១- ខាត់ណា
គេនិយមយកខាត់ណាទៅធ្វើអាហារទាំងស្លឹក និងដើម។ វាមិនគ្រាន់តែមានរសជាតិស្រួយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយសារធាតុអាហារមានប្រយោជន៍ចំពោះរាងកាយជាច្រើនដូចជា សារធាតុបេតាខារ៉ូទីន ដែលមានមុខងារជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីក ជំនួយភ្នែក និងបង្អង់ភាពចាស់។ វាក៏មានវីតាមីន C ជួយពង្រឹងជាលិកាឲ្យមានសំណើមជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ។ ក្រៅពីនេះ វាថែមទាំងមានកាល់ស្យូមជួយឲ្យឆ្អឹងរឹងមាំ និងជំនួយធ្មេញ។
២- ស្ពៃខ្មៅ
ដោយសារតែស្ពៃខ្មៅមានជាតិខ្លាញ់តិច កាកសរសៃអាហារខ្ពស់ ទើបវាជួយឲ្យបត់ជើងស្រួល សមបំផុតសម្រាប់ស្ត្រីដែលកំពុងតែធ្វើការសម្រកទម្ងន់។ ក្រៅពីនេះ វាថែមទាំងសម្បូរដោយបេតាខារ៉ូទីន កាល់ស្យូម និងវីតាមីន C ផងដែរ។
៣- ស្ពៃប្រូខូលី
ដោយគុណប្រយោជន៍ខាងអាហារ និងមានរសជាតិផ្អែមឈ្ងុយ ស្រួយ ជាហេតុធ្វើឲ្យស្ត្រីស្រឡាញ់សុខភាពទាំងឡាយជាប់ចិត្តជាពន់ពេក។ វាសម្បូរទៅដោយវីតាមីន C វីតាមីន B2 និងអាស៊ីដហ្វូលិក ជួយឲ្យកោសិកាក្នុងរាងកាយលូតលាស់ និងជួយឲ្យប្រព័ន្ធឈាមដំណើរការល្អ។
៤- ត្រកួន
យើងតែងធ្លាប់ឮគេនិយាយថា ទទួលទានត្រកួនជួយឲ្យភ្នែកស្អាត មើលឃើញច្បាស់ល្អ។ នេះជាការពិត ពីព្រោះត្រកួនសម្បូរទៅដោយវីតាមីន A ជំនួយភ្នែក ធ្វើឲ្យភ្នែកមានទឹកទ្រទ្រង់ជាពន្លឺ មិនផ្សា ឬស្ងួត។ ក្រៅពីនេះ ថែមទាំងមានវីតាមីន C និងកាល់ស្យូមផងដែរ។
៥- ត្រសក់
ជាបន្លែដែលអ្នកគួរតែមានជាប់ក្នុងទូទឹកកកជានិច្ច ពីព្រោះត្រសក់សម្បូរទៅដោយសារធាតុអាហារដែលមានប្រយោជន៍ចំពោះរាងកាយ ជាពិសេសជួយស្បែកដែលសារធាតុទាំងនោះមាន វីតាមីន អំបិលរ៉ែ និងអាស៊ីដអាមីណូ ដែលមានប្រសិទ្ធភាពជួយឲ្យស្បែកភ្លឺថ្លា និងមានសំណើម។
៦- សាលាដ៏
សាលាដ៏មានទឹកជាអង្គប្រកបចម្បង មានវីតាមីន C ខ្ពស់ និងមានហ៊ីម៉ូក្លូប៊ីន (Hemoglobin) ជួយការពាររោគខ្វះឈាម សម្រាលអាការៈទល់លាមក សមចំពោះអ្នកកើតរោគទឹកនោមផ្អែម និងស្ត្រីដែលកំពុងតែធ្វើការសម្រកទម្ងន់។
៧- សណ្ដែកកួរ
វាមិនគ្រាន់តែផ្ដល់រសជាតិផ្អែមស្រួយឆ្ងាញ់សម្រាប់ចម្អិនធ្វើអាហារបានច្រើនមុខប៉ុណ្ណោះទេ បន្លែពណ៌បៃតងមួយនេះ ក៏សមចំពោះស្ត្រីដែលត្រូវការសម្រកទម្ងន់ដែរ ពីព្រោះទទួលទានហើយឆាប់ឆ្អែត មានជាតិសរសៃដែលរលាយទឹកបានជួយកាត់បន្ថយកូឡេស្ដេរ៉ូលក្នុងឈាម។ ក្រៅពីនេះ នៅមានវីតាមីន កាល់ស្យូម ហ្វូសហ្វ័រ និងបេតាខារ៉ូទីន ផងដែរ។
៨- ននោងជ្រុង
ននោងមានច្រើនពូជ ប៉ុន្តែបើគេនិយមទទួលទានបំផុត គឺននោងជ្រុង ពីព្រោះវាមានគ្រប់រដូវកាល មានរសជាតិផ្អែម ទទួលទានហើយមានអារម្មណ៍ត្រជាក់ស្រួលខ្លួន។ ននោងជាបន្លែពណ៌បៃតងដែលមានទឹកច្រើន។ ក្រៅពីនេះ ថែមទាំងមានជាតិសរសៃខ្ពស់ សម្បូរទៅដោយសារធាតុអាហារដែលមានប្រយោជន៍ចំពោះរាងកាយ ដូចជា វីតាមីន C ហ្វូសហ្វ័រ ដែក និងកាល់ស្យូម មានប្រសិទ្ធភាពធ្វើជាថ្នាំបំបាត់ក្ដៅក្នុង ជួយសម្រួលប្រព័ន្ធទឹកនោម ជួយបណ្ដេញស្លេស្លិ៍ ជួយផ្សើមបំពង់ក និងជំនួយរាងកាយឲ្យរឹងមាំបានទៀតផង៕
មតិយោបល់