ប្រទេសជប៉ុន(日本国:នីប៉ុងកុគឹ រឺ នីហុងកុគឹ English:JAPAN or NIPPON) ហៅកាត់ថា ជប៉ុន(日本 នីប៉ុង រឺ នីហុង) ជាភាសាអង់គ្លេស Japan ។ ជប៉ុន ជាប្រទេសកោះ ក្នុងតំបន់ អាស៊ីខាងកើត ។ ប្រទេសជប៉ុន ស្ថិតនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត នៃប្រទេស ចិន កូរ៉េ និង រូស្ស៊ី ។ ឈ្មោះជប៉ុនសរសេរជាអក្សរខាន់ជិ «日本» បកប្រែត្រង់ថា «ព្រះអាទិត្យ+ដើមកំណើត» ដែលមានន័យថា «ដែនដីដែលព្រះអាទិត្យរះចេញ»។
ប្រទេសជប៉ុនជាកំរងកោះផ្សំឡើងពីកោះចំនួន ៦៨៥២កោះ ដែល៩៧%នៃផ្ទៃដីគ្របដណ្ដប់ដោយកោះធំៗចំនួន៤គឺ ហុងស្ស៊ូ ហុកកៃដូ ឃ្យូស្ស៊ូ និង ស្ស៊ីកុគឹ។ ប្រទេសនេះមានផ្ទៃក្រលា ៣៧៧ ៨៧៣ គ.ម២ ធំជាងប្រទេសកម្ពុជា ប្រហែល២ដង និងមានប្រជាជនជាង១២៧លាននាក់ (លំដាប់ទី១០លើពិភពលោក)។ រដ្ឋធានីនៃប្រទេសនេះមិនមានកំនត់ច្បាស់លាស់នៅក្នុងច្បាប់ឡើយ តែតាមសភាពជាក់ស្ដែងទីក្រុងតូក្យូ ជាមណ្ឌលសេដ្ឋកិច្ច នយោបាយ និងជាកន្លែងស្នាក់នៅរបស់ព្រះចៅអធិរាជ។
ជប៉ុនមានសក្ដានុពលយោធាយ៉ាងខ្លាំងក្លានៅចុងស.វទី១៩និងដើមស.វទី២០ ដោយបានពង្រីកទឹកដីតាមរយៈការឈ្នះក្នុងសង្គ្រាមចិនជប៉ុនលើកទី១ សង្គ្រាមរុស្ស៊ីជប៉ុន និង សង្គ្រាមលោកលើកទី១ ។ សង្គ្រាមចិនជប៉ុនលើកទី២ នៅឆ្នាំ១៩៣៧ បានរីកដាលជាសង្គ្រាមលោកលើកទី២ ដែលបានបញ្ចប់ដោយការទំលាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស្ស៊ីម៉ានិងណាហ្គាសាគី។ ចាប់ពីការប្រកាន់យករដ្ឋធម្មនុញ្ញកែប្រែហើយនៅឆ្នាំ១៩៤៧ ជប៉ុនប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតែមួយ ដោយមានព្រះចៅអធិរាជមួយអង្គជាតំណាងឯកភាពជាតិ និងរដ្ឋសភាមួយដែលបានដោយការបោះឆ្នោតសំរាប់តាក់តែងច្បាប់។
តាមការប៉ាន់ស្មានរបស់ អសប និង WHO ជប៉ុនជាប្រទេសដែលមានអាយុសង្ឃឹមវែងជាងគេលើលោក៕
មតិយោបល់