ព័ត៌មានជាតិ

ទាញ​ដំបង​វ៉ៃ​មនុស្ស​ពេញ​ភូមិ​ខឹង​បាត់​លី​អូ​និង​អាវទ្រនាប់​ប្រពន្ធ

​បាត់ដំបង​: មន្ត្រី​ប៉េអឹម​មួយរូប​ដែល​មាន​លក្ខណ​:​ស្រវឹង​ជោកជាំ​បាន​ទាញ​ដំបង​ដើរ​វ៉ៃ​មនុស្ស​ប្រមាណ​ជាង​ដប់​នាក់​ទោះបីជា​អ្នក​ទាំងនោះ​មាន​ផ្ទៃពោះ​ឬក៏​ជា​កុមារ​ទើបតែ​មាន​អាយុ​ជាង​មួយ​ឆ្នាំ​ក៏​ដោយ​គឺ​គេ​បាន​ប្រព្រឹត្តឡើង​ទាំង​កំរោល​កាលពី​ថ្ងៃ​ទី 14-2-15 វេលា​ម៉ោង​ប្រមាណ 2 រសៀល ត្រង់​ចំនុច​សំណង់​អនាធិបតេយ្យ​ក្នុង​ស្ថានីយ៍​រថភ្លើង​(​រ៉ា​ជង្រុក​) ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​បន្ទាប់​ពី​មន្ត្រី​ប៉េអឹម​រូបនេះ​ខឹង​បាត់​ខោ​លី​អូ​និង​អាវទ្រនាប់​របស់​ប្រពន្ធ​ដែល​ហាល​នៅ​ខាងក្រៅ​ផ្ទះ​។ ក្នុង​ស្ថានីយ៍​រថភ្លើង មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​មក​ចោមរោម ព្រមទាំង​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ​គឺ​ពួកគេ​ទាំងអស់​គ្នា​កំពុង​អង្គុយ​លេង​ដោយ​មិន​បាន​ដឹង​ខ្លួន​អ្វី​ទាំងអស់ រំពេច​នោះ​ស្រាប់តែ​មាន​មន្ត្រី​ប៉េអឹម​ខេត្ត​មួយ​រូប​ឈ្មោះ ម៉ន ហៅ​ប្រុស ជា​មន្ត្រី​ប​ប៉េអឹម​ខេត្ត នៅក្នុង​មន្ទីរ​ស្រាវជ្រាវ ដោយ​មាន​ផ្ទះជួល​នៅ​ខាងក្រោយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​តែ​ម្តង​ព្រមទាំង​មាន​ចំងាយ​ពី​ស្ថានីយ៍​រថភ្លើង​ប្រហែល 150 ម៉ែត្រ និង​បក្ខពួក​ម្នាក់​ទៀត ដែល​មាន​លក្ខណ​:​ស្រវឹង​ផង​នោះ​បាន​ជិះ​ម៉ូតូ​ចូលមកក្នុង​ស្ថានីយ៍​រថភ្លើង​ដោយ​មិន​បាន​និយាយស្តី​ឬ​សួរនាំ​អ្វី​ឡើយ​គឺ​គេ​បាន​ទាញ​ដំបង​ប្រវែង​ជាង​មួយ​ម៉ែត្រ​មក​ដេញ​វ៉ៃ​មនុស្ស​មិន​ថា​ក្មេង​ឬ​ចាស់​ឡើយ ដែល​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ក្នុង​ចំណោម​មនុស្ស​ប្រមាណ​ជាង 10 នាក់​គឺ​មាន​កុមារ តូចៗ​ដែល​មាន​អាយុ​ជាង​មួយ​ឆ្នាំ និង​នារី​ដែល​មាន​ផ្ទៃពោះ​ជាង​ពីរ​ខែ​ម្នាក់​ផង​។​

