ខេត្តសៀមរាប៖ តូបលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូត្រូវបានអាជ្ញាធរក្រុងចេញសេចក្តីជូនដំណឹងចាប់ពីយប់ថ្ងៃទី១០រហូតដល់ថ្ងៃទី១៧ខែធ្នូជាកំហិត ដើម្បីឲ្យរុះរើតូបលក់ដូរអាណាធិបតេយ្យនៅតំបន់ផ្សាររាត្រីអង្គរឃ្យុងយូចេញសម្រាប់ធ្វើការរៀបចំកែលំអរ សណ្តាប់ធ្នាប់ និង បរិស្ថានក្នុងក្រុងឲ្យមានរបៀបរៀបរយឡើងវិញ បន្ទាប់ពីមានបទបញ្ជាពីថ្នាក់លើ។
តាមសម្តីពីក្រុមអាជីវករលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូបានប្រាប់នៅយប់ថ្ងៃទី១០ខែធ្នូនេះថា ពួកគាត់បានទទួលលិខិតដែលសមត្ថកិច្ចចែកឲ្យជាលើកទី២នៃ ការលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូជាយូរឆ្នាំមកនេះ ដើម្បីឲ្យពួកគាត់រុះរើឲ្យអស់នៅថ្ងៃទី១៧ខែធ្នូនេះ បើមិនដូច្នោះទេពួកគេនិងយកឡានមកយកឥវ៉ាន់របស់អាជីវកទាំងអស់។ប្រភពបានបន្តថា មិនដែលឃើញមានអាជ្ញាធរឬសមត្ថកិច្ចណាប្រាប់ភ្លាមធ្វើភ្លាមដូច្នេះទេ បើមិនធ្វើតាមពួកគេ គេនឹងឲ្យកូនចៅគំរាមឬចាប់ដាក់ច្រវ៉ាក់ថែមទៀតផង។ប្រភពពីអាជីករលក់ ខោអាវនៅតាមជួរកណ្តាលបាននិយាយប្រហាក់ប្រហែលគ្នាថា កាលពីផ្សាររាត្រីអង្គរឃ្យុងយូចាប់ផ្តើមតាំងពីឆ្នាំ២០០៧រហូតមកដល់ឆ្នាំ២០១៣ខ្ញុំបានបង់លុយទៅឲ្យលោក ម៉ុយ សុផលនិងលោក យ៉ោងសុវ៉ាន់ ដែលជាកូនចៅរបស់លោកកែវរក្សា ប្រធានការិយាល័យនគរបាលសណ្តាប់ធ្នាប់ខេត្តជាអ្នកប្រមូលលុយយកទាំងថ្លៃយាមឥវ៉ាន់ តែមិនដឹងគាត់នាំគ្នាយកលុយទៅជូនថ្នាក់លើដែរឬទេ។ប្រភពដដែលបានបន្តថា ទើបតែប៉ុន្មានថ្ងៃខែក្រោយពួកខ្ញុំទើបតែដឹងបែកធ្លាយរឿងលុយ១៥ម៉ឺនលានរៀលដែលត្រូវបានលោក អៀងសុផល ជាអ្នកប្រមូលលុយក្រោយ ហើយគាត់បានប្រាប់ពួកខ្ញុំថា លុយទាំងអស់នេះមិនមែនចូលហោប៉ៅរបស់ខ្ញុំទេ។គាត់យកទៅជូនលោក ប៊ុន ថា ឬទ្ធិមួយចំណែក និងបង់ជូនទៅកាកបាទក្រហមមួយចំណែក និងបង់ជូនទៅសាលាក្រុងមួយចំណែកទៀត ទើបធ្វើឲ្យអ្នកទាំងនោះនៅមិនសុខ ទើបសម្រេចចិត្តហៅ លោកអៀងសុផលទៅប្រជុំនៅសាលាខេត្តម្សិលមិញបញ្ឍប់គាត់មិនឲ្យមកទាក់ទងនៅក្នុងផ្សាររាត្រីអង្គរឃ្យុងយូរចាប់ពីចែកលិខិតនៅយប់ថ្ងៃទី១០នោះតែម្តង។ពេលពួកគាត់ឃើញលិខិតជួនដំណឹងមួយច្បាប់របស់សាលាក្រុងថា ត្រូវតែឲ្យពួកគាត់ធ្វើការរុះរើជាបន្ទាន់នៅថ្ងៃទី១៧ខែធ្នូ ដើម្បីរៀបចំសណ្តាប់ធ្នាប់ តែពួកគាត់មិនទទួលស្គាល់ញ្ញាតិរបស់សាលាក្រុងនោះបានទេ ព្រោះពួកគាត់បានទិញតូបទាំងនោះឲ្យលុយទៅប៉ូលិសឈ្មោះម៉ុយសុផលកាលពីពេលគាត់នៅកាន់កាប់ដំបូងម្លេះរួចរាល់អស់ហើយ ។
សូមរំលឹកថា សេចក្តីជូនដំណឹងរបស់សាលាក្រុងសៀមរាបលេខ២៩៥ សជណ ចុះថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៤និងលើកទី២ ដែលសេចក្តីជូនដំណឹងរបស់សាលាក្រុងលេខ៣០៩ ចុះហត្ថលេខាដោយលោកសូរ ប្លាតុង អភិបាលក្រុងសៀមរាបបានបញ្ជាក់ថា ដោយសង្កេតឃើញបច្ចុប្បន្ននេះ សកម្ម ភាពលក់ដូរក្នុងផ្សាររាត្រីអង្គរឃ្យូងយូគ្មានសណ្តាប់ធ្នាប់របៀប រៀបរយនិងសោភណ័ភាព ដូចជាមានការបោះបង្គោល