នាយកអង្គការភាពជាដៃគូអប់រំ នៃអង្គការក្រៅរដ្ឋាភិបាល (NEP) ។
ក្នុងវេទិកាសន្និសីទកាសែតនេះដែរ លោក ជិន ចាន់វាសនា បានឲ្យដឹងបន្តថា”ការរីកចម្រើនក្នុងការសិក្សា នៅកម្ពុជាវាផ្តើមចេញពី ការតាំងចិត្តរបស់គ្រូបង្រៀន ដើម្បីផ្តល់ចំណេះដឹងដល់សិស្ស តែការតាំងចិត្តនោះគឹត្រូវបូករួមទាំងប្រាក់ខែក្នុងកម្រិតមួយសមរម្យ ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ទើបធ្វើឲ្យការតាំងចិត្តផ្តល់ចំណេះដឹងដល់សិស្សសម្រេចបានគោលដៅ ។ ម្យ៉ាងវិញទៀត វាគឺអាស្រ័យលើសិស្សផ្ទាល់ដែរ ត្រូវតែយកចិត្តចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង នោះវានឹងធ្វើឲ្យ ការសិក្សានៅកម្ពុជារីកចម្រើន ” ។ក្រៅពីនេះរាល់សាលានានាត្រូវបំពាក់ឧបករណ៍គ្រប់គ្រាន់ តាមបែបបច្ចេកទេសសម័យថ្មី នោះ នឹងកាន់តែមានប្រសិទ្ធភាព ផ្តល់ចំណេះដឹងដល់សិស្ស ។លោកបានបន្តទៀតថា គ្រូបង្រៀនជាឆ្អឹងខ្នងនៃការអប់រំ ដូច្នេះ រដ្ឋាភិបាល និងអង្គការពាក់ព័ទ្ធគួរតែយកចិត្តទុកដាក់ចំពោះ ពួកគាត់ បើមិនដោះស្រាយនោះទេ ការអប់រំនៅកម្ពុជានឹងធ្លាក់ចុះជាក់ជាមិនខាន ។
សូមបញ្ជាក់ផងដែរថា សេចក្តីថ្លែការណ៍ និងកិច្ចព្រមព្រៀងខាងលើនេះបានរួមបញ្ចូលនូវអនុសាសន៍សម្រាប់របៀបវារៈអប់រំ និងការអភិវឌ្ឈន៍ក្រោយឆ្នាំ ២០១៥ ការពិនិត្យមើលលើក្របខណ្ឌ អន្តរជាតិ សម្រាប់សកម្មភាពអប់រំឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ដែលនឹងត្រូវអនុវម័ត នៅវេទិកាអប់រំពិភពលោក នៅក្នុងខែ ឧសភា ឆ្នាំ ២០១៥ នៅសាធារណៈរដ្ឋកូរ៉េ និង គោលដៅអភិវឌ្ឈន៍ប្រកបដោយនិរន្តរភាពក្រោយឆ្នាំ ២០១៥ ដែលនឹងត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិនៅខែ កញ្ញាឆ្នាំ ២០១៥ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក៕
មតិយោបល់