ភ្នំពេញ៖ ក្រោយពី តារាចម្រៀង លោក អ៊ឹម ជីវ៉ា បំផុសគំនិតឲ្យ ជួយ ដល់ លោក ព្រឹទ្ធាចារ្យ ផ្លុង មឿក និង តារាចម្រៀង ជើងចាស់ នូ ស៊ិប មក ឯកឧត្តម ខៀវ កាញារិទ្ធ ក៏បានទៅសួរ
សុខ ទុក្ខ តារាវ័យចំណាស់ ផ្លុង មឿក នៅរសៀលម៉ោង ៣ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅភូមិត្រពាំងត្រយឹង ដោយមានវត្តមានអ្នកសារព័ត៌មាន ជាច្រើនស្ថាប័ន រួមនឹង តារាចម្រៀងអ៊ឹម ជីវ៉ា ផងដែរ ។
ក្នុងពិធីចុះទៅសួរសុខទុក្ខនេះ ឯកឧត្តម ខៀវ កាញារិទ្ធ បាននាំយកអង្ករ មីកញ្ចប់ ទឹកត្រី និង ប្រាក់មួយចំនួន អមដំណើរដោយមន្ត្រីអ្នកមុខអ្នកការក្រសួងព័ត៌មាន ដើម្បីសម្រួស ដល់ការខ្វះខាតលោកផ្លុង មឿក។ ថ្លែងក្នុងពិធីចុះទៅសួរសុខទុក្ខនោះ ឯកឧត្តម មានប្រសាសន៍ថា “សូមឲ្យលោក ផ្លុង មឿក ថែរក្សាសុខភាព ដើម្បីមើលឃើញពីភាពរីកចម្រើន ផ្នែកសិល្បៈ និងសង្គមជាតិ ហើយការចុះមកសួរសុខទុក្ខនេះ មិនមែនតែម្តងទេ ឯកឧត្តមនឹងបន្តចុះមកសួរសុខទុក្ខ បន្តទៀត នៅលើកក្រោយ ” ។
នៅពេលដែលឃើញ ឯកឧត្តម ខៀវ កាញារិទ្ធ សួរសុខទុក្ខយ៉ាងនេះ លោក ផ្លុង មឿក និយាយទាំងអារម្មណ៍ក្តុកក្តួលថា លោកពិតជាសប្បាយរីករាយណាស់ ដែលឃើញអ្នកធំ (ឯកឧត្តមខៀវ កាញារិទ្ធ) ចុះមកសួរសុខទុក្ខយ៉ាងនេះ បើស្លាប់ក៏អស់ចិត្តដែរ ។ ក្នុងវ័យ ប៉ែតសិបផ្លាយ ទៅហើយនោះ លោក ផ្លុង មឿក បានបន្តថា អ្វីដែលចង់បំផុត ក្នុងជីវិត ចុងក្រោយរបស់លោក គឺចង់ជួប សម្តេច ហ៊ុន សែន ។
ក្រោយបញ្ចប់ការសួរសុខទុក្ខ លោកផ្លុង មឿក បានជូនពរឲ្យឯកឧត្តម ខៀវកាញារិទ្ធ ជួបតែសំណាងល្អ និងទេវតាឆ្មាំថ្មី តាមរក្សា ឯកឧត្តមជានិច្ច ។
សូមរំឭកផងដែរថា ឯកឧត្តម ខៀវ កាញារិទ្ធ គឺជាអ្នកទី ៣ ដែលបានផ្តល់ជំនួយ ទៅលោក ផ្លុង មឿក ក្រៅពី អ៊ឹម ជីវ៉ា និង កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខណៈដែល មាស សុខ
សោភា ព្រាប សុវត្ថិ ករុណា ពេជ្រ និង ឱក សុគន្ធកញ្ញា មិនទាន់អើពើនៅឡើយនោះ ។
ព្រឹកស្អែកនេះដែរ ឯកឧត្តម ខៀវ កាញារិទ្ធ នឹងបន្តដំណើរនាំអំណោយទៅជួប តារាចម្រៀង នូ ស៊ិប ដែលកំពុងដេកឈឺដូចគ្នា ទាំងជីវភាពខ្វះមុខខ្វះក្រោយ ៕
មតិយោបល់