ចាក់ដីលប់ប្រឡាយទឹក ពង្រីកនិងសាងសង់តូបលក់ដូរ,រោង,ស្កេកស្កះ គ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះចរាចរជាប្រចាំ។ ដូច្នេះ ដើម្បីរៀបចំទីតាំងនេះឲ្យមានសណ្តាប់ធ្នាប់ និងសម្រួល ចរា ចរណ៏លើផ្លូវជាតិដ៏សំខាន់នេះ ឲ្យអាជីវករទាំងអស់ ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖ទី១ ត្រូវធ្វើការរុះរើចេញឲ្យអស់ពីទីតាំងនេះនូវសំណង់នានាដូចជា តូប,រោង,គ្រែ,តុ,កៅអី,រនាប,បង្គោលជាដើម រួមទាំងឧបករណ៏ល្បែងក្មេងលេងកំសាន្តគ្រប់ប្រភេទចាប់ពីថ្ងៃទី១៧ខែធ្នូនេះជាកំហិត។ទី២/ត្រូវបានអនុញ្ញាតឲ្យដាក់លក់ដូរចាប់ពីម៉ោង១៦នាទីដល់ម៉ោង២៤នាទី នៅពេលបញ្ចប់ការលក់ដូឬរបស់អាជីវករទាំងអស់ត្រូវ រុះរើ រោង តូប គ្រែ តុកៅអី បង្គោល រទេះ រ៉ឺម៉ក លក់ដូរចេញឲ្យអស់ពីចំនុចផ្សាររាត្រីនេះ។ទី៣/ត្រូវបានរក្សាទុកផ្លូវធំកណ្តាលសម្រាប់សម្រួលដល់ការធ្វើចរាចរនិងទុកជាកន្លែងចំណត។ទី៤/ រាល់ការលក់ដូរទាំងអស់ត្រូវទៅតាំងលក់នៅតាមបណ្តោយផ្លូវអមសងខាងប្រឡាយវិញតាមផលរបរនិងទីតាំងដែលក្រុមការងារកំណត់ឲ្យ ដោយផ្អែក តាមស្ថិតិដែលបានស្រង់កាលពីខែឧសភាឆ្នាំ២០១៤។
បន្ទាប់ពីក្រុមអាជីវករបាននិយាយបន្ថែមទៀតថា ក្រោយសាលាក្រុងចេញសេចក្តីជូនដំណឹង ក៏ធ្លាយព័ត៏មានថា លោកឈ្មោះអៀងសុផល ជាអ្នកប្រមូលលុយ ពីអាជីវករលក់ដូរនៅផ្សាររាត្រីអង្គរឃ្យូងយូ ក្នុង១ខែបាន១៥លានរៀល ឲ្យទៅសាលាខេត្ត ដោយ លោកប៊ុន ថាឬទ្ធិ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តជាអ្នកគ្រប់គ្រងលុយនោះដើម្បីចែកចាយទៅឲ្យថ្នាក់ក្រោមទៀត
លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានថ្លែងប្រាប់ថា លោកមិនបានដឹងរឿងលុយដ៏ច្រើន បែបនេះទេ តែខាងលោកពិតជាបានទទួលលុយ តែចំនួន២លានរៀលប៉ុណ្ណោះ
ហើយលុយនោះលោកយកទៅចាត់ចែង ប្រើប្រាស់កម្លាំងចម្រុះក្នុង ការចុះរៀបចំសណ្តាប់ធ្នាប់ក្រុង។
ចំណែកលោកអៀង សុផល អ្នកគ្រប់គ្រងផ្សាររាត្រីអង្គរឃ្យូងយូ បានឲ្យដឹងថា ខាងលោកពិតជាអ្នក ប្រមូលលុយ ភាស៊ី និងអនាម័យទីនោះមែន។ លុយនោះបើបូកសរុបទាំង ការយាមកាមសម្ភារៈរបស់អាជីវករគឺ អាចបាន១៥លានរៀលមែន ប៉ុន្តែក៏បានចំណាយទៅលើកម្លាំងយាមកាម អនាម័យ កាកបាទក្រហម និងការ ចំណាយផ្សេងៗអស់ ៨លានរៀលទៅហើយ។ ដូច្នេះការផ្តល់ជូនទៅសាលាខេត្តបានតែ៧លានរៀលទេ។ លោក បាន ប្រាក់៧លានរៀលនោះ គឺប្រគល់ឲ្យលោកប៊ុន ថាឬទ្ធិ អភិបាលរងខេត្តជាអ្នកគ្រប់គ្រង ដើម្បីចែកជូនទៅ សាលាក្រុង និង ការិយាល័យនគរបាលសណ្តាប់ធ្នាប់ខេត្ត។ទាក់ទិននិងករណីនេះដែរលោក ប៊ុន ថាឬទ្ធិធ្លាប់បានប្រាប់អ្នកកាសែតថា លោកមិនបានពាក់ព័ន្ធលុយទាំងអស់នោះទេ ដោយលោកថា បានទទួលតែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ចែកកូនចៅក្នុងការយាមកាម។
ប្រភពចុងក្រោយបានបង្ហើបថា ក្រោយពីលោកអៀងសុផលបានដើរប្រមូលឲ្យថ្នាក់លើសម្រាប់ចាយ ត្រូវបានគេដកចេញពី អង្គរឃ្យុងយូនេះហើយកាលពីយប់ថ្ងៃទី១០ខែធ្នូ៕
ព័ត៌មានជាតិ
មតិយោបល់