សៀមរាប ៖គួររំលឹកដែរថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារសិក្សា១ខ្នង ស្មើនឹង៤បន្ទប់ ដែលជាអំណោយរបស់សប្បុរសជនជប៉ុន ។ វត្តមានសំណង់អាគារសិក្សាមួយខ្នងនោះ ត្រូវបានផ្តល់លទ្ធភាពឲ្យឃុំកែវពណ៌ បង្កើតបានជាអនុវិទ្យាល័យ១កន្លែង បំរើឲ្យការសិក្សារបស់ក្មួយៗសិស្សានុសិស្ស ស្របតាមអានុសាសន៍ដ៏ខ្ពង់ខ្ពស់ នៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ( ឃុំមួយ ត្រូវតែមានអនុវិទ្យាល័យមួយកន្លែង ) ដើម្បីផ្តល់ឲ្យនូវសិទ្ធិជាទូទៅដល់កុមារកម្ពុជា បានទទួលនូវការសិក្សាប្រកបដោយសមធម៌ ។
អនុវិទ្យាល័យ ដែលបានបង្កើតឡើង ក្រោមការជួយឧបត្ថម្ភពីសប្បុរសជនជប៉ុននោះ ត្រូវាបានប្រសិទ្ធិនាមថា អនុវិទ្យាល័យ កែវពណ៌-មុច្ចាគី ។ គេនៅចាំបានថា អនុវិទ្យាល័យ កែវពណ៌- មុច្ចាគី ដែលស្ថិតនៅទីជនបទ ជាប់តំបន់បឹងទន្លេសាបនោះ មានរូបរាងឡើងក្រោមកិច្ចទំនាក់ទំនង រវាងលោក ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ជាមួយព្រះតេជគុណ ស៊ឺកាដា ម៉ឺតណេអូ ព្រះចៅអធិការនៃព្រះវិហារ ស្យូហ្វូគុយិ ។
ថ្មីៗនេះ ក្នុងឱកាសដែលព្រះតេជគុណ ស៊ឺកាដា បំពេញការងារសប្បុរសធម៌ ដោយនាំមកនូវការសម្ពោធអាគារសិក្សាមួយខ្នងថ្មីទៀតនៅក្នុងឃុំកែវពណ៌ សម្រាប់ជាចំណងដៃឆ្នាំថ្មី ឆ្នាំ២០១៥នេះ ព្រះតេជគុណ រួមទាំងមានវត្តមានបុគ្គលិកអង្គទូតជប៉ុនប្រចាំនៅកម្ពុជា ផងនោះ បានចុះទៅដល់សាលាអនុវិទ្យាល័យ កែវពណ៌-មុច្ចាគី ជាថ្មីម្តងទៀត ក្រោមការជូនដំណើរដោយ ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ។
លោកសៀង ណាំ បានឲ្យដឹងថា នេះគឺជាដំណើរចុះពិនិត្យមើលស្ថានភាពនៃកិច្ចដំណើរការរបស់អនុវិទ្យាល័យ កែវពណ៌-មុច្ចាគី និងសិក្សាអំពីស្ថានភាពរៀនសូត្ររបស់ក្មួយៗផងដែរ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់មាតាបិតាសិស្ស ដែលសំណូមពរ សុំឲ្យព្រះតេជគុណ ស៊ឺកាដា ជួយស្វែងរកសប្យុរសជនជប៉ុន កសាងបន្ថែម អាគារសិក្សាមួយខ្នងទៀត ដល់អនុវិទ្យាល័យ កែវពណ៌-មុច្ចាគី ។ លោកនាយកសាលាអនុវិទ្យាល័យ កែវពណ៌-មុច្ចាគី បានបញ្ជាក់ថា វាពិតជាមានការខ្វះខាតប្រាកដមែន ដែលអនុវិទ្យាល័យមួយនេះ ពុំអាចទទួលយកសិស្សបាន តាមតម្រូវការនៃចំនួនសិស្សនៅក្នុងសហគមន៍ឃុំកែវពណ៌ ជាហេតុធ្វើឲ្យសិស្សមួយចំនួន ត្រូវបានធ្វើដំណើរឆ្ងាយទៅកាន់ទីរួមស្រុកពួក ដើម្បីការរៀនសូត្ររបស់ពួកគេ ហើយអ្វីដែលជាវិបត្តិនោះ គឺការដោះស្រាយមិនបានស្មើភាពគ្នា នៃការបានចូលរៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋ ។ លោកនាយកសាលាអនុវិទ្យាល័យ កែវពណ៌-មុច្ចាគី បានបន្តថា ជាមួយនឹងសំណើសុំអាគារសិក្សាបន្ថែមមួយខ្នងនេះ ប្រជាពលរដ្ឋក្នុងសហគមន៍ បានត្រៀមរួចជាស្រេចហើយ ផ្ទៃដីសម្រាប់ការសាងសង់អាគារសិក្សាថ្មីបន្ថែមនោះ ។
ព្រះតេជគុណ ស៊ីកាដា បាននាំយកមកនូវលទ្ធផលជាវិជ្ជមាននៃសំណើរនោះ ។ ព្រះតេជគុណ បានបង្ហាញឲ្យដឹងថា ដោយមានវត្តមានបុគ្គលិកតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជាមកជាមួយផង សំណើរនោះត្រូវបានដោះស្រាយដោយការប្រើប្រាស់ថវិការបស់រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេសជប៉ុន ក្នុងគម្រោងទឹកប្រាក់ ៤៥ ០០០ដុល្លាអាមេរិក សម្រាប់ការសាងសង់អាគារសិក្សាមួយខ្នង ស្មើនឹង ៥ បន្ទប់ ៕
មតិយោបល់