ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ឹម ជីវ៉ា ផ្តើមគំនិត​កុំឲ្យ​អ្នកសិល្បៈ​រើសអើង អតីត​តារា​ចម្រៀង អ៊ុំ គន្ធា ដែល​ផ្ទុក​មេរោគ​អេដស៍​

​ភ្នំពេញ​៖ ដូច​អ្វី​ដែល​យើង​បានដឹង​ថា អ៊ុំ គន្ធា ក្រោយពី​កើត​ជំងឺអេដស៍ បាន​ចាក​ឆ្ងាយ​ពី​រង្វង់​សិល្បៈ ព្រោះតែ​មាន​ជំងឺ​ឱកាសនិយម នៅក្នុង​ខ្លួន ស្របពេល​ដែល ឆាក​តន្ត្រី​មិន​បាន​ផ្តល់​ឱកាស​ឲ្យ​នាង ។​
​ក្រោយពី បណ្តាញ​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ ស្ថានីយ៍ទូរទស្សន៍ និង​ឆាក​តន្ត្រី បាន​ងាក​មក​ផ្តោត​ផ្តល់ ឱកាស​ឲ្យ​នាង​ខ្លះ ដើម្បី​បាន​ថវិកា​មួយចំនួន ជួយ បំនិត​បំរុង​គ្រួសារ និង​កូន​ដែល​ផ្ទុក​មេរោគ​អេដស៍ ដូច​នាង ។​
Im Chiva
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ លោក អ៊ឹម ជីវ៉ា ក៏​បាន​ផ្តោតអារម្មណ៍ និង​ចាប់​ផ្តើម​គំនិត​ឲ្យ​អ្នក​ក្នុង​រង្វង់​សិល្បៈ ដូចគ្នា កុំ​រើស អើ​ង អ្នកនាង អ៊ុំ គន្ធា ការរើសអើង​នេះ នឹង​ធ្វើឲ្យ​នាង កាន់តែ​ចាក​ឆ្ងាយ​ពី​រង្វង់​សិល្បៈ ។​
​ថ្មីៗ​នេះ លោក អ៊ឹម ជីវ៉ា បាន​ប្រាប់​ដល់​សារព័ត៌មាន ដំណឹង​ថា “​នៅ​ថ្ងៃ​ទី ១៣ កុម្ភៈ នេះ ខ្ញុំ និង​អ្នកសិល្បៈ​ប្រហែល ជា ៥០ នាក់​បាន​ផ្តួចផ្តើម​គំនិត បង្កើត​កម្មវិធី​ជប់លៀង​មួយ ដោយ​ញ៉ាំ​អាហារ​រួមគ្នា (​ទីតាំង អ៊ឹម ជីវ៉ា មិន​បញ្ចេញ​) ជាមួយនឹង អ្នកនាង អ៊ុំ គន្ធា ។ ដោយ​កម្ម​វី​ធី​នេះដែរ ក្រោម​អធិបតី​ដ៏​ខ្ពស់​ខ្ពស់​ចូលរួម​របស់​ឯកឧត្តម ខៀវ កាញរិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ” ។​
លោក អ៊ឹម ជីវ៉ា បាន​បន្តថា ៖ គ្រាន់តែ​ញ៉ាំ​អាហារ​រួមគ្នា ជាមួយនឹង​អ្នកនាង អ៊ុំ គន្ធា វា​មិន​ឆ្លង​នោះទេ ដូច្នេះ អ្នកសិល្បៈ​កុំ​រើសអើង គាត់​ធ្វើ​អ្វី នរណា​ទៅ​ចង់​កើត​ជំងឺ ឱកាសនិយម ដែល​សង្គម​ខ្លាចរ​អាល​នោះ ។​
