កំពង់ឆ្នាំង៖ក្រោយពីមានការប្រកាសអំពីប្រេងចុះថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្របពេលតំលៃប្រេងទីផ្សារពិភពលោកធ្លាក់ចុះផងនោះ នៅតាមបណ្តាស្ថានីយប្រេងទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង ក៍បានបញ្ចុះតំលៃប្រេង របស់ខ្លួនជាបន្តបន្ទាប់ ធ្វើអោយអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទនៅក្នុងខេត្តមានការសប្បាយចិត្ត ដែលអាចជួយកាត់ បន្ថយនូវភាពក្រីក្រនៅក្នុងគ្រួសារបានមួយចំណែកផងដែរ។
កន្លងមកតម្លៃប្រេងឥន្ទនៈនៅក្នុងខេត្តកំពង់ឆ្នាំង គឺប្រេងសាំងស៊ុបពែររបស់ស្ថានីយ៍ ប្រេងទាំងអស់ឡើងរហូតដល់ជាង៥ពាន់រៀល ប្រេងសាំងធម្មតាមានតម្លៃជិត៥ពាន់រៀល ឯប្រេងម៉ាសូតមានតម្លៃរហូតដល់ជាង៤ពាន់រៀលផងដែរ។ក្រោយពីតម្លៃប្រេងនៅលើទីផ្សារពិភពលោកមានការចុះតម្លៃភ្លាម សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រកាសចំនួន៣លើកជាបន្តបន្ទាប់គឺលើកទី១សម្តេចបានប្រកាសក្នុងពិធីចែកសញ្ញាប័ត្រនៅចំការដូងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤,លើកទី២សម្តេចបានប្រកាសនៅឬស្សីជ្រុំ ខេត្តកោះកុង នាថ្ងៃ១២ ខែមករា ឆ្នាំ២០១៥,និងលើកទី៣នៅស្ពានអ្នកលឿងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ អោយគ្រប់ បណ្តាស្ថានីយ៍ប្រេងទាំងអស់នៅក្នុងប្រទេសត្រូវតែបញ្ចុះតម្លៃប្រេងរបស់ខ្លួន ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។
នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួន គេឃើញតម្លៃប្រេងបានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះស្ថានីយ៍ប្រេងតូតាល់ចុងខ្សាម ប្រេងសាំងស៊ុបពែរមានតម្លៃ៤២០០រៀលក្នុង១លីត្រ,ប្រេងសាំងធម្មតា៤០៥០រៀលក្នុង១លីត្រ, និងប្រេងម៉ាស៊ូត៣៩០០រៀលក្នុង១លីត្រ។ដោយឡែកស្ថានីយ៍ប្រេងឥន្ទនៈសូគីមិចវិញ គឺប្រេងសាំងស៊ុបពែរមានតម្លៃ៤០០០រៀលក្នុង១លីត្រ,សាំងធម្មតា៣៨០០រៀលក្នុង១លីត្រ, និងប្រេងម៉ាស៊ូត៣២០០រៀលក្នុង១លីត្រ។ចំពោះតម្លៃប្រេងឥន្ទនៈ នៅតាមស្ថានីប្រេងតេលាក្នុងខេត្តវិញគឺមានតម្លៃខុសៗពីគ្នា ដែលក្នុងនោះគេសង្កេតឃើញស្ថានីយ៍តេលាព្រះនរាយ តម្លៃប្រេងសាំងស៊ុបពែរ៤២០០រៀលក្នុង១លីត្រ,សាំងធម្មតា៤០០០រៀលក្នុង១លីត្រ, និងប្រេងម៉ាស៊ូត៣៨០០រៀលក្នុង១លីត្រ។ស្ថានីយ៍ប្រេងឥន្ទនៈតេលាត្រពាំងគង ប្រេងសាំងស៊ុបពែរ មានតម្លៃ៣៩០០រៀលក្នុង១លីត្រ,ប្រេងសាំងធម្មតា៣៧០០រៀលក្នុង១លីត្រ,និងប្រេងម៉ាស៊ូត៣០០០រៀលក្នុង១លីត្រ។ ការបញ្ចុះតម្លៃប្រេងឥន្ទនៈជាបន្តបន្ទាប់នេះ បានធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តបានរីករាយសាទរយ៉ាងខ្លាំងដែលពីមុនមកពុំធ្លាប់មានការបញ្ចុះតម្លៃដូចនេះឡើយ៕
មតិយោបល់