កណ្តាលៈ ក្រុមចោរលួចម៉ូតូយ៉ាងសកម្មចំនួន៤នាក់ បានត្រូវសមត្ថកិច្ចនគរបាលស្រុកស្អាង ដឹកនាំដោយលោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌធ្វើការតាមប្រមាញ់ក្រុមចោរលួចម៉ូតូបាន២នាក់ ២នាក់ទៀតរត់រួច។
ហេតុការណ៍នេះនៅថ្ងៃ៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅចំណុចភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឡូ ភាស់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យចំនួន៤នាក់ទី១-ឈ្មោះ ហុង រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាមេខ្លោង(គេចខ្លួន)។
២-ឈ្មោះ អឿន រ៉ៃ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន) ។
៣- ឈ្មោះ ស៊ីន សម្ភស្ស ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ មានទីលំនៅភូមិលេខ៥ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។(ឃាត់ខ្លួន)
៤- ឈ្មោះ អ៊ឹម គ្រួយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ត កណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក ម៉ូតូឌ្រីម សេ១២៥ ឆ្នាំ២០១៧ ពាក់ស្លាកលេខកណ្តាល1U- 3071 លេខតួ និងលេខម៉ាស៊ីន 9742853។
លោកអធិការបញ្ជាក់ថា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ឈ្មោះហុង រដ្ឋា បានទូរសព្ទទៅ ឈ្មោះ ស៊ីន សម្ភស្ស ឲ្យទៅជួបឈ្មោះ អឿន រ៉ៃ នៅឃុំតាលន់ ដើម្បីទៅយកម៉ូតូ។ លុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ឈ្មោះ ស៊ីន សម្ភស្ស បានជិះម៉ូតូឌុបទៅជួបឈ្មោះអឿន រ៉ៃ ហើយឈ្មោះអឿន រ៉ៃ បានឲ្យកូនសោម៉ូតូមួយ ទៅឈ្មោះ ស៊ីន សម្ភស្ស ដោយប្រាប់ថា ហ្អែងទៅយកម៉ូតូ ០១៧ ស្លាកលេខកន្ទុយ 71 ចតនៅមុខផ្ទះគេ ភូមិបឹងខ្ពប។ បន្ទាប់មកឈ្មោះ ស៊ីន សម្ភស្ស ក៏បានទៅយកម៉ូតូនោះជិះចេញទៅហើតយកទៅផ្ញើឈ្មោះអ៊ឹម គ្រួយ គឺទុកនៅផ្ទះឪពុករបស់ឈ្មោះអ៊ឹម គ្រួយ ដោយប្រាប់ថាម៉ូតូគេដាក់បញ្ចាំ ២០០ដុលា្លរ រួចឈ្មោះស៊ីន សម្ភស្ស ក៏ត្រឡប់មកផ្ទះវិញ។ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ឈ្មោះ អ៊ឹម គ្រួយ និងឈ្មោះ ដា បាននាំគ្នាដោះបំបែកគ្រឿង និងស្លាកលេខម៉ូតូចេញ ពេលនោះបងស្រីបង្កើតរបស់ឈ្មោះ អ៊ឹម គ្រួយ បានហៅទូរសព្ទរាយការណ៍ទៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលឈើទាល។
បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏បានចេញប្រតិបត្តិការឃាត់ខ្លួនឈ្មោះ ស៊ីន សម្ភស្ស និង ឈ្មោះ អ៉ឹម គ្រួយ មកកាន់ប៉ុស្តិ៍រដ្ឋបាលឈើទាល រួចប្រគល់ឲ្យមកសមត្ថកិច្ចនគរបាលស្រុកស្អាង ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់