ព័ត៌មានជាតិ

តំណាងអយ្យការសម្រេចចោទប្រកាន់ជនជាតិ កុងហ្គោ ៣នាក់ ពាក់ព័ន្ធរឿងប្រើឯកសារក្លែងក្លាយ

ភ្នំពេញៈ បើយោងតាមលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram នៅមននេះបន្តិចថា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ លោក សៀង សុខ តំណាងអយ្យការបានសម្រេចចោទប្រកាន់បុរសជនជាតិ កុងហ្គោ ៣នាក់ពីបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង យោងតាមមាត្រា ៦៣០នៃក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យរូបនេះបន្តថា បន្ទាប់ពីសួរចម្លើយ និងពិនិត្យឯកសារសំណុំរឿង អយ្យការបានសម្រេច បញ្ជូនទៅចៅក្រមសើបសួរដើម្បីចាត់ការបន្តនៅថ្ងៃស្អែក។

ជនត្រូវចោទរួមមានទី១ឈ្មោះ Emmanuel Ngoma Ngoma Coco ទី២ឈ្មោះ Junior Bin Mungomba និងទី៣ឈ្មោះ Mesiya Tedike Junior ។

យោងតាមប្រភពពីសមត្ថកិច្ច កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានឃាត់ខ្លួនបុរសជាជនជាតិ កុងហ្គោ ម្នាក់ឈ្មោះ Emmanuel Ngoma Ngoma Coco ខណៈបុរសរូបនោះ បានយកលិខិតឆ្លងដែលមានរូបថតមនុស្សតែម្នាក់ ប៉ុន្តែមានសាវតាជាតិខុសគ្នាទៅបើកលុយនៅស្ថាប័នមីក្រូហិរញ្ញវត្ថុ ស្ថាបនា សាខាបាក់ទូក។ ប្រភពបន្តថា ដោយមើលឃើញភាពមិនប្រក្រតីបែបនេះ ទើបបុគ្គលិកស្ថាប័នខាងលើបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីឃាត់ខ្លួន រហូតឈានដល់ឃាត់បានបក្ខពួកជនសង្ស័យ បាន២នាក់បន្ថែមទៀត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយសាកសួរ និងពិនិយ្យមើលឯកសារជនសង្ស័យទាំង៣នាក់ទំនងជា មានអ្នកផ្ញើលុយខ្មៅមកពីបរទេស ដោយឱ្យពួកគេរងចាំទទួលនៅក្នុងប្រទេសកម្ពុជា។ ក្រោយកសាងសំណុំរឿងចប់សព្វគ្រប់កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់