កំពង់ឆ្នាំងៈ គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង បន្ទាប់ពីគោយន្តដឹកឫស្សី ពីងពុង ធ្លាក់ប្រឡាយក្រឡាប់បណ្តាលឲ្យ បុរសម្នាក់ជាអ្នកបើកបរគោយន្តស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅតាមភូមិសាអង ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីក្រឡាប់គោយន្តនេះ មានឈ្មោះ ថន ខា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុគោយន្តកន្ត្រៃមួយគ្រឿង ដឹកដើមឫស្សីពីងពង់ ពេញមួយគោយន្ត ដោយធ្វើដំណើរចេញភូមិសាអង ក្នុងទិសដៅពីត្បូងទៅជើងតាមផ្លូវលំ ដែលមានស្ថានភាពពិបាកពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែគោយន្តក្រឡាប់បះជើងឡើងលើ ធ្លាក់ចូលទៅប្រឡាយតែម្តង ជនរងគ្រោះដែលជាអ្នកបើកបរ បានខ្ទាត ចូលស្នាមភ្លោះទឹកដក់ និងត្រូវដើមពីងពង់សង្កត់ពីលើ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម័ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌បានចុះមកធ្វើការពិនិត្យវាស់វែងដល់កន្លែងនិងបានទំនាក់ទំនងក្រុមគ្រួសារប្រគល់សាកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់