ព័ត៌មានជាតិ

​កូ​ឡុំ​ប៊ី​៖ ការ​បិទផ្លូវ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​ ដែល​បណ្តាល​ឲ្យ​មានការ​ខ្វះខាត​ស្បៀងអាហារ​ និង​ប្រេងសាំង​ និង​រាំងស្ទះ​ការ​នាំ​ចេញ

(Reuter)​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ មានការ​បិទផ្លូវ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​ ដែល​បណ្តាល​ឲ្យ​មានការ​ខ្វះខាត​ស្បៀងអាហារ​ និង​ប្រេងសាំង​ និង​រាំងស្ទះ​ការ​នាំ​ចេញ​ដែល​កំពុង​កើត​មាននៅ​ទូ​ទាំង​ប្រទេស​ ទោះបីជា​មាន​បទបញ្ជា​ថ្មីៗ​ពី​ប្រធានាធិបតី​ឱ្យ​ធ្វើការ​បើកផ្លូវ​វិញ​ក៏​ដោយ​ ។​

​ការ​បិទផ្លូវ​ទាំងនោះ​ត្រូវ​បាន​ធ្វើ​ដោយ​ក្រុម​អ្នក​តវ៉ា​ក្នុង​តំបន់​ដែល​អំពាវនាវ​ឲ្យ​មានការ​កែទម្រង់​គោលនយោបាយ​ ការ​ធ្វើ​កូដកម្ម​អ្នក​បើករថយន្ត​ដឹក​ទំនិញ​ និង​អ្នក​ដទៃ​ទៀត​។​ រដ្ឋាភិបាល​និយាយ​ថា​ការ​កាត់​ផ្តាច់​ប្រជាជន​ចេញពី​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​គឺជា​ បទល្មើស​។​

​កាលពីដើម​ស​ប្តា​ហ៍​នេះ​ លោក​ប្រធានាធិបតី​ Ivan​ Duque​ បាន​បញ្ជា​ឲ្យ​កងកម្លាំង​សន្ដិសុខ​ដក​របាំង​ចេញ​ ប៉ុន្តែ​នគរបាល​ជាតិ​បាន​និយាយ​ថា​ នៅ​ពេល​រសៀល​នោះ​មាន​បាតុកម្ម​ចំនួន​ ៦២​ កំពុង​កើតឡើង​ និង​មានការ​បិទផ្លូវ​ចំនួន​ ៤៣​ ខ្សែ​ នៅ​ក្នុង​ខេត្ត​ចំនួន​ ១៧​ នៃ​ខេត្ត​សរុប​ទាំង​ ៣២​ របស់​ប្រទេស​កូ​ឡុំ​ប៊ី​។​​ ​ផ្លូវ​ដែល​ត្រូវ​បាន​បិទ​ភាគច្រើន​គឺ​ នៅ​ភាគ​និរតី​នៃ​ខេត្ត​ Huila,​ Valle​ del​ Cauca​ និង​ Cauca​ ។​

​ការ​ធ្វើ​បាតុកម្ម​ដែល​ពេល​ខ្លះ​អាច​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​នេះ​ ត្រូវ​បាន​ចាប់ផ្តើម​កាលពី​ចុង​ខែមេសា​មិន​ត្រឹមតែ​ដើម្បី​ប្រឆាំង​នឹង​ផែនការ​តម្លើង​ពន្ធ​ដែល​ទើបតែ​លុប​ចោល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បាន​ពង្រីក​ការ​ទាមទារ​បន្ថែម​ដូច​ជា​ ការ​បញ្ចប់​អំពើ​ហិង្សា​របស់​នគរបាល​ ឱកាស​សម្រាប់​យុវជន​ និង​ប្រាក់​ចំណូល​មូលដ្ឋាន​ផង​ដែរ​។​

​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​ ក្រុម​អ្នក​តាក់តែង​ច្បាប់​បាន​ផ្អាក​កំណែទម្រង់​វិស័យ​សុខាភិបាល​ដែល​ត្រូវ​បាន​ជំទាស់​ដោយ​បាតុកម្ម​ជា​ច្រើន​នៅ​តាម​ដងផ្លូវ​។​

​យោង​តាម​ឯកសារ​របស់​ក្រសួងការពារជាតិ​ដែល​រ៉​យ​ទ័​រ​ទទួល​បាន​ បង្ហាញ​ថា​ មាន​យ៉ាង​ហោច​ណាស់​ផ្លូវ​ចំនួន​ ២,០៨៤​ខ្សែរ​ ត្រូវ​បាន​បិទ​ ការ​ដើរ​ក្បួន​តវ៉ា​ចំនួន​ ១,៧៨១​ លើក​ និង​ បាតុកម្ម​ចំនួន​ ៤.២២៣​ លើក​ បាន​កើត​មាន​ចាប់តាំងពី​ការ​ចាប់ផ្តើម​តវ៉ា​នេះ​ ៕

 

មតិយោបល់