ចិន៖ កំពូលតារាសម្ដែងក្បាច់គុនចិន លោក ឈិន ឡុង (Jackie Chan) ថ្មីៗនេះ បានបង្ហោះ រូបភាព ២សន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមចិន Weibo ដោយនៅក្នុងរូបភាពនោះ គឺលោកបានកាត់សក់ឲ្យកូនប្រុស Jaycee Chan ដែលទើបចេញពីគុក។
នៅក្នុងរូបភាព បានបង្ហាញពីសកម្មភាពលោក ឈិន ឡុង កំពុងកាត់សក់ឲ្យកូនប្រុស ក្នុងទឹកមុខញញឹម ហាក់មានសេចក្ដីសុខបំផុត។ នៅមុននេះ ឈិន ឡុង បានប្រកាសថា លោកមានមោទនាភាពណាស់ នៅពេលដែលកូនប្រុសលោកបានចេញពីគុកវិញ ហើយលោកនឹងធ្វើជាឪពុកដ៏ល្អបំផុតតាមតែអាចធ្វើទៅបាន និងមិនធ្វើឲ្យមានកំហុសដូចមុនឡើយ។
គួរបញ្ជាក់ផងដែរថា កូនប្រុស ឈិន ឡុង ត្រូវបានឃាត់ខ្លួនកាលពីខែសីហានៅក្នុងគេហដ្ឋានផ្ទាល់ ជាមួយនឹងថ្នាំញៀន ហើយត្រូវបានតុលាការកាត់ទោសឲ្យចាប់គុក ៦ខែ និងពិន័យជាប្រាក់ជាង ៣០០ដុល្លារអាមេរិក ពីបទប្រើប្រាស់ថ្នាំញៀន ហើយទើបតែចេញពីគុកវិញនៅមុនថ្ងៃបុណ្យនៃក្ដីស្រឡាញ់៕
មតិយោបល់