បុរសចិត្តអប្រិយជាប្តីចុងម្នាក់ត្រឡប់មកពីផឹកស៊ីវិញស្រវឹងមកដល់ផ្ទះបានរករឿងជេរនិងវាយទាត់ធាក់មិនតែប៉ុណ្ណោះថែមទាំងបានទាញកាំបិតប៉័ងតោអាករប្រពន្ឋរយះហូរឈាមស្រោចខ្លួនប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេគ្រាន់តែរងរបួសធ្ងន់ត្រូវបានអ្នកជិតខាងយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកប្តីចិត្តអប្រិយម្នាក់នេះក្រោយបង្កហេតុរួចបានគេចខ្លួនបាត់តែម្តង។ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៥នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងក្រុមទី៥ភូមិតំណាក់ធំ២សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ ជិន នី មានអាយុ៣២ឆ្នាំមានស្រុកកំណើតនៅស្រុកគីរីវង្សខេត្តតាកែវចំណែកបុរសជាប្តីចុងដែលជាជនបង្កមានឈ្មោះ ញ៉ែម ពុធ មានស្រុកកំណើតនៅស្រុកស្វាយជ្រុំខេត្តស្វាយរៀង។អ្នកទាំង២នាក់បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ១៧ផ្ទះកើតហេតុខាងលើ។
យោងតាមសម្តីរៀបរាប់ពីស្ត្រីរងគ្រោះបានឱ្យដឹងថានៅមុនពេលកើតហេតុបុរសជាប្តីម្នាក់នេះបានទៅផឹកស៊ីនៅផ្ទះរបស់បងប្អូនលុះនៅមុនម៉ោងកើតហេតុប្រមាណជា១០នាទីគាត់ក៏បានត្រឡប់មកផ្ទះវិញទាំងស្រវឹងស្រាជោគជាំនិងបានរករឿងជេរវាយទាត់ធាក់មកលើរូបគាត់យ៉ាងខ្លាំងថែមទាំងបានទាញកាំបិតប៉័ងតោមកអាកររូបគាត់បណ្តាលឱ្យដាច់រយះហូរឈាមស្រោចពេញខ្លួនដោយមិនដឹងពីមូលហេតុហើយបានរត់គេចខ្លួនបាត់តែម្តង។ដោយឈឺខ្លាំងពេកភ្លាមនោះរូបគាត់បានស្រែកឱ្យអ្នកជិតខាងចូលមកជួយនិងបានយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យជិតនោះភ្លាមផងដែរ។ស្ត្រីខាងលើបន្តថាជារៀងរាល់ថ្ងៃឱ្យតែបុរសជាប្តីត្រឡប់ពីផឹកស្រាវិញស្រវឹងមកដល់ផ្ទះតែងតែវាយធ្វើបាបគាត់ជាប្រចាំប៉ុន្តែរូបគាត់មិនដែលធ្វើការតប់តអ្វីនោះទេ។
ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុផងដែរនិងតាមស្វែងរកចាប់ខ្លួនជនបង្កយកមកដាក់ទោសដើម្បីការព្រមានកុំឱ្យថ្ងៃក្រោយពេលស្រវឹងចេះតែប្រើអំពើហិង្សាក្នុងក្រុមគ្រួសារដូច្នេះទៀត៕
ព័ត៌មានជាតិ
មតិយោបល់