សៀមរាប៖ ដោយទទួលបាននូវគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានអនុញ្ញាតិឲ្យនាយកដ្ឋានអាកាសចរណ៍ស៊ីវិល រៀបចំបើកវគ្គបណ្តុះបណ្តាល អធិការកិច្ចសន្តិសុខអាកាស-ចរណ៍ជាតិ ដែលវគ្គបណ្តុះបណ្តាលនេះ បានដំណើរការក្រោមការផ្តល់កិច្ចសហការ ដោយកម្មវិធី កិច្ចសហ-ប្រតិបត្តិការសន្តិសុខអាកាសចរណ៍ ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ កិច្ចដំណើការរបស់វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រើប្រាស់អស់រយៈពេល៨ថ្ងៃនៅក្រុងសៀមរាប ដោយចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ ក្រោមការចូលរួមទទួលយកការបណ្តុះបណ្តាលនេះ ពីសំណាក់មន្ត្រីប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិនានាចំនួន ៧ប្រទេស រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា បង់ក្លាដែស ប៉ូតាន់ ណេប៉ាល់ និង ប្រទេស សាឡាម៉ុនហៃឡេន ។
លោកម៉ៅ ហាវណ្ណាល់ រដ្ឋលេខានៃរដ្ឋលេខាធិកាដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានផ្តល់កិត្តិយស ចូលរួមថ្លែងសន្ទរកថា បិទវគ្គបណ្តុះបណ្តាលនេះ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសណ្ឋាគារ Paradise ក្រុងសៀមរាប ។ វគ្គបណ្តុះបណ្តាលនេះ បានបង្ហាញជាសំខាន់ទៅលើនីតិវិធីធ្វើអធិការកិច្ចសន្តិសុខ បច្ចេកទេសអធិការកិច្ច ការរៀបចំបទដ្ឋាននានាមុនពេលធ្វើអធិការកិច្ច ការរៀបចំប្រព័ន្ធធ្វើតេសសន្តិសុខអាកាសចរ ការស៊ឺបអង្កេតឧបទ្ទវហេតុសន្តិសុខ ព្រមជាមួយនឹងការហ្វឹកហាត់ អនុវត្តជាក់ស្តែង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ផងដែរ ។
បន្ថែមពីលើការរៀបចំវគ្គបណ្តុះបណ្តាលនេះ ជាកាតព្វកិច្ច ! រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានរៀបចំចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម ដែលទទួលបានចំណាត់ថ្នាក់ល្អ ដើម្បីសម្គាល់ថាជាមន្ត្រីអធិការកិច្ចសន្តិសុខអាកាសចរណ៍ពេញសិទ្ធិ នឹងអាចបំពេញបេសកម្ម ចុះធ្វើអធិការកិច្ចសន្តិសុខអាកាសចរណ៍ ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ។
លោកម៉ៅ ហាវណ្ណាល់ ថ្លែងក្នុងឱកាសបិទវគ្គនោះថា ៖ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាគឺពិតជាមានមោទនភាពខ្លាំងណាស់ សម្រាប់ការរៀបចំឲ្យមានដំណើរការដ៏ល្អប្រសើរ នៃវគ្គបណ្តុះបណ្តាលអធិការកិច្ចសន្តិសុខអាកាសចរណ៍ជាតិដ៏មានសារសំខាន់នេះ ។ ឯកឧត្តម បានបន្តថា ៖ រយៈពេល៨ថ្ងៃកន្លងមកនេះ វាពិតជាឱកាសដ៏មានតម្លៃ ដើម្បីសិក្ខាកាមបានទទួលចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលគ្រូឧទ្ទេសនាមបានចែករំលែកជូន ហើយក៏ជាមោទនភាពផងដែរ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានរួមចំណែកផ្តល់ទីតាំងហាត់រៀន ដកស្រង់បទពិសោធន៍ជាក់ស្តែង ដើម្បីពង្រឹងគុណភាពប្រតិបត្តិការនៅតាមអាកាសយានដ្ឋាន នៃបណ្តាប្រទេសរៀងៗខ្លួន ក្នុងការពិនិត្យមើល និង ចាត់វិធានការ ទប់ស្កាត់រាល់បាតុភាពប៉ុនប៉ងគំរាមកំហែងសន្តិសុខ ក្នុងប្រការណាមួយនោះ ប្រកបដោយជោគជ័យ ៕
មតិយោបល់