កំពង់ធំ៖ មានការភ្ញាក់ផ្អើលមួយ នៅក្នុងទឹកដីស្រុកបារាយណ៍ ដោយហេតុថាមានឈ្មួញដឹកដីយកមកចាក់ នៅក្នុងទីធ្លារបស់ប៉ុស្តិ៍រដ្ឋបាល ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយឈ្មួញបានអះអាងថា ប៉ុស្តិ៍រដ្ឋបាល ឃុំទ្រា ដែលមានទំហំទទឹង ២០បណ្តោយ១០០ ត្រូវបានអាជ្ញាធរ អធិការ ស្នងការ លក់ឲ្យលោក អ៊ុក វ៉ុន ដែលជាឈ្មួញកណ្តាល ហើយលោក អ៊ុក វ៉ុន ដែលត្រូវបានគេស្គាល់ថា ជាឧញ៉ាដីវាលក្រោម បច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានលោកអ៊ុន វ៉ុន លក់ឲ្យលោក ថោង ប៉េងលៀត ក្នុងតំលៃ ៧ម៉ឺនដុល្លា ហើយ រឿងត្រូវបានបែកធ្លាយ ដោយសារអ្នកទិញដីប្រញ៉ាប់ដឹកដីយកមកចាក់នៅប៉ុស្តិ៍រដ្ឋបាល ។
លោក រិទ្ធ នាយប៉ុស្តិ៍រដ្ឋបាលឃុំទ្រាល បានឲ្យដឹងថា ពីមុនមកលោកមិនដែលដឹងទាល់តែសោះ ថាប៉ុស្តិ៍ រដ្ឋបាលដែលខ្លួនប្រចាំការរាល់ថ្ងៃត្រូវបានគេនាំគ្នាចុះហត្ថលេខាលក់តាំងពីកាលណា នៅសុខៗស្រាប់តែលោក ថោង ប៉េងលៀត មកប្រាប់ថាប៉ុស្តិ៍នេះត្រូវបានគេលក់ឲ្យលោកហើយ ក្នុងតំលៃ៧ម៉ឺនដុល្លា តែកក់មុន៥៤០០០ដុល្លា ក្នុងនោះមេការបស់លោក ថោង ប៉េងលៀត បាននាំយកឯកសារមកបង្ហាញ លោកបានឃើញច្បាស់ដោយមានការចុះហត្ថលេខា ដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ លោក អ៊ឹម វ៉ុនអធិការងស្រុកបារាយណ៍ និងលោក ឧត្តមសេនីយ៍ត្រី ផាន់ សុផេង អតីតស្នងការនគរបាលខេត្តកំពង់ធំ ចំនែកមួយច្បាប់ទៀតគឺជាច្បាប់ផ្ទេរទីតាំងប៉ុស្តិ៍ ដោយពុំបានបញ្ជាក់ថាត្រង់ណានោះទេ ក្នុងនោះគេបានត្រឹមតែឲ្យមើល តែពុំអនុញ្ញាតិឲ្យនាំយកកត់ត្រា ឬថតចម្លងដែរ ក្នុងនោះមានកិច្ចសន្យារវាងលោក អ៊ុក វ៉ុន ឧញ៉ាសេះហោះ បានធ្វើកិច្ចសន្យាជាមួយលោក ថោង ប៉េងលៀត ថា បើសិនជាលោក អ៊ុក វ៉ុន យកដីប៉ុស្តិ៍រដ្ឋបាលនេះមកលក់ឲ្យ លោក ថោង ប៉េងលៀត ត្រូវសងជាទឹកប្រាក់ចំនួន១០ដង តែបើសិនជាអ្នកទិញប្រែចិត្តថា មិនទិញវិញ ត្រូវសងជាទឹកប្រាក់ចំនួន១០ដងដូចគ្នា ។
លោក ស៊ួង ថេន អធិការដ្ឋាននគរបាល ស្រុកបារាយណ៍ បច្ចុប្បន្នបានប្រាប់តាមទូរស័ព្ទថា លោកពិតជា ពុំមានដឹងរឿងការលក់ប៉ុស្តិ៍ទាល់តែសោះ រហូតមកដល់ពេលនេះ ក៏ពុំទាន់បានដឹងថាមានការលក់ប៉ុស្តិ៍ លុះឃើញប្រជាពលរដ្ឋផ្អើលសួរនាំទើបបានដឹង ។
លោក ហាក់ ម៉ុងហួត បានឲ្យដឹងាតាមទូរស័ព្ទថា លោកមិនបានដឹងទេ ពីការលក់ទីតាំងប៉ុស្តិ៍រដ្ឋបាល ឃុំទ្រា ហើយពុំទាន់មានឯកសារណាមួយជាផ្លូវការស្របតាមច្បាប់នោះឡើង និងលោកបបានបញ្ជាក់ឲ្យដឹងថា ពិតជាពុំទាន់មានការលក់ដូរនោះទេ អត់មាននិតិវិធីណាដែលត្រូវបានលក់ប៉ុស្តិ៍រដ្ឋបាលនោះឡើយ ។
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភះ ឆ្នាំ ២០១៥ លោក ឧត្តមសេនីយ៍ត្រី ផាន់ សុផេង បានមានប្រសាសន៍តាមទូរស័ព្ទថា ការលក់ដូរគឺមិនបានដឹងនោះទេ ប៉ុន្តែកាលពីលោក ជាស្នងការនគរបាលខេត្តកំពង់ធំ គឺលោក លោក អ៊ឹម វ៉ុនអធិការងស្រុកបារាយណ៍ ដែលមានការស្និទ្ធស្នាលជាមួយ លោក ថោង ប៉េងលៀត បានធ្វើលិខិតសំណើរសុំផ្លាស់ប្តូរទីតាំងប៉ុស្តិ៍រដ្ឋបាលថ្មី ព្រមទាំងបានសន្យាថានិងសាងសង់ប៉ុស្តិ៍ថ្មីដែលល្អគួរសមឲ្យ ហើយលោកក៏បានចុះហត្ថលេខា ឲ្យមន្ត្រីជំនាញដែលមាន លោក ឳម ភីលី ស្នងការង ចុះត្រួតពិនិត្យ សិក្សាទីតាំងប៉ុស្តិ៍រដ្ឋបាល ដោយមិនទាន់ព្រមព្រៀងឲ្យមានការលក់ដូរនោះទេ ចំណែកការលក់ដូរក្នុងតំលៃប៉ុន្មាននោះគឺពុំបានដឹងនោះទេ រហូតមកដល់ពេលនេះ ទើបលេចលឺថា ប៉ុស្តិ៍រដ្ឋបាលត្រូវបានលក់រួចជាស្រេច ហើយពុំបានឲ្យប៉ុស្តិ៍រដ្ឋបាលដឹងផង៕
មតិយោបល់