កំពង់ស្ពឺ ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានក្លាយជាអ្នកទោស ព្រោះតែចង់បានទូរស័ព្ទប្រើ ហ៊ានសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំដោះយកក្រវិលមាសទម្ងន់២ហ៊ុនទៅ លក់ ទីបំផុតបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ករណីនេះធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣ មករា ២០១៥ នៅចំណុចភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្មេងស្រីដៃដល់ត្រូវគេស្គាល់ឈ្មោះឆេង សេងហុង អាយុ១៣ឆ្នាំ រីឯក្មេងស្រីរងគ្រោះឈ្មោះហៀក គឹមឆេង អាយុ៤ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុជាមួយគ្នា។
នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីដៃដល់បានសារភាពថា មុនពេលធ្វើសកម្មភាព នាងបានបបួលក្មេងស្រីរងគ្រោះទៅដើរលេង ហើយនាំទៅម្តុំមាត់ទឹករំលិចខាងជើង(ដៃស្ទឹង) ពេលទៅដល់នាងបានចាប់ក្មេងស្រីរងគ្រោះជ្រមុជទឹករហូតដល់ ស្លាប់ទើបយកដុំថ្មសង្កត់ពីលើ ហើយដោះយកក្រវិលមាសទម្ងន់២ហ៊ុនយកទៅលក់នៅផ្សារវត្តអង្គ បានលុយចំនួន៨២.៥០០រៀល។
ក្មេងស្រីដៃដល់បន្តថា លុយនេះនាងមានគម្រោងយកទៅទិញទូរស័ព្ទដៃ ព្រោះនាងចង់បានទូរស័ព្ទយកមកប្រើ។
បច្ចុប្បន្នក្មេងស្រីដៃដល់ត្រូវនគរបាលស្រុកសំរោងទងកសាង សំណុំរឿងបញ្ជូនទៅតុលាការខេត្ត ហើយនៅព្រឹកថ្ងៃទី៤ មករា នេះ សមត្ថកិច្ចបាននាំក្មេងស្រីដៃដល់ទៅធ្វើត្រាប់ឡើងវិញពីសកម្ម ភាពដែលនាងនាំក្មេងស្រីរងគ្រោះទៅសម្លាប់នៅចំណុចកើតហេតុ៕
ព័ត៌មានជាតិ
មតិយោបល់