​ប្អូនប្រុស ផល សា​វ័ន្ត អាយុ 19 ឆ្នាំ ដែល​ជា​ជនរងគ្រោះ​ដែរ​នោះ​បាន​រៀបរាប់​ថា ពេលដែល លោក​ប៉េអឹម​នោះ​មក​ដល់​បាន​វាយ​មកលើ​ខ្លួន​ទាំង​មិន​ដឹង​រឿង​អ្វី​ទាំងអស់​គឺ​ត្រូវ​យ៉ាងដំណំ ដោយ​ឃើញ​ហេតុ​ការ​បែប​នេះ​ប្រពន្ធ​របស់​ខ្លួន​ដែល​មានឈ្មោះ ផល អ៊ី អាយុ 17 ឆ្នាំ​ដែល​នាង​មាន​ផ្ទៃពោះ​ជាង​ពីរ​ខែ​ផង​នោះ​បាន​ស្ទុះ​មក​ជួយ និង​សុំ​អង្វរ​កុំអោយ​គេ​វាយ​តទៅទៀត តែ​ត្រូវ​លោក​ប៉េអឹម​រូប​នោះ​វាយ​ត្រូវ​មួយ​ដំបង​កណ្តាល​ក្បាល ហើយ​លើកជើង​អុក​មួយ​ជង្គង់​ថែម​ទៀត​ចំ​ដើមទ្រូង​បណ្តាលអោយ​ដួល​សន្លប់​បាត់មាត់ឈឹង​តែម្តង រួច​ទើប​គេ​ដើរ​ទៅ​វាយ​អ្នក​ដទៃ​ទៀត​ដែល​ក្នុងនោះ​គេ​បាន​វាយ​ចំ​ជើង​ក្មេង​ដែល​មាន​អាយុ​ជាង​មួយ​ឆ្នាំ​ឡើង​ជាំ​ព្រមទាំង​បាន​ចាប់ជើង​ទាំង​ពីរ​បំរុង​បោក​ទៅ​នឹង​ដី​ថែមទៀត ប៉ុន្តែ​ត្រូវបាន​ម្តាយ​លើកដៃ​សំពះអង្វរ​កុំ​អោយ​ធ្វើបាប​កូន​ដែល​នៅ​តូច​មិនទាន់​ដឹង​ខ្យល់​អ្វី​សោះ​នោះ​ទើប​ជន​កំណាច​នេះ​ទាត់​ទៅលើ​ម្តាយ​វិញ​បណ្តាលអោយ​ដួល​ទៅ​នឹង​ដី ។​