​នៅ​ថ្ងៃនេះ​ដែរ អ៊ឹម ជីវ៉ា បាន​សរសេរ​បញ្ជាក់​ជា​ថ្មី​នៅ​លើ​ហ្វេ​សប៊ុក​ថា “​សិល្បករ សិល្បការ​នី​ល្បីៗ​ចំនួន​៥០​នាក់​ដូចជា​: នាយ​កុយ នាយ​ក្រឹម កញ្ញា​ប្រលិត នាយ​សាន​ម៉ៅ កញ្ញា​ប្រិមប្រិយ នាយ​ក្រិន អ្នកនាង​កា​តុ ,​ណ​យ សំណាង ,​ថន លក្ខិណា ,​គង់ វង្ស​យ៉ា​ទី ,​កុល ដាវី​, លី​ចាន់​សីហា​, សូ​ដា​នី​តា , យូ ឌី​ស្កូ​, ចាន់​តារ​ទី​, ប៉ែន​សុ​ផានី​,​ម៉ា​រ៉ា បុ​ណ្ណា​, សុខ​រក្សារ​, ពៅ លីដា​,​ស៊ុន ណា​រី​ម៉ូ​នី​ការ​, ណូ ម័​រ​.​លី​ហួរ , វី​ស្សារ .​ប៊ុននាង​.​ល​.​និង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​និង​ចូលរួម​កម្មវិធី ” ពិធី​សំណេះសំណាល និង​ពិសា​របាយ​សាមគ្គី​ជាមួយ​សិល្បករ​” ក្រោម​អធិបតិដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ពត៌មាន កម្មវិធី​នេះ​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​កុម្ភះ ឆ្នាំ​២០១៥ វេលារ​ម៉ោង ៩:00​ព្រឹក​តទៅ​! កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង :
១:​ជួយ​លើកស្ទួយ​អភិរក្ស​វិស័យ​វប្បធម៌​ខ្មែរ​,
២:​ផ្តល់​កម្លាំង​ទឹកចិត្ត​ចំពោះ​អ្នកសិល្ប​ដែល​កំពុង​មាន​ជំងឺ​និង​ជួប​ការខ្វះខាត ,
៣:​ធ្វើ​អោយ​សិល្បករ​ចេះ​ស្រលាញ់​រួបរួមសាមគ្គី​គ្នា​,
៤: ធ្វើ​អោយ​សិល្បករ​ត្រូវ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​, .​ល​. ។
​ចំពោះ​កម្មវិធី​នេះ​ក៏​មាន​ការ​ផ្តល់​នៅ អំណោយ​និង​ថវិការ​មួយចំនួន ជូន​ដល់​អ្នកនាង អ៊ុំ គន្ធា​រ តារាចំរៀង ដែល​កំពុង​កើត​មេរោគ​អេដស៍​ផងដែរ​! ចំពោះ​សិល្បក​ដែល​ចូលរួម ចង់​ផ្តល់​អំណោយ​ដល់​អ្នកនាង​អ៊ុំ​គន្ធា​រ សូម​ត្រៀម​នៅ​អំណោយ​និង​ថវិការ​ជូន​គាត់​ដោយ​ផ្ទាល់​ដៃ​។ សង្ឃឹមថា​សិល្បករ​ទាំងអស់​និង​ផ្តល់​ក្តីស្រលាញ់​និង​កាចេះ​ចែ​កំលែក​ចំពោះ​សិល្បករ​ដូចគ្នា​! ពត៌មាន​លំអិត​សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​: 069 66 06 91 ដោយ​ក្តី​គោរព​អំពី​ខ្ញុំបាទ​: អ៊ឹម ជីវ៉ា​”​។​
​រំឭក​ឡើងវិញ​ថា អ៊ុំ គន្ធា មានកូន ពីរ​នាក់ ជាមួយនឹង​អតីត​ប្តី​របស់​នាង លោក ផាន សុផាត ដោយ​ក្នុង​ចំណោម​កូន​នាង​ទាំងពីរ មាន​តែ​ម្នាក់​គត់ ដែល​ឆ្លង​ជំងឺអេដស៍​ពី​នាង ៕

មតិយោបល់