នៅក្នុង​រយ​:​ពេល​ជិត​មួយ​ម៉ោង​ដែល​មន្ត្រី​ប៉េអឹម​រូបនេះ​បាន​ធ្វើ​សកម្មភាព​វាយ​មនុស្ស​ពេញ​ភូមិ​ដោយ​គេ​បាន​ឈរ​ស្រែក​ថា​អាណា​មិន​សុខចិត្ត ចង់​ប្តឹង​អញ្ជើញ​តាមចិត្ត ហើយ​ពួក​អ្ហែង​ទាំងអស់គ្នា​ប្រយ័ត្ន​អញ​យក​ឡាន​មក​ដឹកយក​ទៅ​ទាំងអស់ ដោយសារ​តែ​ពួក​អ្ហែង​នេះ​ដើរ​រើស​អេតចាយ ហើយ​ហ៊ាន​លួច​ខោ​អាវ​របស់​គេ​ទៀត ព្រោះ​ថ្មីៗ​នេះ​ប្រពន្ធ​របស់​អញ​បាន​បាត់​ខោ​លី​អូ​និង​អាវទ្រនាប់​ដែល​ដាក់​ហាល​នៅ​ខាងក្រៅ​ផ្ទះ​គឺ​គ្មាន​អាណា​លួច​ក្រៅ​ពី​ពួក​អ្ហែង​ហ្នឹង​ទេ ។ បញ្ហា​នេះ​ដែរ​ក៏​មាន​ការរិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​ជាច្រើន​ដែល​គេ​បាន​ចោទសួរ​ថា ក្នុងនាម​ជា មន្ត្រី​ប៉េអឹម​មួយរូប​ដែល​ជា​អ្នក​កាន់​ច្បាប់ ហើយ​ហ៊ាន​ដើរ​ចោទ​គេ​ចោទ​ឯង​ដោយ​គ្មាន​ភស្តុតាង​បែបនេះ​តើ​ត្រឹមត្រូវ​ដែរឬទេ​? មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ដើរ​វ៉ៃ​មនុស្ស​ទាំង​តូច​ទាំង​ធំ​គ្មាន​ការសួរនាំ​អោយបាន​ច្បាស់លាស់​ទាល់តែសោះ ។ បច្ចុប្បន្ន​មនុស្ស​មួយចំនួន​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយឡែក​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ត្រូវបាន​លោក​វេជ្ជ​:​បណ្ឌិត លី ឡូត ប្រចាំ​នៅ​មន្ទីរ​ពហុ​ព្យាបាល វិសាល​សុខ​បាត់ដំបង​ធ្វើការ បំភ្លឺ​ថា​ជា​សំណាង​ល្អ​ដែល​កូន​នៅ​ក្នុង​ផ្ទៃ​មិនមាន​ការប៉ះពាល់​ព្រោះ​ក្រោយពី​មាន​ការឆ្លុះ​អេកូ​ត្រួតពិនិត្យ​ឃើញថា​បេះដូង​របស់​ទារ​កមាន​ចង្វា​ក់ 160 ក្នុង​មួយ​នាទី​ជា​ធម្មតា​ដោយ​ប៉ះពាល​តែ​លើ​រាងកាយ​របស់​ម្តាយ​តែ​ប៉ុណ្ណោះ ហើយ​នាង​ក៏​មិន​បាន​ទាមទារ​អ្វី​អោយ​ធ្ងន់ធ្ងរ​ដែរ​ដោយ​គ្រាន់តែ​អោយ​ជនបង្ក​ជួយ​ចេញថ្លៃ​ព្យាបាល​ទៅ​បាន​ហើយ នេះ​ជា​សំដី​ដែល​នាង​បាន​និយាយ​នៅពេលដែល​មាន​សមត្ថកិច្ច​ប៉ូលីស​ចុះទៅ​សាកសួរ​ព័ត៌មាន​ដល់​មន្ទីរពេទ្យ​កាលពី​ល្ងាច​ថ្ងៃ​ទី 14​កុម្ភ​: ។​ក្រោយពី​មាន​មន្ត្រី​ប៉េអឹម​ដទៃ​ទៀត​ចុះ​មក​នាំ​ខ្លួន​ចូល​ទៅក្នុង​បន្ទាយ​វា​ហាក់បីដូចជា​នាំ​យក​ចេញពី​កន្លែងកើតហេតុ​ដើម្បី​អោយ​ផុត​ពី​ការចោទប្រកាន់​តែ​ប៉ុណ្ណោះ​ដោយ​ពុំ​បាន​ដាក់​ទោសទណ្ឌ​អ្វី​ទៅ​លើ​បុគ្គល​នេះ​ឡើយ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា​តើ​រឿង​នេះ​លោក​ព្រះរាជអាជ្ញា​បាន​ជ្រាប​ដែរ​ឬ​អត់​នោះ​ទេ​បើ​លោក​បាន​ជ្រាប​គួរ​ណាស់​តែ​បញ្ជា អោយ​សមត្ថកិច្ច​នាំ​ខ្លួន​ជន​នេះ​ចូល​ទៅ​បំភ្លឺ​តាម​ផ្លូវច្បាប់​ទើប​ពិតជា​ត្រឹមត្រូវ និង​ជា​អ្នក​កាន់​យុត្តិធ៌ម​យ៉ាង​ពិតប្រាក​ដ ៕​
image28

មតិយោបល់